គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 10:4-14 Khmer Standard Version (KHSV)

4. បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​ទេ ថ្ងៃ​ស្អែក យើង​នឹង​ប្រើ​ហ្វូង​កណ្ដូប​ឲ្យ​ចូល​មក​រាត​ត្បាត​ដែន​ដី​របស់​អ្នក។

5. វា​នឹង​មក​ទំ​ពាស‌ពេញ​ក្នុង​ស្រុក រហូត​ដល់​មើល​ដី​លែង​ឃើញ​ទៀត។ វា​នឹង​ស៊ី​ផល​ដំណាំ​ដែល​នៅ​សេស‌សល់​ពី​ព្រឹល វា​នឹង​ស៊ី​បង្ហិន​ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ដែល​ដុះ​នៅ​តាម​ទី​វាល។

6. វា​នឹង​ចូល​ពេញ​ក្នុង​វាំង​របស់​អ្នក ព្រម​ទាំង​ក្នុង​ផ្ទះ​របស់​ពួក​នាម៉ឺន​មន្ត្រី​ទាំង​អស់ និង​ផ្ទះ​របស់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ទៀត​ផង។ តាំង​ពី​ដូនតា​របស់​អ្នក​រហូត​មក​ទល់​សព្វ​ថ្ងៃ មិន​ដែល​មាន​នរណា​ជួប​ប្រទះ​ហេតុ‌ការណ៍​បែប​នេះ​ឡើយ”»។ បន្ទាប់​មក លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន។

7. ពួក​នាម៉ឺន​មន្ត្រី​ទាំង​ប៉ុន្មាន​ទូល​ស្ដេច​ថា៖ «តើ​ជន​នេះ​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​លំបាក​ដល់​កាល​ណា​ទៀត? សូម​ព្រះ‌ករុណា​បើក​ឲ្យ​ពួក​គេ​ចេញ​ទៅ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ​ទៅ តើ​ព្រះ‌ករុណា​មិន​ទាន់​ជ្រាប​ថា ស្រុក​អេស៊ីប​កំពុង​តែ​វិនាស​ទេ​ឬ?»។

8. គេ​នាំ​លោក​ម៉ូសេ និង​លោក​អើរ៉ុន មក​គាល់​ព្រះ‌ចៅ​ផារ៉ោន ហើយ​ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ! ប៉ុន្តែ តើ​អ្នក​ណា​ខ្លះ​ត្រូវ​ចេញ​ទៅ?»។

9. លោក​ម៉ូសេ​ទូល​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស និង​កូន​ស្រី ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​នឹង​ចេញ​ទៅ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌អម្ចាស់»។

10. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ថា យើង​មិន​បើក​ឲ្យ​អ្នក​រាល់​គ្នា​នាំ​គ្រួសារ​ចេញ​ទៅ​ជា​មួយ​ឡើយ ព្រោះ​យើង​ដឹង​ថា អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់។

11. ទេ មិន​កើត​ទេ! ទុក​ឲ្យ​តែ​ប្រុសៗ ចេញ​ទៅ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​បាន​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុំ​ដូច្នេះ»។ បន្ទាប់​មក គេ​ក៏​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ព្រះចៅ​ផារ៉ោន។

12. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លាត​ដៃ​របស់​អ្នក​លើ​ស្រុក​អេស៊ីប ដើម្បី​នាំ​ហ្វូង​កណ្ដូប​មក​លើ​ស្រុក​នេះ ហើយ​វា​នឹង​ស៊ី​អ្វីៗ​ទាំង​អស់ ដែល​នៅ​សេស‌សល់​ពី​ព្រឹល»។

13. លោក​ម៉ូសេ​លើក​ដំបង​របស់​លោក​ទៅ​លើ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក​លើ​ស្រុក​អេស៊ីប អស់​មួយ​ថ្ងៃ​មួយ​យប់។ លុះ​ព្រឹក​ឡើង ខ្យល់​ពី​ទិស​ខាង​កើត​នាំ​ហ្វូង​កណ្ដូប​មក។

14. ហ្វូង​កណ្ដូប​ហើរ​ចូល​មក​ស្រុក​អេស៊ីប​ទាំង​មូល ហើយ​ទំ​ពាស‌ពេញ​លើ​ដែន​ដី។ វា​មាន​ចំនួន​ច្រើន​ឥត​គណនា តាំង​ពី​ដើម​រៀង​មក គេ​មិន​ដែល​ជួប​ប្រទះ​ដូច្នេះ​ទេ ហើយ​ត​ទៅ​មុខ​ទៀត ក៏​នឹង​គ្មាន​បែប​នេះ​ដែរ។

សូមអានជំពូកពេញលេញ និក្ខមនំ 10