គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 2:6-15 Khmer Standard Version (KHSV)

6. លោក​ត្រូវ​គេ​កៀរ​មក​ពី​ក្រុង​យេរូ‌សាឡឹម ជា​មួយ​ឈ្លើយ​សឹក​ឯ​ទៀតៗ ដែល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ចាប់​យក​មក​ជា​មួយ​ព្រះ‌បាទ​យេកូ‌នាស ជា​ស្ដេច​ស្រុក​យូដា។

7. នៅ​គ្រា​នោះ លោក​ជា​អ្នក​អាណា​ព្យាបាល​របស់​នាង​ហាដា‌សា គឺ​នាង​អេសធើរ ដែល​ជា​កូន​ស្រី​របស់​ឪពុក​មា​លោក។ នាង​អេសធើរ​គ្មាន​ឪពុក‌ម្ដាយ​ទេ នាង​ជា​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត។ ពេល​ឪពុក‌ម្ដាយ​របស់​នាង​ស្លាប់​អស់​ទៅ លោក​ម៉ាដេ‌កាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ដូច​ជា​កូន។

8. នៅ​ពេល​ស្ដេច​ចេញ​រាជ​បញ្ជា និង​រាជ​ក្រឹត្យ​រួច​ហើយ គេ​ប្រមូល​បាន​ស្ត្រី​ក្រមុំ​ជា​ច្រើន​មក​ទុក​នៅ​រាជ‌ធានី​ស៊ូសាន ឲ្យ​លោក​ហេកាយ​មើល​ថែ​ទាំ។ គេ​ក៏​បាន​នាំ​នាង​អេសធើរ​មក​ក្នុង​ព្រះ‌បរម‌រាជ‌វាំង ហើយ​ប្រគល់​ឲ្យ​លោក​ហេកាយ ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​ដែរ។

9. លោក​ហេកាយ​ពេញ​ចិត្ត​នឹង​នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង។ លោក​យក​ចិត្ត​ទុក​ដាក់​ប្រគល់​គ្រឿង​សំអាង​កាយ និង​អ្វីៗ​ដ៏​ចាំ‌បាច់​ដល់​នាង ព្រម​ទាំង​នាំ​ភីលៀង​ប្រាំ‌ពីរ​នាក់ ដែល​ជ្រើស​រើស​ពី​ចំណោម​ពួក​ភីលៀង​ក្នុង​រាជ‌វាំង ឲ្យ​នៅ​បម្រើ​នាង​ផង។ លោក​ប្រគល់​បន្ទប់​ដ៏​ល្អ​ជាង​គេ​ក្នុង​វិមាន​ស្ត្រី​ឲ្យ​នាង និង​ពួក​ភីលៀង​ដែល​នៅ​ជា​មួយ​នាង។

10. នាង​អេសធើរ​ពុំ​បាន​ប្រាប់​ឲ្យ​នរណា​ដឹង អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​នាង​ទេ ដ្បិត​លោក​ម៉ាដេ‌កាយ​បាន​ហាម​នាង​ប្រាប់​ឲ្យ​គេ​ដឹង។

11. រៀង​រាល់​ថ្ងៃ លោក​ម៉ាដេ‌កាយ​តែងតែ​ទៅ​អើត​មើល នៅ​ក្បែរ​វិមាន​ស្ត្រី ដើម្បី​ចង់​បាន​ដំណឹង​ពី​នាង​អេសធើរ ហើយ​ចង់​ដឹង​ថា គេ​ប្រព្រឹត្ត​ចំពោះ​នាង​បែប​ណា។

12. ស្ត្រី​ក្រមុំ​នៅ​ក្នុង​វិមាន​ស្ត្រី​ត្រូវ​រៀបចំ​ខ្លួន​ដប់‌ពីរ​ខែ មុន​នឹង​ដល់​វេន​ចូល​គាល់​ព្រះចៅ​អហា‌ស៊ូរុស។ ពួក​នាង​ត្រូវ​សំអាង​កាយ​ជា​មួយ​ប្រេង​ទេព្វិរូ​ចំនួន​ប្រាំ​មួយ​ខែ ហើយ​ប្រាំ​មួយ​ខែ​ទៀត​ជា​មួយ​ប្រេង​ក្រអូប និង​គ្រឿង​សំអាង​កាយ​ផ្សេងៗ​សម្រាប់​ស្ត្រី ស្រប​តាម​ពិធី​ការ​ដែល​មាន​ចែង​ទុក។

13. ពេល​នាង​ត្រូវ​ចូល​ទៅ​គាល់​ស្ដេច នាង​ចង់​យក​អ្វី​ជាប់​ជា​មួយ​ខ្លួន​ពី​វិមាន​ស្ត្រី​ទៅ​រាជ‌វាំង គេ​ប្រគល់​ឲ្យ​ទាំង​អស់។

14. នាង​ទៅ​គាល់​ស្ដេច​នៅ​ពេល​ល្ងាច លុះ​ព្រលឹម​ឡើង នាង​ទៅ​នៅ​ក្នុង​វិមាន​មួយ​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​លោក​សាស‌កាស ជា​មហា‌តលិក​របស់​ស្ដេច និង​ជា​អ្នក​ថែ‌រក្សា​ក្រុម​មហេសី។ នាង​គ្មាន​សិទ្ធិ​វិល​មក​រក​ស្ដេច​វិញ​ទេ លើក‌លែង​តែ​ស្ដេច​ចង់​បាន​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។

15. លុះ​ដល់​វេន​នាង​ត្រូវ​ចូល​គាល់​ស្ដេច នាង​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌ហែល ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​ម៉ាដេ‌កាយ​ហើយ​លោក​ម៉ាដេ‌កាយ បាន​យក​នាង​មក​ចិញ្ចឹម នាង​អេសធើរ​ពុំ​បាន​ទាម‌ទារ​សុំ​អ្វី ក្រៅ​ពី​របស់​ដែល​លោក​ហេកាយ ជា​មហា‌តលិក​របស់​ស្ដេច និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី ប្រគល់​ឲ្យ​នោះ​ឡើយ។ នាង​អេសធើរ​ជា​ស្ត្រី​ម្នាក់ ដែល​គេ​ស្រឡាញ់​រាប់​អាន​គ្រប់ៗ​គ្នា។

សូមអានជំពូកពេញលេញ នាង​អេសធើរ 2