គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 2:15-25 Khmer Standard Version (KHSV)

15. ព្រះចៅ​ផារ៉ោន​ក៏​ជ្រាប​រឿង​នេះ​ដែរ ហើយ​ស្ដេច​រក​មធ្យោ‌បាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​ដឹង​ខ្លួន​ទាន់ ក៏​រត់​គេច​ពី​ព្រះចៅ​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ លោក​អង្គុយ​នៅ​ក្បែរ​អណ្ដូង​ទឹក។

16. លោក​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន​មាន​កូន​ស្រី​ប្រាំ‌ពីរ​នាក់។ នាង​នាំ​គ្នា​មក​ដង​ទឹក​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។

17. ប៉ុន្តែ មាន​ពួក​គង្វាល​មក​ដេញ​ពួក​នាង។ ពេល​នោះ លោក​ម៉ូសេ​ក្រោក​ឡើង ជួយ​ពួក​នាង ព្រម​ទាំង​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក​ទៀត​ផង។

18. នាង​ទាំង​អស់​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​រេហួល​ជា​ឪពុក​សួរ​ថា៖ «ថ្ងៃ​នេះ​ហេតុ​អ្វី​បាន​ជា​កូន​ត្រឡប់​មក​ផ្ទះ​ឆាប់​ម៉្លេះ?»។

19. ពួក​នាង​ឆ្លើយ​ថា៖ «មាន​បុរស​ជន‌ជាតិ​អេស៊ីប​ម្នាក់​បាន​ជួយ​ពួក​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គង្វាល ហើយ​គាត់​បាន​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ផឹក​ទៀត​ផង»។

20. ឪពុក​សួរ​ទៅ​ពួក​នាង​ទៀត​ថា៖ «បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ទៅ​អញ្ជើញ​គាត់​មក ដើម្បី​ឲ្យ​គាត់​បរិភោគ​ជា​មួយ​យើង»។

21. លោក​ម៉ូសេ​យល់​ព្រម​រស់​នៅ​ជា​មួយ​លោក​បូជា‌ចារ្យ។ លោក​បូជា‌ចារ្យ​លើក​នាង​សេផូ‌រ៉ា ជា​កូន​ស្រី ឲ្យ​លោក​ធ្វើ​ជា​ភរិយា។

22. នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​លោក​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា គើ‌សម ដ្បិត​លោក​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។

23. ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ស្រុក​អេស៊ីប​សោយ​ទិវង្គត។ កូន​ចៅ​អ៊ីស្រា‌អែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ​នាំ​គ្នា​ស្រែក​ថ្ងូរ ហើយ​អង្វរ​ព្រះ‌ជាម្ចាស់ សម្រែក​របស់​គេ​លាន់​ឮ​ឡើង​ដល់​ព្រះ‌អង្គ។

24. ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក​ថ្ងូរ​របស់​ពួក​គេ។ ព្រះ‌អង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។

25. ព្រះ‌ជាម្ចាស់​ទត​មើល​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ពួក​គេ។

សូមអានជំពូកពេញលេញ និក្ខមនំ 2