គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 21:18-30 Khmer Standard Version (KHSV)

18. នៅ​ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​ម្នាក់​យក​ដុំ​ថ្ម​គប់ ឬ​ដាល់​គូ‌វិវាទ​របស់​ខ្លួន រហូត​ដល់​របួស​ធ្ងន់ តែ​មិន​ស្លាប់​ទេ

19. ហើយ​ប្រសិន​បើ​អ្នក​របួស​នោះ​ងើប​ដើរ​ចេញ​ទៅ​ក្រៅ​បាន ដោយ​ប្រើ​ឈើ​ច្រត់ អ្នក​វាយ​គេ​មិន​ត្រូវ​ទទួល​ទោស​ទេ។ ប៉ុន្តែ គាត់​ត្រូវ​សង​ជំងឺ​ចិត្ត ព្រោះ​អ្នក​របួស​មិន​អាច​ធ្វើ​ការ​បាន គឺ​ត្រូវ​សង​ថ្លៃ​មើល​ជំងឺ​របស់​គេ រហូត​ដល់​ជា​សះ‌ស្បើយ​ផង​ដែរ។

20. ប្រសិន​បើ​អ្នក​ណា​យក​ដំបង​វាយ​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី​របស់​ខ្លួន រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង នោះ​គាត់​ត្រូវ​តែ​ទទួល​ទោស។

21. ប្រសិន​បើ​ខ្ញុំ​បម្រើ​នោះ​រស់​បាន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ចៅហ្វាយ​មិន​ត្រូវ​ទទួល​ទោស​ទេ ព្រោះ​ខ្ញុំ​បម្រើ​នោះ​ជា​សម្បត្តិ​របស់​គាត់។

22. ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​មាន​ការ​ជ្រុល‌ជ្រួស​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​ឲ្យ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង​ទេ អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​សង​ជំងឺ​ចិត្ត តាម​ការ​ទាម‌ទារ​របស់​ប្ដី​នាង ក្រោយ​ពេល​អាជ្ញា​កណ្ដាល​រក​ខុស​ត្រូវ​ឲ្យ។

23. ប៉ុន្តែ បើ​ស្ត្រី​នោះ​មាន​គ្រោះ​ថ្នាក់​ធ្ងន់‌ធ្ងរ អ្នក​បង្ក​គ្រោះ​ថ្នាក់​ត្រូវ​តែ​ទទួល​ទោស: ជីវិត​សង​ដោយ​ជីវិត

24. ភ្នែក​សង​ដោយ​ភ្នែក ធ្មេញ​សង​ដោយ​ធ្មេញ ដៃ​សង​ដោយ​ដៃ ជើង​សង​ដោយ​ជើង

25. ស្នាម​រលាក​សង​ដោយ​ស្នាម​រលាក ស្នាម​របួស​សង​ដោយ​ស្នាម​របួស ស្នាម​ជាំ​សង​ដោយ​ស្នាម​ជាំ។

26. ប្រសិន​បើ​អ្នក​ណា​វាយ​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី​របស់​ខ្លួន ធ្វើ​ឲ្យ​គេ​ខ្វាក់​ភ្នែក​ម្ខាង អ្នក​នោះ​ត្រូវ​តែ​ផ្ដល់​សេរី‌ភាព​ឲ្យ​គេ ដើម្បី​សង​ជំងឺ​ចិត្ត ព្រោះ​តែ​ភ្នែក​ខ្វាក់។

27. ប្រសិន​បើ​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី​របស់​ខ្លួន បាក់​ធ្មេញ​មួយ គាត់​ត្រូវ​តែ​ផ្ដល់​សេរី‌ភាព​ឲ្យ​គេ ដើម្បី​សង​ជំងឺ​ចិត្ត ព្រោះ​តែ​ធ្មេញ​បាក់​នោះ។

28. ប្រសិន​បើ​គោ​មួយ​ជល់​មនុស្ស​ប្រុស ឬ​ស្រី​ម្នាក់​ស្លាប់ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​គោ​នោះ តែ​មិន​ត្រូវ​បរិភោគ​សាច់​វា​ឡើយ។ រីឯ​ម្ចាស់​គោ​គ្មាន​ទោស​អ្វី​ទេ។

29. ប្រសិន​បើ​គោ​នោះ​តែងតែ​ដើរ​ជល់​មនុស្ស ហើយ​មាន​គេ​ប្រាប់​ម្ចាស់​វា តែ​ម្ចាស់​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​មើល​វា​ទេ ប្រសិន​បើ​គោ​នោះ​ជល់​មនុស្ស ប្រុស ឬ​ស្រី​ម្នាក់​ស្លាប់ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​គោ​នោះ រីឯ​ម្ចាស់​របស់​វា​ក៏​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ដែរ។

30. ប្រសិន​បើ​គេ​ទាម‌ទារ​ឲ្យ​ម្ចាស់​គោ​បង់​ប្រាក់​លោះ​ជីវិត​ខ្លួន នោះ​គាត់​ត្រូវ​តែ​បង់​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​គេ​បង្គាប់។

សូមអានជំពូកពេញលេញ និក្ខមនំ 21