គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 8:1-11 Khmer Standard Version (KHSV)

1. នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌ចៅ​អហា‌ស៊ូរុស​ប្រទាន​វិមាន​របស់​លោក​ហាម៉ាន ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា ទៅ​ឲ្យ​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ។ ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ឲ្យ​បាន​ជ្រាប​ថា លោក​ម៉ាដេ‌កាយ​ត្រូវ​ជា​សាច់‌ញាតិ​របស់​ព្រះ‌នាង ដូច្នេះ លោក​ម៉ាដេ‌កាយ​ក៏​ចូល​មក​គាល់​ស្ដេច។

2. ពេល​នោះ ព្រះ‌រាជា​យក​ត្រា​ព្រះ‌ទម្រង់ ដែល​ទ្រង់​បាន​ដក​ហូត​ពី​លោក​ហាម៉ាន មក​ប្រគល់​ជូន​លោក​ម៉ាដេ‌កាយ។ ព្រះ‌នាង​អេសធើរ​ក៏​បាន​តែង‌តាំង​លោក​ម៉ាដេ‌កាយ ឲ្យ​មើល​ខុស​ត្រូវ​លើ​វិមាន​របស់​លោក​ហាម៉ាន​ដែរ។

3. ព្រះ‌នាង​អេសធើរ​ពុំ​បាន​ឈប់​ត្រឹម​នេះ​ទេ គឺ​ព្រះ‌នាង​ទូល​ស្ដេច​សា​ជា​ថ្មី ទាំង​យំ​សោក នៅ​ទៀប​ព្រះ‌បាទា​របស់​ស្ដេច សូម​ទ្រង់​អាណិត​មេត្តា​លុប​បំបាត់​ច្បាប់​ដ៏​អាក្រក់ ដែល​លោក​ហាម៉ាន ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បាន​បង្កើត​ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា។

4. ព្រះ‌រាជា​ហុច​ដំបង​មាស​ទៅ​ឲ្យ​ព្រះ‌នាង​អេសធើរ ព្រះ‌នាង​អេសធើរ​ក៏​ក្រោក​ឈរ​ឡើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច។

5. ព្រះ‌នាង​មាន​រាជ​សវនីយ៍​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​យល់​ឃើញ​ថា ជា​ការ​ល្អ និង​គួរ​គប្បី ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​គាប់​ព្រះ‌ហឫទ័យ និង​រីក‌រាយ​ចំពោះ​ខ្ញុំ​ម្ចាស់​មែន សូម​បញ្ជា​ឲ្យ​គេ​សរសេរ​លិខិត​មួយ ដើម្បី​ប្រកាស​ទុក​ជា​មោឃៈ នូវ​លិខិត​ដែល​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់​បាន​ចង​ក្រង ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា ឲ្យ​អស់​ពី​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា។

6. ខ្ញុំ​ម្ចាស់​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​ប្រជា‌ជន​របស់​ខ្ញុំ​ម្ចាស់​បែប​នេះ​បាន​ទេ។ ពិត​មែន​ហើយ ខ្ញុំ​ម្ចាស់​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ការ​វិនាស​នៃ​ពូជ‌សាសន៍​របស់​ខ្ញុំ​ម្ចាស់​បាន​ឡើយ!»។

7. ព្រះចៅ​អហា‌ស៊ូរុស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ និង​លោក​ម៉ាដេ‌កាយ​ដែល​ជា​ជន‌ជាតិ​យូដា​ថា៖ «យើង​បាន​ប្រគល់​វិមាន​របស់​លោក​ហាម៉ាន​ថ្វាយ​ព្រះ‌នាង​អេសធើរ ហើយ​ក៏​បាន​ឲ្យ​គេ​ព្យួរ-ក​លោក​ហាម៉ាន​នៅ​លើ​បង្គោល ព្រោះ​តែ​គាត់​ចង់​ធ្វើ​បាប​ជន‌ជាតិ​យូដា​ដែរ។

8. ឥឡូវ​នេះ សូម​ព្រះ‌មហា‌ក្សត្រិ‌យានី និង​លោក រៀប​រៀង​រាជ‌សារ​មួយ ក្នុង​នាម​ព្រះ‌មហា‌ក្សត្រ ជា​រាជ‌សារ​ដែល​ផ្ដល់​ការ​អនុ‌គ្រោះ​ដល់​ជន‌ជាតិ​យូដា រួច​ត្រូវ​ប្រថាប់​ត្រា​ហ្លួង​ផង ដ្បិត​រាជ​បញ្ជា​ដែល​យើង​បាន​ចេញ​ប្រកាស​ផុត​ទៅ​ហើយ​នោះ ពុំ​អាច​ប្រែ‌ប្រួល​បាន​ទេ»។

9. នៅ​ថ្ងៃ​ដដែល​នោះ គឺ​ថ្ងៃ​ទី​ម្ភៃ​បី​ក្នុង​ខែ​ជេស្ឋ គេ​ក៏​បាន​កោះ​ហៅ​ពួក​ស្មៀន​ហ្លួង​មក ហើយ​ប្រាប់​ឲ្យ​សរសេរ​រាជ‌សារ តាម​សេចក្ដី​ដែល​ម៉ាដេ‌កាយ​បង្គាប់ ផ្ញើ​ទៅ​ជន‌ជាតិ​យូដា ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​មេ​ដឹក​នាំ​អាណា‌ខេត្ត​ទាំង​អស់ ចាប់​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូ‌ពី គឺ​មាន​ទាំង​អស់​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​អាណា‌ខេត្ត។ រាជ‌សារ​ទាំង​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ។ រីឯ​ជន‌ជាតិ​យូដា​ក៏​បាន​ទទួល​រាជ‌សារ​តាម​ភាសា និង​អក្សរ​របស់​ខ្លួន​ផ្ទាល់​ដែរ។

10. គេ​បាន​សរសេរ​រាជ‌សារ​ក្នុង​នាម​ព្រះ‌ចៅ​អហា‌ស៊ូរុស ប្រថាប់​ត្រា​ហ្លួង ហើយ​អ្នក​នាំ​សារ​ត្រូវ​ជិះ​សេះ​ដែល​មាន​ពូជ​ល្អ យក​ពី​ក្រោល​របស់​ស្ដេច នាំ​រាជ‌សារ​ទៅ​ចែក​ផ្សាយ។

11. ក្នុង​លិខិត​នោះ ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​ជន‌ជាតិ​យូដា នៅ​ក្នុង​ទីក្រុង​ទាំង​មូល​ប្រមូល​ផ្ដុំ​គ្នា ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន។ ជន‌ជាតិ​យូដា​ក៏​មាន​សិទ្ធិ​សម្លាប់​រង្គាល​អស់​អ្នក​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ ឬ​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ ដែល​បៀត‌បៀន​ខ្លួន​ដែរ។ ពួក​គេ​ក៏​អាច​សម្លាប់​ប្រពន្ធ​កូន​របស់​អ្នក​ទាំង​នោះ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទៀត​ផង។

សូមអានជំពូកពេញលេញ នាង​អេសធើរ 8