9. លោកហេកាយពេញចិត្តនឹងនាង ហើយមានចិត្តសន្ដោសចំពោះនាង។ លោកយកចិត្តទុកដាក់ប្រគល់គ្រឿងសំអាងកាយ និងអ្វីៗដ៏ចាំបាច់ដល់នាង ព្រមទាំងនាំភីលៀងប្រាំពីរនាក់ ដែលជ្រើសរើសពីចំណោមពួកភីលៀងក្នុងរាជវាំង ឲ្យនៅបម្រើនាងផង។ លោកប្រគល់បន្ទប់ដ៏ល្អជាងគេក្នុងវិមានស្ត្រីឲ្យនាង និងពួកភីលៀងដែលនៅជាមួយនាង។
10. នាងអេសធើរពុំបានប្រាប់ឲ្យនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ ដ្បិតលោកម៉ាដេកាយបានហាមនាងប្រាប់ឲ្យគេដឹង។
11. រៀងរាល់ថ្ងៃ លោកម៉ាដេកាយតែងតែទៅអើតមើល នៅក្បែរវិមានស្ត្រី ដើម្បីចង់បានដំណឹងពីនាងអេសធើរ ហើយចង់ដឹងថា គេប្រព្រឹត្តចំពោះនាងបែបណា។
12. ស្ត្រីក្រមុំនៅក្នុងវិមានស្ត្រីត្រូវរៀបចំខ្លួនដប់ពីរខែ មុននឹងដល់វេនចូលគាល់ព្រះចៅអហាស៊ូរុស។ ពួកនាងត្រូវសំអាងកាយជាមួយប្រេងទេព្វិរូចំនួនប្រាំមួយខែ ហើយប្រាំមួយខែទៀតជាមួយប្រេងក្រអូប និងគ្រឿងសំអាងកាយផ្សេងៗសម្រាប់ស្ត្រី ស្របតាមពិធីការដែលមានចែងទុក។
13. ពេលនាងត្រូវចូលទៅគាល់ស្ដេច នាងចង់យកអ្វីជាប់ជាមួយខ្លួនពីវិមានស្ត្រីទៅរាជវាំង គេប្រគល់ឲ្យទាំងអស់។
14. នាងទៅគាល់ស្ដេចនៅពេលល្ងាច លុះព្រលឹមឡើង នាងទៅនៅក្នុងវិមានមួយទៀត ដែលស្ថិតនៅក្រោមការថែទាំរបស់លោកសាសកាស ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាក្រុមមហេសី។ នាងគ្មានសិទ្ធិវិលមករកស្ដេចវិញទេ លើកលែងតែស្ដេចចង់បាននាង ហើយហៅនាងចំឈ្មោះ។
15. លុះដល់វេននាងត្រូវចូលគាល់ស្ដេច នាងអេសធើរ ជាកូនរបស់លោកអប៊ីហែល ដែលត្រូវជាឪពុកមារបស់លោកម៉ាដេកាយហើយលោកម៉ាដេកាយ បានយកនាងមកចិញ្ចឹម នាងអេសធើរពុំបានទាមទារសុំអ្វី ក្រៅពីរបស់ដែលលោកហេកាយ ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាពួកស្ត្រី ប្រគល់ឲ្យនោះឡើយ។ នាងអេសធើរជាស្ត្រីម្នាក់ ដែលគេស្រឡាញ់រាប់អានគ្រប់ៗគ្នា។
16. គេបានមកនាំនាងយកទៅថ្វាយព្រះចៅអហាស៊ូរុស នៅព្រះបរមរាជវាំង នាខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច។
17. ព្រះរាជាស្រឡាញ់នាងអេសធើរលើសស្ត្រីឯទៀតៗ ស្ដេចគាប់ព្រះហឫទ័យនឹងនាង ហើយមានព្រះហឫទ័យសន្ដោសចំពោះនាង លើសស្ត្រីក្រមុំព្រហ្មចារីឯទៀតៗ។ ពេលនោះ ស្ដេចក៏បំពាក់មកុដរាជ្យលើនាង ហើយលើកនាងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី។
18. ក្នុងឱកាសអភិសេកព្រះនាងអេសធើរ ព្រះរាជាបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមេដឹកនាំ និងពួកមន្ត្រី។ ស្ដេចប្រកាសថ្ងៃឈប់សម្រាកនៅតាមអាណាខេត្តទាំងអស់ ព្រមទាំងចែកអំណោយទានដោយព្រះហឫទ័យទូលំទូលាយ។
19. នៅគ្រាដែលគេប្រមូលស្ត្រីព្រហ្មចារីជាលើកទីពីរ លោកម៉ាដេកាយមានមុខងារក្នុងក្រុមអ្នកយាមរាជវាំង។
20. មកទល់ពេលនោះ ព្រះនាងអេសធើរពុំទាន់ប្រាប់ឲ្យនរណាដឹងអំពីជាតិសាសន៍ និងដើមកំណើតរបស់ព្រះនាងទេ គឺព្រះនាងធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ក្នុងកាលដែលព្រះនាងស្ថិតនៅក្រោមអាណាព្យាបាលរបស់គាត់នៅឡើយ។
21. នៅគ្រានោះ គឺគ្រាដែលលោកម៉ាដេកាយធ្វើការក្នុងក្រុមយាមទ្វាររាជវាំង មានមហាតលិកពីរនាក់ ដែលជាអ្នករក្សាទ្វារបន្ទប់របស់ស្ដេច គឺលោកប៊ីកថាន និងលោកថេរែស មានកំហឹងជាខ្លាំង ហើយប៉ុនប៉ងធ្វើគុតព្រះចៅអហាស៊ូរុស។
22. លោកម៉ាដេកាយដឹងគម្រោងការរបស់ពួកគេ លោកក៏បញ្ជូនដំណឹងទៅព្រះនាងអេសធើរ ហើយព្រះនាងអេសធើរក៏យកទៅទូលស្ដេចក្នុងនាមលោកម៉ាដេកាយ។
23. គេបានធ្វើអង្កេតរឿងនេះ ឃើញថាជាការពិតមែន គេក៏ព្យួរ-កមហាតលិកទាំងពីរនៅលើបង្គោលមួយ។ ហេតុការណ៍នេះមានកត់ត្រាទុកនៅចំពោះព្រះភ័ក្ត្រស្ដេច ក្នុងសៀវភៅប្រវត្តិសាស្ត្រ។