គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 19:1-12 Khmer Standard Version (KHSV)

1. នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​បី ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីណៃ។

2. ពួក​គេ​ចេញ​ពី​រេផិ‌ឌីម​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីណៃ ហើយ​បោះ​ជំរំ​នៅ​ទី​នោះ ទល់​មុខ​នឹង​ភ្នំ​ស៊ីណៃ។

3. លោក​ម៉ូសេ​បាន​ឡើង​ទៅ​គាល់​ព្រះ‌ជាម្ចាស់។ ព្រះ‌អម្ចាស់​ហៅ​លោក​ម៉ូសេ​ពី​លើ​ភ្នំ​មក​ថា៖ «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​កូន​ចៅ​របស់​លោក​យ៉ាកុប​ដូច​ត​ទៅ:

4. អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍ ដែល​យើង​ធ្វើ​ចំពោះ​ជន‌ជាតិ​អេស៊ីប ហើយ​យើង​បាន​នាំ​អ្នក​រាល់​គ្នា ដូច​ជា​សត្វ​ឥន្ទ្រី​ដាក់​កូន​នៅ​លើ​ខ្នង​វា មក​រក​យើង។

5. ឥឡូវ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​តាម​ពាក្យ​របស់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ផ្ទាល់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែនដី​ទាំង​មូល​ជា​កម្មសិទ្ធិ​របស់​យើង។

6. យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អាណា‌ចក្រ​បូជា‌ចារ្យ ហើយ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​ដ៏‌វិសុទ្ធ។ នេះ​ជា​សេចក្ដី​ដែល​អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល»។

7. លោក​ម៉ូសេ​ត្រឡប់​មក​វិញ កោះ​ហៅ​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ប្រជា‌ជន ហើយ​រៀប​រាប់​ប្រាប់​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​លោក។

8. ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​នាំ​យក​ចម្លើយ​របស់​ពួក​គេ ទៅ​ទូល​ថ្វាយ​ព្រះ‌អម្ចាស់​វិញ។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​មក​រក​អ្នក ដោយ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ពពក*​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​ឮ​យើង​និយាយ​ជា​មួយ​អ្នក ហើយ​ទុក​ចិត្ត​លើ​អ្នក​ជា​រៀង​រហូត»។ លោក​ម៉ូសេ​ក៏​រៀប​រាប់​ចម្លើយ​របស់​ប្រជា‌ជន ទូល​ថ្វាយ​ព្រះ‌អម្ចាស់។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​ឲ្យ​ពួក​គេ​លាង​ជម្រះ​សម្លៀក‌បំពាក់​ផង​ដែរ។

11. ត្រូវ​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​ទី​បី ដ្បិត​ថ្ងៃ​នោះ យើង​នឹង​ចុះ​ទៅ​លើ​ភ្នំ​ស៊ីណៃ ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ។

12. ត្រូវ​កំណត់​ព្រំ‌ដែន​ជុំ‌វិញ​ភ្នំ ហើយ​ប្រាប់​ប្រជា‌ជន​ថា ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះ‌ពាល់​ជើង​ភ្នំ​ជា​ដាច់​ខាត។ បើ​អ្នក​ណា​ប៉ះ​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់

សូមអានជំពូកពេញលេញ និក្ខមនំ 19