គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 9:19-26 Khmer Standard Version (KHSV)

19. ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នៅ​ក្រៅ​ទីក្រុង នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​ជប់‌លៀង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន ព្រម​ទាំង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

20. លោក​ម៉ាដេ‌កាយ​សរសេរ​លិខិត​ផ្ញើ​ជូន​ជន‌ជាតិ​យូដា​ទាំង​អស់ នៅ​តាម​អាណា‌ខេត្ត​នានា​របស់​ព្រះចៅ​អហា‌ស៊ូរុស គឺ​ទាំង​អ្នក​នៅ​ជិត ទាំង​អ្នក​នៅ​ឆ្ងាយ

21. បង្គាប់​ឲ្យ​ពួក​គេ​គោរព​ថ្ងៃ​ទី​ដប់‌បួន និង​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ផល្គុន ទុក​ជា​ថ្ងៃ​បុណ្យ​រៀង​រាល់​ឆ្នាំ​រហូត​ត​ទៅ

22. ដ្បិត​ថ្ងៃ​នោះ ជន‌ជាតិ​យូដា​បាន​រំដោះ​ជីវិត​ខ្លួន​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ នៅ​ខែ​នោះ ទុក្ខ​ព្រួយ​របស់​ពួក​គេ​បាន​ផ្លាស់​ប្រែ​ជា​អំណរ​សប្បាយ ការ​កាន់​ទុក្ខ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​រីក‌រាយ។ ពួក​គេ​ត្រូវ​ញែក​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ជា​ថ្ងៃ​ដែល​ត្រូវ​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ចែក​ទាន​ដល់​ជន​ក្រីក្រ​ទៀត​ផង។

23. ជន‌ជាតិ​យូដា​បាន​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេ‌កាយ​បង្គាប់ ហើយ​ចាត់​ទុក​ថ្ងៃ​បុណ្យ​ដែល​គេ​ប្រារព្ធ​ធ្វើ​ជា​លើក​ដំបូង​នោះ ជា​បុណ្យ​ប្រពៃ‌ណី​ត​រៀង​មក

24. ដើម្បី​រំឭក​ពី​គ្រា​ដែល​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា គឺ​លោក​ហាម៉ាន​ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បាន​រៀប‌ចំ​គម្រោង‌ការ​ប្រល័យ​ពូជ‌សាសន៍​យូដា។ លោក​ហាម៉ាន​បាន​បោះ​ពួរីម ដើម្បី​ផ្សង​រក​មើល​ថ្ងៃ​ល្អ សម្រាប់​ធ្វើ​ទុក្ខ​ទោស និង​ប្រល័យ​ពូជ‌សាសន៍​យូដា។

25. ប៉ុន្តែ នៅ​ពេល​ព្រះ‌នាង​អេសធើរ​ចូល​គាល់​ព្រះ‌រាជា នោះ​ស្ដេច​បាន​ចេញ​បញ្ជា ដោយ​លាយ‌លក្ខណ៍​អក្សរ ឲ្យ​គេ​ព្យួរ-ក​លោក​ហាម៉ាន និង​កូនៗ​របស់​គាត់ គឺ​ទុក្ខ​ទោស​ដែល​គាត់​គ្រោង​ទុក​សម្រាប់​ជន‌ជាតិ​យូដា បាន​ធ្លាក់​មក​លើ​គាត់​វិញ។

26. ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ថ្ងៃ​នោះ​ថា ថ្ងៃ​បុណ្យ​ពួរីម តាម​ឈ្មោះ​ប្រដាប់​ផ្សង​ពួរីម។ ជន‌ជាតិ​យូដា​ប្រារព្ធ​បុណ្យ​នោះ ដើម្បី​រំឭក​ពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​ឡើង ដូច​មាន​ចែង​ទុក​ក្នុង​លិខិត​របស់​លោក​ម៉ាដេ‌កាយ ហើយ​ពួក​គេ​ក៏​បាន​ឃើញ ព្រម​ទាំង​ជួប​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ដែរ។

សូមអានជំពូកពេញលេញ នាង​អេសធើរ 9