គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 19:6-20 Khmer Standard Version (KHSV)

6. យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អាណា‌ចក្រ​បូជា‌ចារ្យ ហើយ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​ដ៏‌វិសុទ្ធ។ នេះ​ជា​សេចក្ដី​ដែល​អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល»។

7. លោក​ម៉ូសេ​ត្រឡប់​មក​វិញ កោះ​ហៅ​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ប្រជា‌ជន ហើយ​រៀប​រាប់​ប្រាប់​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​លោក។

8. ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​នាំ​យក​ចម្លើយ​របស់​ពួក​គេ ទៅ​ទូល​ថ្វាយ​ព្រះ‌អម្ចាស់​វិញ។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​មក​រក​អ្នក ដោយ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ពពក*​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​ឮ​យើង​និយាយ​ជា​មួយ​អ្នក ហើយ​ទុក​ចិត្ត​លើ​អ្នក​ជា​រៀង​រហូត»។ លោក​ម៉ូសេ​ក៏​រៀប​រាប់​ចម្លើយ​របស់​ប្រជា‌ជន ទូល​ថ្វាយ​ព្រះ‌អម្ចាស់។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​ឲ្យ​ពួក​គេ​លាង​ជម្រះ​សម្លៀក‌បំពាក់​ផង​ដែរ។

11. ត្រូវ​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​ទី​បី ដ្បិត​ថ្ងៃ​នោះ យើង​នឹង​ចុះ​ទៅ​លើ​ភ្នំ​ស៊ីណៃ ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ។

12. ត្រូវ​កំណត់​ព្រំ‌ដែន​ជុំ‌វិញ​ភ្នំ ហើយ​ប្រាប់​ប្រជា‌ជន​ថា ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះ‌ពាល់​ជើង​ភ្នំ​ជា​ដាច់​ខាត។ បើ​អ្នក​ណា​ប៉ះ​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់

13. ទោះ​ជា​មនុស្ស ឬ​សត្វ​ក្ដី ក៏​មិន​ត្រូវ​ទុក​ឲ្យ​នៅ​រស់​ដែរ។ កុំ​ប៉ះ‌ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​សម្លាប់​គេ ដោយ​យក​ដុំ​ថ្ម​គប់ ឬ​បាញ់​នឹង​ព្រួញ​វិញ។ នៅ​ពេល​ឮ​សូរ​សំឡេង​ស្នែង នោះ​ទើប​អ្នក​ខ្លះ​អាច​ឡើង​ទៅ​លើ​ភ្នំ​បាន»។

14. លោក​ម៉ូសេ​ចុះ​ពី​លើ​ភ្នំ​មក​រក​ប្រជា‌ជន​វិញ លោក​ញែក​ពួក​គេ​ឲ្យ​បាន​វិសុទ្ធ ហើយ​ឲ្យ​ពួក​គេ​បោក​សម្លៀក‌បំពាក់​ផង​ដែរ។

15. លោក​មាន​ប្រសាសន៍​ទៅ​ប្រជា‌ជន​ថា៖ «ចូរ​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​ទី​បី ហើយ​កុំ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ឡើយ»។

16. នៅ​ថ្ងៃ​ទី​បី ពេល​ព្រលឹម​ស្រាងៗ មាន​ផ្គរ‌លាន់ ផ្លេក​បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ហើយ​មាន​សំឡេង​ត្រែ​លាន់​ឮ​ឡើង​យ៉ាង​រំពង​ទៀត​ផង។ ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ជំរំ​ភ័យ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។

17. លោក​ម៉ូសេ​នាំ​ប្រជា‌ជន​ចេញ​ពី​ជំរំ​ទៅ​គាល់​ព្រះ‌ជាម្ចាស់ ពួក​គេ​ឈរ​នៅ​ជើង​ភ្នំ។

18. មាន​ផ្សែង​ហុយ​ពាស‌ពេញ​លើ​ភ្នំ​ស៊ីណៃ ដ្បិត​ព្រះ‌អម្ចាស់​ចុះ​មក​លើ​ភ្នំ ព្រះ‌អង្គ​គង់​នៅ​ក្នុង​ភ្លើង។ ផ្សែង​នោះ​ហុយ​ឡើង​ដូច​ផ្សែង​ចេញ​ពី​ឡ ហើយ​ភ្នំ​ទាំង​មូល​ក៏​រញ្ជួយ​យ៉ាង​ខ្លាំង។

19. សំឡេង​ត្រែ​លាន់​ឮ​កាន់​តែ​ខ្លាំង​ឡើងៗ ពេល​លោក​ម៉ូសេ​ទូល​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ឆ្លើយ​មក​លោក ដោយ​សំឡេង​ផ្គរ‌លាន់។

20. ព្រះ‌អម្ចាស់​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ គឺ​នៅ​លើ​កំពូល​ភ្នំ។ ព្រះ‌អង្គ​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ ហើយ​លោក​ម៉ូសេ​ក៏​ឡើង​ទៅ។

សូមអានជំពូកពេញលេញ និក្ខមនំ 19