គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 23:2-19 Khmer Standard Version (KHSV)

2. កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​មនុស្ស​ភាគ​ច្រើន ដើម្បី​សម្រេច​ការ​អាក្រក់​ឡើយ កុំ​ទុក​ឲ្យ​មនុស្ស​ភាគ​ច្រើន​ទាក់‌ទាញ​អ្នក​ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ បង្វែរ​យុត្តិធម៌​ឲ្យ​សោះ។

3. នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​យោគ‌យល់​ដល់​អ្នក​ណា​ទាំង​អស់ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រីក្រ​ក៏​ដោយ។

4. ប្រសិន​បើ​អ្នក​ប្រទះ​ឃើញ​គោ ឬ​លា​របស់​សត្រូវ​វង្វេង នោះ​ត្រូវ​តែ​នាំ​វា​ទៅ​ឲ្យ​ម្ចាស់​វា​វិញ។

5. បើ​អ្នក​ឃើញ​លា​របស់​ជន​ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល ព្រោះ​តែ​ផ្ទុក​ធ្ងន់​ពេក នោះ​មិន​ត្រូវ​ធ្វើ​ព្រងើយ​ទេ គឺ​ត្រូវ​តែ​ជួយ​គេ​រៀបចំ​ឥវ៉ាន់​នៅ​លើ​សត្វ​នោះ​ផង។

6. នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​ក្រីក្រ​ឡើយ។

7. កុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ចោទ​ប្រកាន់​មិន​ពិត ហើយ​ក៏​មិន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ និង​ជន​សុចរិត​ដែរ ដ្បិត​យើង​មិន​ចាត់​ទុក​មនុស្ស​អាក្រក់ ថា​ជា​មនុស្ស​សុចរិត​ឡើយ។

8. កុំ​ទទួល​សំណូក ដ្បិត​សំណូក​រមែង​ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ​ទៅ​ជា​ខ្វាក់ ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​ចាញ់​ក្ដី។

9. កុំ​សង្កត់‌សង្កិន​ជន​បរទេស​ឡើយ អ្នក​រាល់​គ្នា​ធ្លាប់​ស្គាល់​ការ​រស់​នៅ​ជា​ជន​បរទេស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស ក្នុង​ស្រុក​អេស៊ីប​ដែរ។

10. ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក​បាន។

11. ប៉ុន្តែ នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​ត្រូវ​ទុក​ដី​នៅ​ទំនេរ ដើម្បី​ឲ្យ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក អាច​រក​អាហារ​ពី​ដី​ទាំង​នោះ ហើយ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេស‌សល់។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​របស់​អ្នក​ដែរ។

12. ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​អាច​ធ្វើ​ការ‌ងារ​របស់​អ្នក​បាន ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ អ្នក​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ* ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​ខ្ញុំ​បម្រើ និង​ជន​បរទេស​បាន​សម្រាក​ដែរ។

13. ចូរ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​បន់‌ស្រន់​ដល់​ព្រះ​ដទៃ​ឡើយ សូម្បី​តែ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ក៏​មិន​ត្រូវ​ឮ​ពី​មាត់​របស់​អ្នក​រាល់​គ្នា​ផង។

14. ក្នុង​មួយ​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​បី​ដង ដើម្បី​គោរព​យើង។

15. ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ គឺ​អ្នក​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​នោះ អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីប។ ក្នុង​ឱកាស​បុណ្យ​នោះ មិន​ត្រូវ​ចូល​មក​រក​យើង ដោយ​ដៃ​ទទេ​ឡើយ។

16. បន្ទាប់​មក អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្រូត នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ច្រូត​កាត់​ផល​ដំបូង​ពី​ស្រែ​ចម្ការ ដែល​អ្នក​បាន​សាប​ព្រោះ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគ‌ផល នៅ​ពេល​អ្នក​បាន​ប្រមូល​ផល​ដំណាំ​របស់​អ្នក​រួច​រាល់​អស់​ហើយ។

17. រៀង​រាល់​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ប្រជា‌ជន ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចំនួន​បី​ដង។

18. មិន​ត្រូវ​យក​នំប៉័ង​មាន​មេ​មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញ‌បូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​ទុក​ខ្លាញ់​នៃ​យញ្ញ‌បូជា រហូត​ដល់​ព្រឹក​ស្អែក​ដែរ។

19. ចូរ​នាំ​យក​ភោគ‌ផល​ដំបូង​បង្អស់ នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ក្នុង​ដំណាក់​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

សូមអានជំពូកពេញលេញ និក្ខមនំ 23