19. ពួកនាងឆ្លើយថា៖ «មានបុរសជនជាតិអេស៊ីបម្នាក់បានជួយពួកយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយគាត់បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។
20. ឪពុកសួរទៅពួកនាងទៀតថា៖ «បុរសនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរទៅអញ្ជើញគាត់មក ដើម្បីឲ្យគាត់បរិភោគជាមួយយើង»។
21. លោកម៉ូសេយល់ព្រមរស់នៅជាមួយលោកបូជាចារ្យ។ លោកបូជាចារ្យលើកនាងសេផូរ៉ា ជាកូនស្រី ឲ្យលោកធ្វើជាភរិយា។
22. នាងបង្កើតបានកូនប្រុសម្នាក់ ដែលលោកម៉ូសេឲ្យឈ្មោះថា គើសម ដ្បិតលោកគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។
23. ច្រើនឆ្នាំក្រោយមក ព្រះចៅស្រុកអេស៊ីបសោយទិវង្គត។ កូនចៅអ៊ីស្រាអែលដែលរស់ក្នុងភាពជាទាសករនាំគ្នាស្រែកថ្ងូរ ហើយអង្វរព្រះជាម្ចាស់ សម្រែករបស់គេលាន់ឮឡើងដល់ព្រះអង្គ។
24. ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកថ្ងូររបស់ពួកគេ។ ព្រះអង្គនឹកដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។
25. ព្រះជាម្ចាស់ទតមើលកូនចៅអ៊ីស្រាអែល ហើយព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងពួកគេ។