គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 16:1-6 Khmer Standard Version (KHSV)

1. សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ចេញ​ដំណើរ​ពី​អេលីម ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន ដែល​នៅ​ចន្លោះ​អេលីម និង​ភ្នំ​ស៊ីណៃ។ ពួក​គេ​ទៅ​ដល់​ទី​នោះ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

2. នៅ​វាល​រហោ‌ស្ថាន​នោះ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អើរ៉ុន។

3. ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «កាល​នៅ​ស្រុក​អេស៊ីប ពួក​យើង​ធ្លាប់​អង្គុយ​ជុំ‌វិញ​ឆ្នាំង​ដែល​មាន​សាច់ និង​មាន​អាហារ​ដ៏​បរិបូណ៌! ប្រសិន​បើ​ព្រះ‌អម្ចាស់​ប្រហារ​ពួក​យើង​នៅ​ទី​នោះ ប្រសើរ​ជាង​ឲ្យ​លោក​ទាំង​ពីរ​នាំ​ពួក​យើង​ទាំង​អស់​គ្នា​មក​ស្លាប់​ដោយ​អត់​ឃ្លាន ក្នុង​វាល​រហោ‌ស្ថាន​នេះ!»។

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ផ្ដល់​អាហារ​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ដូច​បង្អុរ​ភ្លៀង។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ចេញ​ទៅ​រើស​អាហារ សម្រាប់​បរិភោគ​ក្នុង​មួយ​ថ្ងៃ។ ធ្វើ​បែប​នេះ យើង​នឹង​ល្បង‌ល​មើល​ចិត្ត​ប្រជា‌ជន ដើម្បី​ឲ្យ​ដឹង​ថា គេ​គោរព​ក្រឹត្យ‌វិន័យ​របស់​យើង​ឬ​ទេ?

5. នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពេល​គេ​រៀបចំ​ម្ហូប​អាហារ​ដែល​គេ​រើស​មក​នោះ គេ​នឹង​ឃើញ​មាន​អាហារ​លើស​ថ្ងៃ​ធម្មតា មួយ​ជា​ពីរ»។

6. លោក​ម៉ូសេ និង​លោក​អើរ៉ុន ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា គឺ​ព្រះ‌អម្ចាស់​ទេ​តើ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។

សូមអានជំពូកពេញលេញ និក្ខមនំ 16