គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 2:12-19 Khmer Standard Version (KHSV)

12. លោក​ងាក​មើល​ឆ្វេង​ស្ដាំ ឥត​ឃើញ​មាន​នរណា ក៏​ស្ទុះ​ទៅ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ ហើយ​កប់​ចោល​ក្នុង​ខ្សាច់។

13. នៅ​ថ្ងៃ​បន្ទាប់ លោក​ចេញ​ទៅ​ម្ដង​ទៀត ឃើញ​ជន‌ជាតិ​ហេប្រឺ​ពីរ​នាក់​កំពុង​វាយ​តប់​គ្នា។ លោក​សួរ​អ្នក​មាន​កំហុស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​បង‌ប្អូន​ឯង​ដូច្នេះ?»។

14. អ្នក​នោះ​ឆ្លើយ​តប​ថា៖ «នរណា​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​របស់​យើង? តើ​អ្នក​គិត​សម្លាប់​ខ្ញុំ ដូច​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់​នោះ​ដែរ​ឬ?»។ លោក​ម៉ូសេ​ភិត‌ភ័យ​យ៉ាង​ខ្លាំង ហើយ​នឹក​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​អស់​ហើយ»។

15. ព្រះចៅ​ផារ៉ោន​ក៏​ជ្រាប​រឿង​នេះ​ដែរ ហើយ​ស្ដេច​រក​មធ្យោ‌បាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​ដឹង​ខ្លួន​ទាន់ ក៏​រត់​គេច​ពី​ព្រះចៅ​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ លោក​អង្គុយ​នៅ​ក្បែរ​អណ្ដូង​ទឹក។

16. លោក​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន​មាន​កូន​ស្រី​ប្រាំ‌ពីរ​នាក់។ នាង​នាំ​គ្នា​មក​ដង​ទឹក​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។

17. ប៉ុន្តែ មាន​ពួក​គង្វាល​មក​ដេញ​ពួក​នាង។ ពេល​នោះ លោក​ម៉ូសេ​ក្រោក​ឡើង ជួយ​ពួក​នាង ព្រម​ទាំង​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក​ទៀត​ផង។

18. នាង​ទាំង​អស់​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​រេហួល​ជា​ឪពុក​សួរ​ថា៖ «ថ្ងៃ​នេះ​ហេតុ​អ្វី​បាន​ជា​កូន​ត្រឡប់​មក​ផ្ទះ​ឆាប់​ម៉្លេះ?»។

19. ពួក​នាង​ឆ្លើយ​ថា៖ «មាន​បុរស​ជន‌ជាតិ​អេស៊ីប​ម្នាក់​បាន​ជួយ​ពួក​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គង្វាល ហើយ​គាត់​បាន​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ផឹក​ទៀត​ផង»។

សូមអានជំពូកពេញលេញ និក្ខមនំ 2