គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 20:19-26 Khmer Standard Version (KHSV)

19. ពួក​គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ផ្ទាល់​ចុះ យើង​ខ្ញុំ​នឹង​ស្ដាប់​លោក។ ប៉ុន្តែ សូម​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង​ខ្ញុំ​ឡើយ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់»។

20. លោក​ម៉ូសេ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះ‌ជាម្ចាស់​យាង​មក​ដូច្នេះ ដើម្បី​ល្បង‌ល​អ្នក​រាល់​គ្នា និង​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អង្គ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។

21. ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ដុំ​ពពក​ដ៏​ក្រាស់ ជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​គង់​នៅ។

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​ពី​លើ​មេឃ​មក។

23. អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​មាស ឬ​ប្រាក់ មក​ធ្វើ​ជា​រូប​ព្រះ​សម្រាប់​ថ្វាយ‌បង្គំ ដូច​ថ្វាយ‌បង្គំ​យើង​ឡើយ។

24. ចូរ​សង់​អាសនៈ​មួយ​អំពី​ដី​សម្រាប់​យើង។ ចូរ​យក​ចៀម និង​គោ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព* នៅ​លើ​អាសនៈ​នោះ។ យើង​នឹង​មក​ឲ្យ​ពរ​អ្នក​គ្រប់​ទី​កន្លែង ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​នាម​យើង។

25. ប្រសិន​បើ​អ្នក​សង់​អាសនៈ​អំពី​ថ្ម នោះ​មិន​ត្រូវ​ប្រើ​ថ្ម‌ដាប់​ឡើយ ដ្បិត​ពេល​អ្នក​ប្រើ​ពន្លាក​ដាប់ អ្នក​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​នោះ​ទៅ​ជា​របស់​មិន​វិសុទ្ធ។

26. មិន​ត្រូវ​សង់​អាសនៈ​ដែល​មាន​កាំ​ជណ្ដើរ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក នៅ​ពេល​ឡើង​កាំ​ជណ្ដើរ​នោះ»។

សូមអានជំពូកពេញលេញ និក្ខមនំ 20