គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 23:17-33 Khmer Standard Version (KHSV)

17. រៀង​រាល់​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ប្រជា‌ជន ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចំនួន​បី​ដង។

18. មិន​ត្រូវ​យក​នំប៉័ង​មាន​មេ​មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញ‌បូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​ទុក​ខ្លាញ់​នៃ​យញ្ញ‌បូជា រហូត​ដល់​ព្រឹក​ស្អែក​ដែរ។

19. ចូរ​នាំ​យក​ភោគ‌ផល​ដំបូង​បង្អស់ នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ក្នុង​ដំណាក់​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

20. យើង​នឹង​ចាត់​ទេវតា*​មួយ​រូប​ឲ្យ​ដើរ​នៅ​មុខ​អ្នក ដើម្បី​ការពារ​អ្នក​នៅ​តាម​ផ្លូវ។ ទេវតា​នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​រៀបចំ​ទុក​សម្រាប់​អ្នក។

21. អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​ទេវតា ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ប្រឆាំង​នឹង​លោក​ឡើយ។ បើ​អ្នក​បះ‌បោរ ទេវតា​មិន​អត់‌ទោស​ឲ្យ​ទេ ដ្បិត​លោក​ជា​តំណាង​របស់​យើង។

22. ប្រសិន​បើ​អ្នក​ស្ដាប់​បង្គាប់​ទេវតា ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក នោះ​យើង​នឹង​ធ្វើ​ជា​សត្រូវ​ប្រឆាំង​នឹង​សត្រូវ​របស់​អ្នក ហើយ​យើង​ក៏​ធ្វើ​ជា​បច្ចា‌មិត្ត​ប្រឆាំង​នឹង​បច្ចា‌មិត្ត​របស់​អ្នក​ដែរ។

23. ទេវតា​របស់​យើង​នឹង​ដើរ​ពី​មុខ​អ្នក ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ យើង​នឹង​បំផ្លាញ​អ្នក​ទាំង​នោះ​ឲ្យ​វិនាស​សូន្យ។

24. នៅ​ពេល​នោះ អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​របស់​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ដែរ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ពួក​គេ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​បំផ្លាញ​ព្រះ​ទាំង​នោះ ព្រម​ទាំង​កម្ទេច​ស្តូប​របស់​គេ​ផង។

25. អ្នក​រាល់​គ្នា​ត្រូវ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាហារ និង​ទឹក។ យើង​នឹង​ការពារ​អ្នក​មិន​ឲ្យ​មាន​ជំងឺ​ឈឺ‌ថ្កាត់​ឡើយ។

26. ក្នុង​ស្រុក​របស់​អ្នក​នឹង​គ្មាន​ស្ត្រី​រលូត​កូន ឬ​ស្ត្រី​អារ​ឡើយ ហើយ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ​ទៀត​ផង។

27. មុន​ពេល​អ្នក​ទៅ​ដល់ យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​ញ័រ​រន្ធត់ យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​អ្នក បាក់​ទ័ព រត់​ប្រាស​អាយុ។

28. យើង​នឹង​ចាត់​សត្វ​ឪម៉ាល់ ឲ្យ​ទៅ​មុន​អ្នក ដើម្បី​ដេញ​កំចាត់​ជន‌ជាតិ​ហេវី ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ហេត ចេញ​ឆ្ងាយ​ពី​អ្នក។

29. យើង​នឹង​មិន​បណ្ដេញ​ពួក​គេ​ឲ្យ​អស់ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ទេ ក្រែង​លោ​ទឹក​ដី​ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​មាន​សត្វ​ព្រៃ​រស់​នៅ​កាន់​តែ​ច្រើន​ឡើងៗ នាំ​តែ​បង្ក​ការ​លំបាក​ដល់​អ្នក។

30. យើង​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក បន្តិច​ម្ដងៗ រហូត​ទាល់​តែ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ល្មម​នឹង​កាន់​កាប់​ទឹក​ដី​នោះ​ជា​កម្មសិទ្ធិ​បាន។

31. យើង​នឹង​កំណត់​ព្រំ‌ប្រទល់​ស្រុក​របស់​អ្នក ដែល​លាត​សន្ធឹង​ពី​សមុទ្រ​កក់ រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ រហូត​ដល់​ទន្លេ​អឺប្រាត។ យើង​នឹង​ប្រគល់​ប្រជា‌ជន​នៅ​តំបន់​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។

32. កុំ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ឬ​ជា​មួយ​ព្រះ​ទាំង‌ឡាយ​របស់​ពួក​គេ​ឡើយ។

33. មិន​ត្រូវ​ទុក​ឲ្យ​ជាតិ​សាសន៍​ទាំង​នោះ រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ឡើយ ក្រែង​លោ​គេ​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង។ បើ​អ្នក​គោរព​បម្រើ​ព្រះ​របស់​ពួក​គេ នោះ​អ្នក​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​គេ​ជា​មិន​ខាន។

សូមអានជំពូកពេញលេញ និក្ខមនំ 23