គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 9:5-24 Khmer Standard Version (KHSV)

5. ជន‌ជាតិ​យូដា​បាន​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ដោយ​មុខ​ដាវ។ ពួក​គេ​កាប់​សម្លាប់ និង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ចិត្ត​របស់​ខ្លួន។

6. គ្រាន់​តែ​នៅ​ក្រុង​ស៊ូសាន ជន‌ជាតិ​យូដា​បាន​ប្រហារ​ជីវិត​សត្រូវ​អស់​ប្រាំ​រយ​នាក់។

7. ពួក​គេ​ក៏​បាន​ប្រហារ​ជីវិត​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា

8. ផូរ៉ា‌ថា អដា‌លា អើរី‌ដាថា

9. ផើម៉ាស‌ថា អើរី‌សាយ អរី‌ដាយ និង​វ៉ាយេ‌សាថា

10. ជា​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាំម្ដា‌ថា ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។ ប៉ុន្តែ ជន‌ជាតិ​យូដា​ពុំ​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។

11. នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌រាជា​ជ្រាប​ដំណឹង​អំពី​ចំនួន​អស់​អ្នក ដែល​ជន‌ជាតិ​យូដា​បាន​សម្លាប់​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី។

12. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ថា៖ «គ្រាន់​តែ​នៅ​ក្នុង​ក្រុង​ស៊ូសាន​ជា​រាជ​ធានី ជន‌ជាតិ​យូដា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ប្រាំ​រយ​នាក់ ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ហាម៉ាន ទាំង​ដប់​នាក់។ ដូច្នេះ ក្នុង​អាណា‌ខេត្ត​ទាំង​មូល​មិន​ដឹង​ជា​ពួក​គេ​សម្លាប់​អស់​ប៉ុន្មាន​នាក់​ទេ។ ប៉ុន្តែ តើ​ព្រះ‌នាង​ចង់​បាន​អ្វី​ទៀត យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ ព្រះ‌នាង​សុំ​អ្វី​ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។

13. ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នៅ​ថ្ងៃ​ស្អែក សូម​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ជន‌ជាតិ​យូដា​ប្រព្រឹត្ត ដូច​ថ្ងៃ​នេះ​នៅ​ក្រុង​ស៊ូសាន​ដែរ។ សូម​ឲ្យ​គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ទៅ​ព្យួរ​លើ​បង្គោល​នោះ​ផង»។

14. ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ ហើយ​គេ​ប្រកាស​រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន។ គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន​ទៅ​ព្យួរ។

15. ជន‌ជាតិ​យូដា​បាន​ជួប‌ជុំ​គ្នា​ក្នុង​ក្រុង​ស៊ូសាន នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន​ដែរ ហើយ​ប្រហារ​ជីវិត​មនុស្ស​បី​រយ​នាក់​ទៀត តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។

16. ជន‌ជាតិ​យូដា​ឯ​ទៀតៗ​ដែល​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ នៅ​ថ្ងៃ​ទី​ដប់​បី​នៃ​ខែ​ផល្គុន​នោះ ពួក​គេ​ប្រហារ​ជីវិត​បច្ចា‌មិត្ត​អស់​ប្រាំ‌ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទេ។

17. នៅ​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។

18. ចំណែក​ឯ​ជន‌ជាតិ​យូដា​នៅ​ក្រុង​ស៊ូសាន​វិញ ពួក​គេ​ជួប‌ជុំ​គ្នា​សង‌សឹក​ខ្មាំង​សត្រូវ នៅ​ថ្ងៃ​ទី​ដប់​បី និង​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។

19. ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នៅ​ក្រៅ​ទីក្រុង នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​ជប់‌លៀង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន ព្រម​ទាំង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

20. លោក​ម៉ាដេ‌កាយ​សរសេរ​លិខិត​ផ្ញើ​ជូន​ជន‌ជាតិ​យូដា​ទាំង​អស់ នៅ​តាម​អាណា‌ខេត្ត​នានា​របស់​ព្រះចៅ​អហា‌ស៊ូរុស គឺ​ទាំង​អ្នក​នៅ​ជិត ទាំង​អ្នក​នៅ​ឆ្ងាយ

21. បង្គាប់​ឲ្យ​ពួក​គេ​គោរព​ថ្ងៃ​ទី​ដប់‌បួន និង​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ផល្គុន ទុក​ជា​ថ្ងៃ​បុណ្យ​រៀង​រាល់​ឆ្នាំ​រហូត​ត​ទៅ

22. ដ្បិត​ថ្ងៃ​នោះ ជន‌ជាតិ​យូដា​បាន​រំដោះ​ជីវិត​ខ្លួន​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ នៅ​ខែ​នោះ ទុក្ខ​ព្រួយ​របស់​ពួក​គេ​បាន​ផ្លាស់​ប្រែ​ជា​អំណរ​សប្បាយ ការ​កាន់​ទុក្ខ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​រីក‌រាយ។ ពួក​គេ​ត្រូវ​ញែក​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ជា​ថ្ងៃ​ដែល​ត្រូវ​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ចែក​ទាន​ដល់​ជន​ក្រីក្រ​ទៀត​ផង។

23. ជន‌ជាតិ​យូដា​បាន​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេ‌កាយ​បង្គាប់ ហើយ​ចាត់​ទុក​ថ្ងៃ​បុណ្យ​ដែល​គេ​ប្រារព្ធ​ធ្វើ​ជា​លើក​ដំបូង​នោះ ជា​បុណ្យ​ប្រពៃ‌ណី​ត​រៀង​មក

24. ដើម្បី​រំឭក​ពី​គ្រា​ដែល​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា គឺ​លោក​ហាម៉ាន​ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បាន​រៀប‌ចំ​គម្រោង‌ការ​ប្រល័យ​ពូជ‌សាសន៍​យូដា។ លោក​ហាម៉ាន​បាន​បោះ​ពួរីម ដើម្បី​ផ្សង​រក​មើល​ថ្ងៃ​ល្អ សម្រាប់​ធ្វើ​ទុក្ខ​ទោស និង​ប្រល័យ​ពូជ‌សាសន៍​យូដា។

សូមអានជំពូកពេញលេញ នាង​អេសធើរ 9