គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 15:11-24 Khmer Standard Version (KHSV)

11. ព្រះ‌អម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹងព្រះ‌អង្គ​បាន?តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​ដ៏‌វិសុទ្ធ​ដូច​ព្រះ‌អង្គ។ព្រះ‌អង្គ​ជា​ព្រះ​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែងគួរ​សរសើរ​តម្កើងព្រះ‌អង្គ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ដ៏​អស្ចារ្យ។

12. ពេល​ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ស្ដាំ​ឡើងដី​ក៏​ស្រូប​ខ្មាំង​សត្រូវ​បាត់​អស់​ទៅ។

13. ព្រះ‌អង្គ​បាន​លោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ!ហើយ​ដឹក​នាំ​ពួក​គេព្រះ‌អង្គ​ប្រើ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គនាំ​ពួក​គេ​ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

14. ពេល​ឮ​ដំណឹង​នេះ ជាតិ​សាសន៍​នានា​ភ័យ​ញ័រអ្នក​ស្រុក​ភីលីស្ទីន​នាំ​គ្នា​ភ័យ​តក់‌ស្លុត

15. មេ‌ទ័ព​របស់​ស្រុក​អេដុម​នាំ​គ្នា​ញ័រ​រន្ធត់ទាហាន​ដ៏​អង់‌អាច​នៅ​ស្រុក​ម៉ូអាប់​ភិត‌ភ័យអ្នក​ស្រុក​កាណាន​ទាំង​អស់​ស្លុត​ស្មារតី។

16. ពួក​គេ​ព្រឺ​ខ្លាច និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​អើយពេល​ឃើញ​ព្រះ‌អង្គ​សម្តែង​ព្រះ‌បារមី​ដ៏​ខ្លាំង‌ក្លាពួក​គេ​ភាំង​ស្មារតី និយាយ​លែង​ចេញរហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឆ្លង​ផុតគឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​ឆ្លង​ផុត​ទៅ។

17. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទៅ​ដាក់​លើភ្នំ​ដែល​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គជា​កន្លែង​ដែល​ព្រះ‌អង្គ​បាន​រៀប‌ចំ​សម្រាប់​គង់​នៅ។ ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​បាន​សង់​ទី‌សក្ការៈ​រស់​ព្រះ‌អង្គ​ឡើងដោយ​ព្រះ‌ហស្ដ​ព្រះ‌អង្គ​ផ្ទាល់។

18. ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ចរហូត​ត​រៀង​ទៅ។

19. ពេល​ដែល​សេះ​របស់​ស្ដេច​ផារ៉ោនរទេះ​ចំបាំង និង​កង‌ទ័ព​សេះ ចូល​ទៅ​ក្នុង​សមុទ្រ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ហូរ​មក​វិញគ្រប​ពី​លើ​ពួក​គេ តែ​ជន‌ជាតិ​អ៊ីស្រា‌អែលដើរ​តាម​បាត​សមុទ្រ។

20. ពេល​នោះ ព្យាកា‌រិនី​ម៉ារាម ដែល​ជា​បង​ស្រី​របស់​លោក​អើរ៉ុន ក៏​កាន់​ក្រាប់ ហើយ​ស្ត្រីៗ​ទាំង​អស់​ក៏​ចេញ​ទៅ​តាម​គាត់ ទាំង​វាយ​ក្រាប់ និង​នាំ​គ្នា​រាំ។

21. លោក​ស្រី​ម៉ារាម​បន្លឺ​សំឡេង​ច្រៀង​ថា៖«ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​មាន​ជ័យ‌ជំនះ​ដ៏​ត្រចះ‌ត្រចង់ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សេះនិង​ទាហាន​ដែល​ជិះ​លើ​វាលិច​លង់​ទៅ​ក្នុង​សមុទ្រ!»។

22. លោក​ម៉ូសេ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​សមុទ្រ​កក់ ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ើរ។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន ដោយ​ឥត​ជួប​ប្រទះ​នឹង​ទឹក​ទាល់​តែ​សោះ។

23. លុះ​មក​ដល់​ប្រភព​ទឹក​ម៉ារ៉ា ពួក​គេ​ពុំ​អាច​បរិភោគ​ទឹក​នោះ​បាន​ទេ ពី‌ព្រោះ​ទឹក​នៅ​ម៉ារ៉ា​មាន​រស‌ជាតិ​ល្វីង។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ម៉ារ៉ា”។

24. ប្រជា‌ជន​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ​ថា៖ «តើ​ពួក​យើង​បាន​អ្វី​ផឹក?»។

សូមអានជំពូកពេញលេញ និក្ខមនំ 15