គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 18:10-20 Khmer Standard Version (KHSV)

10. លោក​ពោល​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​ស្ដេច​ផារ៉ោន។

11. ឥឡូវ​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ​ឧត្ដម​លើស​ព្រះ​ទាំង​អស់ គឺ​ព្រះ‌អង្គ​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ពេល​ដែល​ជន‌ជាតិ​អេស៊ីប​ជិះ‌ជាន់​សង្កត់‌សង្កិន»។

12. លោក​យេត្រូ ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ យក​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​ឯ​ទៀតៗ​ថ្វាយ​ព្រះ‌ជាម្ចាស់។ លោក​អើរ៉ុន និង​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​នាំ​គ្នា​បរិភោគ​អាហារ​ជា​មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ដែរ។

13. លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន។ ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។

14. ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​ចំពោះ​ប្រជា‌ជន គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​កាត់​ក្ដី​តែ​ម្នាក់​ឯង ទុក​ឲ្យ​ប្រជា‌ជន​ឈរ​ចាំ​នៅ​មុខ​កូន តាំង​ពី​ព្រឹក​ដល់​ល្ងាច​បែប​នេះ?»។

15. លោក​ម៉ូសេ​តប​ទៅ​គាត់​វិញ​ថា៖ «ប្រជា‌ជន​ទាំង​នេះ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់។

16. នៅ​ពេល​មាន​វិវាទ​នឹង​គ្នា ពួក​គេ​មក​រក​ខ្ញុំ។ ខ្ញុំ​ដោះ​ស្រាយ​រឿង​ពួក​គេ ហើយ​ណែ‌នាំ​ពួក​គេ​ឲ្យ​ស្គាល់​ច្បាប់ និង​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌ជាម្ចាស់»។

17. ឪពុក​ក្មេក​មាន​ប្រសាសន៍​មក​លោក​ម៉ូសេ​ទៀត​ថា៖ «របៀប​ដែល​កូន​ធ្វើ​នេះ មិន​ល្អ​ទេ!

18. ធ្វើ​ដូច្នេះ​នាំ​ឲ្យ​កូន និង​ប្រជា‌ជន​ដែល​នៅ​ជា​មួយ​នឿយ‌ហត់​ទាំង​អស់​គ្នា។ ការ‌ងារ​នេះ​ធ្ងន់‌ធ្ងរ​ពេក កូន​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​ទេ។

19. ឥឡូវ​នេះ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ពុក ហើយ​សូម​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​កូន! ចូរ​កូន​ធ្វើ​ជា​តំណាង​របស់​ប្រជា‌ជន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ចូរ​យក​រឿង‌រ៉ាវ​របស់​ពួក​គេ​ទៅ​ទូល​ថ្វាយ​ព្រះ‌អង្គ។

20. ចូរ​បង្រៀន​ពួក​គេ អំពី​ច្បាប់ និង​វិន័យ​ទាំង‌ឡាយ ហើយ​បង្ហាញ​មាគ៌ា​ដែល​ពួក​គេ​ត្រូវ​ដើរ​តាម និង​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។

សូមអានជំពូកពេញលេញ និក្ខមនំ 18