គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 16:19-29 Khmer Standard Version (KHSV)

19. លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទុក​អាហារ​នេះ រហូត​ដល់​ព្រឹក​ស្អែក​ឡើយ»។

20. ប៉ុន្តែ មាន​អ្នក​ខ្លះ​មិន​ព្រម​ស្ដាប់​តាម​លោក​ម៉ូសេ​ទេ គឺ​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក។ ដង្កូវ​ក៏​មក​ចោះ​អាហារ​ទាំង​នោះ ដែល​បណ្ដាល​ឲ្យ​ទៅ​ជា​ស្អុយ​រលួយ។ លោក​ម៉ូសេ​ខឹង​នឹង​ពួក​គេ។

21. ចាប់​ពី​ពេល​នោះ​មក រៀង​រាល់​ព្រឹក ពួក​គេ​រើស​អាហារ​ល្មម​ដែល​ខ្លួន​អាច​បរិភោគ​ឆ្អែត។ ពេល​ថ្ងៃ​រះ​ពេញ​កម្ដៅ អាហារ​ដែល​នៅ​សល់​ក៏​រលាយ​បាត់​អស់។

22. នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួក​គេ​រើស​អាហារ​ពីរ​ដង​ច្រើន​ជាង គឺ​ពីរ​កូន​ល្អី​ក្នុង​ម្នាក់ៗ។ មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍​មក​រាយ‌ការណ៍​ជម្រាប​លោក​ម៉ូសេ។

23. លោក​ប្រាប់​ពួក​គេ​វិញ​ថា៖ «ព្រះ‌អម្ចាស់​បាន​បញ្ជា​មក​ដូច្នេះ​មែន។ ស្អែក​ជា​ថ្ងៃ​សប្ប័ទ* ជា​ថ្ងៃ​ដ៏‌វិសុទ្ធ*​ដែល​ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​ចំអិន​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចំអិន ចូរ​ស្ងោរ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ងោរ ហើយ​ទុក​អាហារ​ដែល​លើស​រហូត​ព្រឹក​ស្អែក»។

24. ដូច្នេះ ពួក​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ អាហារ​ទាំង​នោះ​ពុំ​មាន​ស្អុយ​រលួយ ឬ​មាន​ដង្កូវ​ចោះ​ឡើយ។

25. លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ ចូរ​បរិភោគ​អាហារ​ទាំង​នេះ​ចុះ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ សម្រាប់​គោរព​ព្រះ‌អម្ចាស់។ ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ពុំ​ឃើញ​មាន​អ្វី​នៅ​ខាង​ក្រៅ​ទេ។

26. អ្នក​រាល់​គ្នា​អាច​រើស​អាហារ​នេះ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ដែល​ជា​ថ្ងៃ​សប្ប័ទ​នឹង​គ្មាន​អ្វី​រើស​ទេ»។

27. ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ក៏​មាន​ប្រជា‌ជន​ខ្លះ​ចេញ​ពី​ជំរំ ដើម្បី​ទៅ​រើស​អាហារ តែ​ពួក​គេ​រក​ពុំ​បាន​សោះ។

28. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្ដាប់​បទ‌បញ្ជា និង​វិន័យ*​របស់​យើង​ដល់​កាល​ណា​ទៀត?

29. ត្រូវ​ចង​ចាំ​ថា យើង​ជា​ព្រះ‌អម្ចាស់ បាន​ប្រគល់​ថ្ងៃ​សប្ប័ទ​ឲ្យ​អ្នក​រាល់​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ យើង​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាហារ​មួយ​ជា​ពីរ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ម្នាក់ៗ​នៅ​ក្នុង​ជំរំ​របស់​ខ្លួន គឺ​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ឡើយ»។

សូមអានជំពូកពេញលេញ និក្ខមនំ 16