គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 16:12-19 Khmer Standard Version (KHSV)

12. «យើង​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: នៅ​ពេល​ព្រលប់ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក​អ្នក​រាល់​គ្នា​នឹង​មាន​នំប៉័ង​បរិភោគ​យ៉ាង​បរិបូណ៌។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

13. ពេល​ល្ងាច មាន​សត្វ​ក្រួច​ហើរ​មក​ពាស‌ពេញ​ជំរំ ហើយ​ព្រលឹម​ឡើង មាន​សន្សើម​ធ្លាក់​ជុំ‌វិញ​ជំរំ​ផង។

14. នៅ​ពេល​សន្សើម​ស្ងួត មាន​គ្រាប់​ល្អិតៗ​ដូច​ព្រឹល នៅ​ពាស‌ពេញ​វាល​រហោ‌ស្ថាន។

15. ឃើញ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «នេះ​ជា​អ្វី?» ដ្បិត​ពួក​គេ​មិន​ដឹង​ថា​ជា​អ្វី​ទេ។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «នេះ​ជា​អាហារ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ។

16. ព្រះ‌អម្ចាស់​បាន​បង្គាប់​ថា: ចូរ​នាំ​គ្នា​រើស​អាហារ​នេះ ល្មម​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​ឆ្អែត។ ត្រូវ​រើស​តាម​ចំនួន​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន គឺ​មួយ​កូន​ល្អី​សម្រាប់​ម្នាក់»។

17. ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ធ្វើ​តាម ពួក​គេ​រើស​អាហារ អ្នក​ខ្លះ​រើស​បាន​ច្រើន ហើយ​អ្នក​ខ្លះ​ទៀត​បាន​តិច។

18. បន្ទាប់​មក ពួក​គេ​យក​អាហារ​នោះ​ទៅ​វាល់ អស់​អ្នក​ដែល​រើស​បាន​ច្រើន ក៏​មិន​បាន​លើស​គេ ហើយ​អស់​អ្នក​ដែល​រើស​បាន​តិច ក៏​មិន​ខ្វះ​ដែរ គឺ​ម្នាក់ៗ​ទទួល​អាហារ​ល្មម​ដែល​ខ្លួន​ត្រូវ​ការ​ប៉ុណ្ណោះ។

19. លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទុក​អាហារ​នេះ រហូត​ដល់​ព្រឹក​ស្អែក​ឡើយ»។

សូមអានជំពូកពេញលេញ និក្ខមនំ 16