គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 21:2-10 Khmer Standard Version (KHSV)

2. ប្រសិន​បើ​អ្នក​ទិញ​ជន‌ជាតិ​ហេប្រឺ​ម្នាក់​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ គេ​នឹង​បម្រើ​អ្នក​អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ គេ​នឹង​មាន​សេរី‌ភាព​ចាក​ចេញ​ពី​អ្នក​ទៅ ដោយ​មិន​បាច់​បង់​ថ្លៃ​អ្វី​ទាំង​អស់។

3. បើ​ខ្ញុំ​បម្រើ​នោះ​មក​តែ​ម្នាក់​ឯង គេ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ប្រពន្ធ​មក​ជា​មួយ គេ​ត្រូវ​ចាក​ចេញ​ទៅ​ជា​មួយ​ប្រពន្ធ​ដែរ។

4. ប្រសិន​បើ​ចៅហ្វាយ​របស់​គេ​រក​ប្រពន្ធ​ឲ្យ ហើយ​ប្រពន្ធ​នោះ​មាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ ត្រូវ​តែ​នៅ​បម្រើ​ចៅហ្វាយ ហើយ​បុរស​នោះ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង។

5. ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បម្រើ​ប្រកាស​ថា ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ ព្រម​ទាំង​ប្រពន្ធ​កូន​របស់​ខ្ញុំ ខ្ញុំ​មិន​ចង់​បាន​សេរី‌ភាព​ទេ

6. នោះ​ចៅហ្វាយ​ត្រូវ​នាំ​គេ​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់ ហើយ​ឲ្យ​ខ្ញុំ​បម្រើ​នោះ​ឈរ​នៅ​មាត់​ទ្វារ ឬ​ផ្អែក​ទៅ​នឹង​ក្រប​ទ្វារ​ផ្ទះ រួច​ចៅហ្វាយ​យក​ដែក​មក​ចោះ​ត្រចៀក​គេ។ ដូច្នេះ អ្នក​នោះ​នឹង​នៅ​បម្រើ​ចៅហ្វាយ​រហូត​ត​ទៅ។

7. ប្រសិន​បើ​បុរស​ម្នាក់​លក់​កូន​ស្រី​របស់​ខ្លួន​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ នាង​នឹង​មិន​ទទួល​សេរី‌ភាព​ដូច​ខ្ញុំ​បម្រើ​ឯ​ទៀតៗ​ទេ។

8. ប្រសិន​បើ​ចៅហ្វាយ​ទិញ​នាង​យក​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បែរ​ជា​លែង​ពេញ​ចិត្ត​នឹង​នាង ត្រូវ​ឲ្យ​ឪពុក​របស់​នាង​លោះ​នាង​យក​ទៅ​វិញ។ ចៅហ្វាយ​គ្មាន​សិទ្ធិ​លក់​នាង​ទៅ​ឲ្យ​សាសន៍​ដទៃ​ឡើយ ធ្វើ​ដូច្នេះ ជា​ការ​បោក​ប្រាស់។

9. ប្រសិន​បើ​ចៅហ្វាយ​ទិញ​នាង​យក​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ខ្លួន គាត់​ត្រូវ​ប្រព្រឹត្ត​ចំពោះ​នាង​តាម​ច្បាប់​សម្រាប់​កូន​ស្រី។

10. ប្រសិន​បើ​ចៅហ្វាយ​យក​ប្រពន្ធ​មួយ​ទៀត នោះ​គាត់​មិន​ត្រូវ​កាត់​បន្ថយ​អ្វីៗ​ពី​ប្រពន្ធ​មុន​ឡើយ ទោះ​ជា​ម្ហូប​អាហារ សម្លៀក‌បំពាក់ ឬ​សិទ្ធិ​ជា​ប្រពន្ធ​ក្ដី។

សូមអានជំពូកពេញលេញ និក្ខមនំ 21