គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 23:16-23 Khmer Standard Version (KHSV)

16. បន្ទាប់​មក អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្រូត នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ច្រូត​កាត់​ផល​ដំបូង​ពី​ស្រែ​ចម្ការ ដែល​អ្នក​បាន​សាប​ព្រោះ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគ‌ផល នៅ​ពេល​អ្នក​បាន​ប្រមូល​ផល​ដំណាំ​របស់​អ្នក​រួច​រាល់​អស់​ហើយ។

17. រៀង​រាល់​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ប្រជា‌ជន ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចំនួន​បី​ដង។

18. មិន​ត្រូវ​យក​នំប៉័ង​មាន​មេ​មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញ‌បូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​ទុក​ខ្លាញ់​នៃ​យញ្ញ‌បូជា រហូត​ដល់​ព្រឹក​ស្អែក​ដែរ។

19. ចូរ​នាំ​យក​ភោគ‌ផល​ដំបូង​បង្អស់ នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ក្នុង​ដំណាក់​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

20. យើង​នឹង​ចាត់​ទេវតា*​មួយ​រូប​ឲ្យ​ដើរ​នៅ​មុខ​អ្នក ដើម្បី​ការពារ​អ្នក​នៅ​តាម​ផ្លូវ។ ទេវតា​នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​រៀបចំ​ទុក​សម្រាប់​អ្នក។

21. អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​ទេវតា ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ប្រឆាំង​នឹង​លោក​ឡើយ។ បើ​អ្នក​បះ‌បោរ ទេវតា​មិន​អត់‌ទោស​ឲ្យ​ទេ ដ្បិត​លោក​ជា​តំណាង​របស់​យើង។

22. ប្រសិន​បើ​អ្នក​ស្ដាប់​បង្គាប់​ទេវតា ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក នោះ​យើង​នឹង​ធ្វើ​ជា​សត្រូវ​ប្រឆាំង​នឹង​សត្រូវ​របស់​អ្នក ហើយ​យើង​ក៏​ធ្វើ​ជា​បច្ចា‌មិត្ត​ប្រឆាំង​នឹង​បច្ចា‌មិត្ត​របស់​អ្នក​ដែរ។

23. ទេវតា​របស់​យើង​នឹង​ដើរ​ពី​មុខ​អ្នក ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ យើង​នឹង​បំផ្លាញ​អ្នក​ទាំង​នោះ​ឲ្យ​វិនាស​សូន្យ។

សូមអានជំពូកពេញលេញ និក្ខមនំ 23