គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 16:6-13 Khmer Standard Version (KHSV)

6. លោក​ម៉ូសេ និង​លោក​អើរ៉ុន ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា គឺ​ព្រះ‌អម្ចាស់​ទេ​តើ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។

7. ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះ‌អង្គ។ តើ​យើង​ទាំង​ពីរ​នាក់​នេះ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​យើង​ដូច្នេះ?»។

8. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៀត​ថា៖ «ល្ងាច​នេះ ព្រះ‌អម្ចាស់​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ហើយ​ព្រឹក​ស្អែក ព្រះ‌អង្គ​នឹង​ប្រទាន​នំប៉័ង​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​បរិបូណ៌ ដ្បិត​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះ‌អង្គ។ តើ​យើង​ទាំង​ពីរ​ជា​អ្វី? អ្នក​រាល់​គ្នា​មិន​មែន​រអ៊ូ‌រទាំ​ដាក់​យើង​ទេ តែ​រអ៊ូ‌រទាំ​ដាក់​ព្រះ‌អម្ចាស់​វិញ»។

9. លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «សូម​បង្គាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ចូល​មក​គាល់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​ពួក​គេ​ហើយ»។

10. នៅ​ពេល​លោក​អើរ៉ុន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ពួក​គេ​នាំ​គ្នា​បែរ​មើល​ទៅ​វាល​រហោ‌ស្ថាន ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​នៅ​ក្នុង​ពពក។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

12. «យើង​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: នៅ​ពេល​ព្រលប់ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក​អ្នក​រាល់​គ្នា​នឹង​មាន​នំប៉័ង​បរិភោគ​យ៉ាង​បរិបូណ៌។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

13. ពេល​ល្ងាច មាន​សត្វ​ក្រួច​ហើរ​មក​ពាស‌ពេញ​ជំរំ ហើយ​ព្រលឹម​ឡើង មាន​សន្សើម​ធ្លាក់​ជុំ‌វិញ​ជំរំ​ផង។

សូមអានជំពូកពេញលេញ និក្ខមនំ 16