គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 2:7-21 Khmer Standard Version (KHSV)

7. បង​ស្រី​របស់​ទារក​ចូល​មក ហើយ​ទូល​បុត្រី​ព្រះចៅ​ផារ៉ោន​ថា៖ «តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ​ដោះ ក្នុង​ចំណោម​ស្ត្រី​ជាតិ​ហេប្រឺ មក​បំបៅ​កូន​នេះ​ថ្វាយ​ព្រះ‌នាង​ឬ​ទេ?»។

8. បុត្រី​ព្រះចៅ​ផារ៉ោន​ឆ្លើយ​ថា៖ «ទៅ​ចុះ!»។ នាង​ក៏​រត់​ទៅ​ហៅ​ម្ដាយ​ទារក​នោះ​មក។

9. បុត្រី​ព្រះចៅ​ផារ៉ោន​មាន​សវនីយ៍​ទៅ​កាន់​គាត់​ថា៖ «ចូរ​យក​កូន​នេះ​ទៅ​បំបៅ​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​អ្នក»។ ម្ដាយ​ក៏​យក​កូន​ទៅ​បំបៅ​នៅ​ផ្ទះ។

10. លុះ​ដល់​កុមារ​នេះ​មាន​វ័យ​ធំ​បន្តិច ម្ដាយ​ក៏​នាំ​កូន​ទៅ​ថ្វាយ​បុត្រី​ព្រះចៅ​ផារ៉ោន​វិញ។ ព្រះ‌នាង​បាន​ចាត់​ទុក​កុមារ​នេះ​ដូច​បុត្រ​បង្កើត។ ព្រះ‌នាង​ដាក់​ឈ្មោះ​ថា «ម៉ូសេ» ដោយ​មាន​សវនីយ៍​ថា៖ «ខ្ញុំ​បាន​ស្រង់​កូន​នេះ​ចេញ​ពី​ទឹក​មក»។

11. នៅ​គ្រា​នោះ លោក​ម៉ូសេ​ពេញ​វ័យ​ហើយ។ លោក​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​បង‌ប្អូន​រួម​ជាតិ​របស់​លោក ហើយ​ឃើញ​ពួក​គេ​ធ្វើ​ការ​យ៉ាង​ធ្ងន់‌ធ្ងរ។ លោក​ក៏​ឃើញ​ជន‌ជាតិ​អេស៊ីប​ម្នាក់ កំពុង​តែ​វាយ‌ដំ​ជន‌ជាតិ​ហេប្រឺ​ម្នាក់ ក្នុង​ចំណោម​បង‌ប្អូន​រួម​ជាតិ​របស់​លោក​ដែរ។

12. លោក​ងាក​មើល​ឆ្វេង​ស្ដាំ ឥត​ឃើញ​មាន​នរណា ក៏​ស្ទុះ​ទៅ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ ហើយ​កប់​ចោល​ក្នុង​ខ្សាច់។

13. នៅ​ថ្ងៃ​បន្ទាប់ លោក​ចេញ​ទៅ​ម្ដង​ទៀត ឃើញ​ជន‌ជាតិ​ហេប្រឺ​ពីរ​នាក់​កំពុង​វាយ​តប់​គ្នា។ លោក​សួរ​អ្នក​មាន​កំហុស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​បង‌ប្អូន​ឯង​ដូច្នេះ?»។

14. អ្នក​នោះ​ឆ្លើយ​តប​ថា៖ «នរណា​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​របស់​យើង? តើ​អ្នក​គិត​សម្លាប់​ខ្ញុំ ដូច​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់​នោះ​ដែរ​ឬ?»។ លោក​ម៉ូសេ​ភិត‌ភ័យ​យ៉ាង​ខ្លាំង ហើយ​នឹក​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​អស់​ហើយ»។

15. ព្រះចៅ​ផារ៉ោន​ក៏​ជ្រាប​រឿង​នេះ​ដែរ ហើយ​ស្ដេច​រក​មធ្យោ‌បាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​ដឹង​ខ្លួន​ទាន់ ក៏​រត់​គេច​ពី​ព្រះចៅ​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ លោក​អង្គុយ​នៅ​ក្បែរ​អណ្ដូង​ទឹក។

16. លោក​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន​មាន​កូន​ស្រី​ប្រាំ‌ពីរ​នាក់។ នាង​នាំ​គ្នា​មក​ដង​ទឹក​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។

17. ប៉ុន្តែ មាន​ពួក​គង្វាល​មក​ដេញ​ពួក​នាង។ ពេល​នោះ លោក​ម៉ូសេ​ក្រោក​ឡើង ជួយ​ពួក​នាង ព្រម​ទាំង​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក​ទៀត​ផង។

18. នាង​ទាំង​អស់​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​រេហួល​ជា​ឪពុក​សួរ​ថា៖ «ថ្ងៃ​នេះ​ហេតុ​អ្វី​បាន​ជា​កូន​ត្រឡប់​មក​ផ្ទះ​ឆាប់​ម៉្លេះ?»។

19. ពួក​នាង​ឆ្លើយ​ថា៖ «មាន​បុរស​ជន‌ជាតិ​អេស៊ីប​ម្នាក់​បាន​ជួយ​ពួក​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គង្វាល ហើយ​គាត់​បាន​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ផឹក​ទៀត​ផង»។

20. ឪពុក​សួរ​ទៅ​ពួក​នាង​ទៀត​ថា៖ «បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ទៅ​អញ្ជើញ​គាត់​មក ដើម្បី​ឲ្យ​គាត់​បរិភោគ​ជា​មួយ​យើង»។

21. លោក​ម៉ូសេ​យល់​ព្រម​រស់​នៅ​ជា​មួយ​លោក​បូជា‌ចារ្យ។ លោក​បូជា‌ចារ្យ​លើក​នាង​សេផូ‌រ៉ា ជា​កូន​ស្រី ឲ្យ​លោក​ធ្វើ​ជា​ភរិយា។

សូមអានជំពូកពេញលេញ និក្ខមនំ 2