គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 21:24-35 Khmer Standard Version (KHSV)

24. ភ្នែក​សង​ដោយ​ភ្នែក ធ្មេញ​សង​ដោយ​ធ្មេញ ដៃ​សង​ដោយ​ដៃ ជើង​សង​ដោយ​ជើង

25. ស្នាម​រលាក​សង​ដោយ​ស្នាម​រលាក ស្នាម​របួស​សង​ដោយ​ស្នាម​របួស ស្នាម​ជាំ​សង​ដោយ​ស្នាម​ជាំ។

26. ប្រសិន​បើ​អ្នក​ណា​វាយ​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី​របស់​ខ្លួន ធ្វើ​ឲ្យ​គេ​ខ្វាក់​ភ្នែក​ម្ខាង អ្នក​នោះ​ត្រូវ​តែ​ផ្ដល់​សេរី‌ភាព​ឲ្យ​គេ ដើម្បី​សង​ជំងឺ​ចិត្ត ព្រោះ​តែ​ភ្នែក​ខ្វាក់។

27. ប្រសិន​បើ​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី​របស់​ខ្លួន បាក់​ធ្មេញ​មួយ គាត់​ត្រូវ​តែ​ផ្ដល់​សេរី‌ភាព​ឲ្យ​គេ ដើម្បី​សង​ជំងឺ​ចិត្ត ព្រោះ​តែ​ធ្មេញ​បាក់​នោះ។

28. ប្រសិន​បើ​គោ​មួយ​ជល់​មនុស្ស​ប្រុស ឬ​ស្រី​ម្នាក់​ស្លាប់ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​គោ​នោះ តែ​មិន​ត្រូវ​បរិភោគ​សាច់​វា​ឡើយ។ រីឯ​ម្ចាស់​គោ​គ្មាន​ទោស​អ្វី​ទេ។

29. ប្រសិន​បើ​គោ​នោះ​តែងតែ​ដើរ​ជល់​មនុស្ស ហើយ​មាន​គេ​ប្រាប់​ម្ចាស់​វា តែ​ម្ចាស់​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​មើល​វា​ទេ ប្រសិន​បើ​គោ​នោះ​ជល់​មនុស្ស ប្រុស ឬ​ស្រី​ម្នាក់​ស្លាប់ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​គោ​នោះ រីឯ​ម្ចាស់​របស់​វា​ក៏​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ដែរ។

30. ប្រសិន​បើ​គេ​ទាម‌ទារ​ឲ្យ​ម្ចាស់​គោ​បង់​ប្រាក់​លោះ​ជីវិត​ខ្លួន នោះ​គាត់​ត្រូវ​តែ​បង់​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​គេ​បង្គាប់។

31. ក្នុង​ករណី​ដែល​គោ​ជល់​កូន​ប្រុស ឬ​កូន​ស្រី​ក្ដី ក៏​ត្រូវ​យក​ច្បាប់​នេះ​មក​អនុវត្ត​ដែរ។

32. ប្រសិន​បើ​គោ​ជល់​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី ម្ចាស់​គោ​ត្រូវ​តែ​សង​ប្រាក់​សាម‌សិប​ដួង* ទៅ​ឲ្យ​ចៅហ្វាយ​ជន​រង​គ្រោះ រីឯ​គោ​វិញ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល។

33. ប្រសិន​បើ​អ្នក​ណា​ទុក​អណ្ដូង​ឲ្យ​នៅ​ចំហ ឬ​ជីក​អណ្ដូង តែ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​នោះ

34. ម្ចាស់​អណ្ដូង​ត្រូវ​សង​តម្លៃ​សត្វ ជា​ប្រាក់​ទៅ​ឲ្យ​ម្ចាស់​សត្វ ហើយ​ទុក​គោ​ងាប់​សម្រាប់​ខ្លួន​ឯង។

35. ប្រសិន​បើ​គោ​របស់​នរណា​ម្នាក់​ជល់​គោ​របស់​ម្នាក់​ទៀត រហូត​ដល់​ងាប់ នោះ​ត្រូវ​លក់​គោ​ដែល​នៅ​រស់​ចែក​ប្រាក់​គ្នា ហើយ​យក​សាច់​គោ​ងាប់​ចែក​គ្នា​ដែរ។

សូមអានជំពូកពេញលេញ និក្ខមនំ 21