6. ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងទុក្ខវេទនាដែលកើតមានដល់ប្រជាជនរបស់ខ្ញុំម្ចាស់បែបនេះបានទេ។ ពិតមែនហើយ ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម មិនអើពើនឹងការវិនាសនៃពូជសាសន៍របស់ខ្ញុំម្ចាស់បានឡើយ!»។
7. ព្រះចៅអហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរ និងលោកម៉ាដេកាយដែលជាជនជាតិយូដាថា៖ «យើងបានប្រគល់វិមានរបស់លោកហាម៉ានថ្វាយព្រះនាងអេសធើរ ហើយក៏បានឲ្យគេព្យួរ-កលោកហាម៉ាននៅលើបង្គោល ព្រោះតែគាត់ចង់ធ្វើបាបជនជាតិយូដាដែរ។
8. ឥឡូវនេះ សូមព្រះមហាក្សត្រិយានី និងលោក រៀបរៀងរាជសារមួយ ក្នុងនាមព្រះមហាក្សត្រ ជារាជសារដែលផ្ដល់ការអនុគ្រោះដល់ជនជាតិយូដា រួចត្រូវប្រថាប់ត្រាហ្លួងផង ដ្បិតរាជបញ្ជាដែលយើងបានចេញប្រកាសផុតទៅហើយនោះ ពុំអាចប្រែប្រួលបានទេ»។
9. នៅថ្ងៃដដែលនោះ គឺថ្ងៃទីម្ភៃបីក្នុងខែជេស្ឋ គេក៏បានកោះហៅពួកស្មៀនហ្លួងមក ហើយប្រាប់ឲ្យសរសេររាជសារ តាមសេចក្ដីដែលម៉ាដេកាយបង្គាប់ ផ្ញើទៅជនជាតិយូដា ពួកមេទ័ព ពួកទេសាភិបាល និងមេដឹកនាំអាណាខេត្តទាំងអស់ ចាប់ពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី គឺមានទាំងអស់មួយរយម្ភៃប្រាំពីរអាណាខេត្ត។ រាជសារទាំងនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ។ រីឯជនជាតិយូដាក៏បានទទួលរាជសារតាមភាសា និងអក្សររបស់ខ្លួនផ្ទាល់ដែរ។
10. គេបានសរសេររាជសារក្នុងនាមព្រះចៅអហាស៊ូរុស ប្រថាប់ត្រាហ្លួង ហើយអ្នកនាំសារត្រូវជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជសារទៅចែកផ្សាយ។
11. ក្នុងលិខិតនោះ ព្រះរាជាអនុញ្ញាតឲ្យជនជាតិយូដា នៅក្នុងទីក្រុងទាំងមូលប្រមូលផ្ដុំគ្នា ការពារអាយុជីវិតរបស់ខ្លួន។ ជនជាតិយូដាក៏មានសិទ្ធិសម្លាប់រង្គាលអស់អ្នកនៅក្នុងចំណោមជាតិសាសន៍ ឬនៅតាមអាណាខេត្តទាំងឡាយ ដែលបៀតបៀនខ្លួនដែរ។ ពួកគេក៏អាចសម្លាប់ប្រពន្ធកូនរបស់អ្នកទាំងនោះ ហើយរឹបអូសយកទ្រព្យសម្បត្តិទៀតផង។