គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 13:6-17 Khmer Standard Version (KHSV)

6. ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ចូរ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់។

7. ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នោះ ត្រូវ​បរិភោគ​តែ​នំប៉័ង​ឥត​មេ មិន​ត្រូវ​ឲ្យ​មាន​នំប៉័ង​មាន​មេ​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ក៏​មិន​ត្រូវ​មាន​មេ​នំប៉័ង​នៅ​លើ​ទឹក​ដី​របស់​អ្នក​ដែរ។

8. នៅ​ថ្ងៃ​បុណ្យ​នោះ អ្នក​រាល់​គ្នា​ត្រូវ​រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ថា: “ពួក​យើង​ធ្វើ​បុណ្យ​នេះ ដ្បិត​ព្រះ‌អម្ចាស់​បាន​ជួយ​ពួក​យើង​ឲ្យ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប”។

9. ពិធី​បុណ្យ​នេះ​ជា​សេចក្ដី​រំឭក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចង​ចាំ ហើយ​ប្រកាស​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។

10. ដូច្នេះ រៀង​រាល់​ឆ្នាំ ពេល​ដល់​ថ្ងៃ​កំណត់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ច្បាប់​នេះ។

11. ពេល​ព្រះ‌អម្ចាស់​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ជា​ទឹក​ដី​ដែល​ព្រះ‌អង្គ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​នោះ

12. អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​កូន​ប្រុស​ច្បង និង​កូន​ឈ្មោល​ដំបូង​របស់​ហ្វូង​សត្វ​ទៅ​ព្រះ‌អម្ចាស់ ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់។

13. ចំណែក​ឯ​កូន​ដំបូង​របស់​សត្វ​លា នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​មក​ថ្វាយ​ជំនួស​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​របស់​អ្នក​រាល់​គ្នា​ដែរ។

14. នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: ព្រះ‌អម្ចាស់​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។

15. ពេល​នោះ ស្ដេច​ផារ៉ោន​មិន​ព្រម​អនុញ្ញាត​ឲ្យ​ពួក​យើង​ចេញ​មក​ទេ។ ដូច្នេះ ព្រះ‌អម្ចាស់​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប គឺ​ទាំង​កូន​ច្បង​របស់​មនុស្ស ទាំង​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​យក​កូន​ឈ្មោល​ដំបូង​ទាំង​អស់​របស់​សត្វ​បូជា​ថ្វាយ​ព្រះ‌អម្ចាស់ តែ​ពួក​យើង​លោះ​កូន​ប្រុស​ច្បង​របស់​ពួក​យើង​វិញ។

16. យញ្ញ‌បូជា​នេះ​ជា​សេចក្ដី​រំឭក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។

17. ពេល​ព្រះចៅ​ផារ៉ោន​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ​នោះ ព្រះ‌ជាម្ចាស់​ពុំ​បាន​នាំ​ពួក​គេ​តាម​ផ្លូវ​ទៅ​ស្រុក​ភីលីស្ទីន​ទេ ទោះ​បី​ផ្លូវ​នោះ​ជា​ផ្លូវ​ជិត​ក៏​ដោយ ដ្បិត​ព្រះ‌អង្គ​នឹក​គិត​ថា ប្រសិន​បើ​ប្រជា‌ជន​ជួប​ប្រទះ​នឹង​សង្គ្រាម ពួក​គេ​អាច​ដូរ​គំនិត ហើយ​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។

សូមអានជំពូកពេញលេញ និក្ខមនំ 13