គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 10:14-26 Khmer Standard Version (KHSV)

14. ហ្វូង​កណ្ដូប​ហើរ​ចូល​មក​ស្រុក​អេស៊ីប​ទាំង​មូល ហើយ​ទំ​ពាស‌ពេញ​លើ​ដែន​ដី។ វា​មាន​ចំនួន​ច្រើន​ឥត​គណនា តាំង​ពី​ដើម​រៀង​មក គេ​មិន​ដែល​ជួប​ប្រទះ​ដូច្នេះ​ទេ ហើយ​ត​ទៅ​មុខ​ទៀត ក៏​នឹង​គ្មាន​បែប​នេះ​ដែរ។

15. វា​ទំ​ពាស‌ពេញ​ផ្ទៃ​ដី​ទាំង​មូល ធ្វើ​ឲ្យ​ផ្ទៃ​ដី​ខ្មៅ​ងងឹត។ វា​ស៊ី​បង្ហិន​អ្វីៗ​ទាំង​អស់ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ពី​ព្រឹល។ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល​គ្មាន​សល់​ស្លឹក​ឈើ ឬ​ស្មៅ នៅ​តាម​វាល​ឡើយ។

16. ពេល​នោះ ព្រះចៅ​ផារ៉ោន​ក៏​ប្រញាប់​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ខុស​នឹង​អ្នក​ទាំង​ពីរ​ដែរ។

17. ឥឡូវ​នេះ សុំ​អត់‌ទោស​ឲ្យ​យើង​ម្ដង​ទៀត​ចុះ ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា សូម​ទ្រង់​ដក​គ្រោះ​កាច​ដ៏​សាហាវ​នេះ ចេញ​ពី​យើង​ទៅ»។

18. លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់។

19. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​ពី​ទិស​ខាង​លិច នាំ​ហ្វូង​កណ្ដូប​ទាំង​ប៉ុន្មាន ទម្លាក់​ក្នុង​សមុទ្រ​កក់​អស់​ទៅ ដោយ​ពុំ​ទុក​ឲ្យ​មាន​សល់​កណ្ដូប​ណា​មួយ​នៅ​លើ​ទឹក​ដី​អេស៊ីប​ឡើយ។

20. ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ព្រះ‌ចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ ស្ដេច​មិន​បើក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ​ទេ។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ភាព​ងងឹត​អន្ធការ​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីប គឺ​ភាព​ងងឹត​សូន្យ‌សុង មើល​អ្វី​មិន​ឃើញ​ឡើយ»។

22. លោក​ម៉ូសេ​លើក​ដៃ​ទៅ​លើ​មេឃ ពេល​នោះ ភាព​ងងឹត​សូន្យ‌សុង​ក៏​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីប​ទាំង​មូល​អស់​រយៈ​ពេល​បី​ថ្ងៃ។

23. ក្នុង​អំឡុង​បី​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ដែរ។ រីឯ​តំបន់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​មាន​ពន្លឺ។

24. ព្រះចៅ​ផារ៉ោន​ក៏​ឲ្យ​គេ​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ចុះ តែ​ត្រូវ​ទុក​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​ទី​នេះ។ អ្នក​រាល់​គ្នា​អាច​យក​ក្មេងៗ​ទៅ​ជា​មួយ​បាន»។

25. លោក​ម៉ូសេ​ទូល​ស្ដេច​វិញ​ថា៖ «សូម​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​នាំ​សត្វ​ទាំង​នោះ​ទៅ​ជា​មួយ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា និង​ជា​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។

26. យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទាំង​អស់​ទៅ​ជា​មួយ ដោយ​ឥត​ទុក​សត្វ​ណា​មួយ​ឲ្យ​នៅ​ទី​នេះ​ទេ។ យើង​ខ្ញុំ​ត្រូវ​ថ្វាយ​ពួក​វា​មួយ​ចំនួន​ដល់​ព្រះ‌អម្ចាស់ ប៉ុន្តែ មុន​នឹង​ទៅ​ដល់​ទី‌ដៅ យើង​ខ្ញុំ​ក៏​ពុំ​បាន​ដឹង​ថា តើ​ត្រូវ​ថ្វាយ​សត្វ​ណា​នៅ​ឡើយ»។

សូមអានជំពូកពេញលេញ និក្ខមនំ 10