គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 8:1-8 Khmer Standard Version (KHSV)

1. នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌ចៅ​អហា‌ស៊ូរុស​ប្រទាន​វិមាន​របស់​លោក​ហាម៉ាន ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា ទៅ​ឲ្យ​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ។ ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ឲ្យ​បាន​ជ្រាប​ថា លោក​ម៉ាដេ‌កាយ​ត្រូវ​ជា​សាច់‌ញាតិ​របស់​ព្រះ‌នាង ដូច្នេះ លោក​ម៉ាដេ‌កាយ​ក៏​ចូល​មក​គាល់​ស្ដេច។

2. ពេល​នោះ ព្រះ‌រាជា​យក​ត្រា​ព្រះ‌ទម្រង់ ដែល​ទ្រង់​បាន​ដក​ហូត​ពី​លោក​ហាម៉ាន មក​ប្រគល់​ជូន​លោក​ម៉ាដេ‌កាយ។ ព្រះ‌នាង​អេសធើរ​ក៏​បាន​តែង‌តាំង​លោក​ម៉ាដេ‌កាយ ឲ្យ​មើល​ខុស​ត្រូវ​លើ​វិមាន​របស់​លោក​ហាម៉ាន​ដែរ។

3. ព្រះ‌នាង​អេសធើរ​ពុំ​បាន​ឈប់​ត្រឹម​នេះ​ទេ គឺ​ព្រះ‌នាង​ទូល​ស្ដេច​សា​ជា​ថ្មី ទាំង​យំ​សោក នៅ​ទៀប​ព្រះ‌បាទា​របស់​ស្ដេច សូម​ទ្រង់​អាណិត​មេត្តា​លុប​បំបាត់​ច្បាប់​ដ៏​អាក្រក់ ដែល​លោក​ហាម៉ាន ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បាន​បង្កើត​ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា។

4. ព្រះ‌រាជា​ហុច​ដំបង​មាស​ទៅ​ឲ្យ​ព្រះ‌នាង​អេសធើរ ព្រះ‌នាង​អេសធើរ​ក៏​ក្រោក​ឈរ​ឡើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច។

5. ព្រះ‌នាង​មាន​រាជ​សវនីយ៍​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​យល់​ឃើញ​ថា ជា​ការ​ល្អ និង​គួរ​គប្បី ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​គាប់​ព្រះ‌ហឫទ័យ និង​រីក‌រាយ​ចំពោះ​ខ្ញុំ​ម្ចាស់​មែន សូម​បញ្ជា​ឲ្យ​គេ​សរសេរ​លិខិត​មួយ ដើម្បី​ប្រកាស​ទុក​ជា​មោឃៈ នូវ​លិខិត​ដែល​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់​បាន​ចង​ក្រង ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា ឲ្យ​អស់​ពី​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា។

6. ខ្ញុំ​ម្ចាស់​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​ប្រជា‌ជន​របស់​ខ្ញុំ​ម្ចាស់​បែប​នេះ​បាន​ទេ។ ពិត​មែន​ហើយ ខ្ញុំ​ម្ចាស់​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ការ​វិនាស​នៃ​ពូជ‌សាសន៍​របស់​ខ្ញុំ​ម្ចាស់​បាន​ឡើយ!»។

7. ព្រះចៅ​អហា‌ស៊ូរុស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ និង​លោក​ម៉ាដេ‌កាយ​ដែល​ជា​ជន‌ជាតិ​យូដា​ថា៖ «យើង​បាន​ប្រគល់​វិមាន​របស់​លោក​ហាម៉ាន​ថ្វាយ​ព្រះ‌នាង​អេសធើរ ហើយ​ក៏​បាន​ឲ្យ​គេ​ព្យួរ-ក​លោក​ហាម៉ាន​នៅ​លើ​បង្គោល ព្រោះ​តែ​គាត់​ចង់​ធ្វើ​បាប​ជន‌ជាតិ​យូដា​ដែរ។

8. ឥឡូវ​នេះ សូម​ព្រះ‌មហា‌ក្សត្រិ‌យានី និង​លោក រៀប​រៀង​រាជ‌សារ​មួយ ក្នុង​នាម​ព្រះ‌មហា‌ក្សត្រ ជា​រាជ‌សារ​ដែល​ផ្ដល់​ការ​អនុ‌គ្រោះ​ដល់​ជន‌ជាតិ​យូដា រួច​ត្រូវ​ប្រថាប់​ត្រា​ហ្លួង​ផង ដ្បិត​រាជ​បញ្ជា​ដែល​យើង​បាន​ចេញ​ប្រកាស​ផុត​ទៅ​ហើយ​នោះ ពុំ​អាច​ប្រែ‌ប្រួល​បាន​ទេ»។

សូមអានជំពូកពេញលេញ នាង​អេសធើរ 8