គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 16:22-33 Khmer Standard Version (KHSV)

22. នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួក​គេ​រើស​អាហារ​ពីរ​ដង​ច្រើន​ជាង គឺ​ពីរ​កូន​ល្អី​ក្នុង​ម្នាក់ៗ។ មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍​មក​រាយ‌ការណ៍​ជម្រាប​លោក​ម៉ូសេ។

23. លោក​ប្រាប់​ពួក​គេ​វិញ​ថា៖ «ព្រះ‌អម្ចាស់​បាន​បញ្ជា​មក​ដូច្នេះ​មែន។ ស្អែក​ជា​ថ្ងៃ​សប្ប័ទ* ជា​ថ្ងៃ​ដ៏‌វិសុទ្ធ*​ដែល​ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​ចំអិន​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចំអិន ចូរ​ស្ងោរ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ងោរ ហើយ​ទុក​អាហារ​ដែល​លើស​រហូត​ព្រឹក​ស្អែក»។

24. ដូច្នេះ ពួក​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ អាហារ​ទាំង​នោះ​ពុំ​មាន​ស្អុយ​រលួយ ឬ​មាន​ដង្កូវ​ចោះ​ឡើយ។

25. លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ ចូរ​បរិភោគ​អាហារ​ទាំង​នេះ​ចុះ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ សម្រាប់​គោរព​ព្រះ‌អម្ចាស់។ ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ពុំ​ឃើញ​មាន​អ្វី​នៅ​ខាង​ក្រៅ​ទេ។

26. អ្នក​រាល់​គ្នា​អាច​រើស​អាហារ​នេះ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ដែល​ជា​ថ្ងៃ​សប្ប័ទ​នឹង​គ្មាន​អ្វី​រើស​ទេ»។

27. ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ក៏​មាន​ប្រជា‌ជន​ខ្លះ​ចេញ​ពី​ជំរំ ដើម្បី​ទៅ​រើស​អាហារ តែ​ពួក​គេ​រក​ពុំ​បាន​សោះ។

28. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្ដាប់​បទ‌បញ្ជា និង​វិន័យ*​របស់​យើង​ដល់​កាល​ណា​ទៀត?

29. ត្រូវ​ចង​ចាំ​ថា យើង​ជា​ព្រះ‌អម្ចាស់ បាន​ប្រគល់​ថ្ងៃ​សប្ប័ទ​ឲ្យ​អ្នក​រាល់​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ យើង​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាហារ​មួយ​ជា​ពីរ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ម្នាក់ៗ​នៅ​ក្នុង​ជំរំ​របស់​ខ្លួន គឺ​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ឡើយ»។

30. ហេតុ​នេះ ប្រជា‌ជន​នាំ​គ្នា​ឈប់​សម្រាក នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។

31. កូន​ចៅ​អ៊ីស្រា‌អែល​ហៅ​អាហារ​នោះ​ថា “នំ​ម៉ាណា”។ នំ​ម៉ាណា​មាន​រាង​ដូច​ជា​គ្រាប់​ល្ង មាន​ពណ៌​ស ព្រម​ទាំង​មាន​រស‌ជាតិ​ដូច​នំ​ធ្វើ​ពី​ទឹក​ឃ្មុំ។

32. លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​បង្គាប់​ដូច​ត​ទៅ: ចូរ​ដាក់​នំ​ម៉ាណា​ក្នុង​ភាជន៍​មួយ​ឲ្យ​ពេញ ហើយ​រក្សា​ទុក សម្រាប់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ជំនាន់​ក្រោយ ឃើញ​អាហារ​ដែល​យើង​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ក្នុង​វាល​រហោ‌ស្ថាន នៅ​ពេល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។

33. លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ថូ​មួយ​មក ហើយ​ដាក់​នំ​ម៉ាណា​ឲ្យ​ពេញ រួច​យក​ថូ​ទៅ​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដើម្បី​រក្សា​ទុក​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ»។

សូមអានជំពូកពេញលេញ និក្ខមនំ 16