គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 2:3-10 Khmer Standard Version (KHSV)

3. សូម​ព្រះ‌ករុណា​ចេញ​បញ្ជា​ឲ្យ​ពួក​មន្ត្រី ដែល​ស្ថិត​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ទទួល​បន្ទុក​ប្រមូល​ស្ត្រី​ព្រហ្មចារី ដែល​នៅ​ក្មេង ហើយ​មាន​រូប​ឆោម​ស្រស់​ស្អាត យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​រាជ​ធានី​ស៊ូសាន។ សូម​ឲ្យ​លោក​ហេកាយ ដែល​ជា​មហា‌តលិក​របស់​ព្រះ‌ករុណា និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​នាង​ទាំង​នោះ ព្រម​ទាំង​ផ្ដល់​គ្រឿង​សំអាង​កាយ​ផង។

4. ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​នឹង​ស្ត្រី​ក្រមុំ​ណា នាង​នោះ​នឹង​ឡើង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រិ‌យានី​ជំនួស​ព្រះ‌នាង​វ៉ាស‌ធី»។ ព្រះ‌រាជា​គាប់​ព្រះ‌ហឫទ័យ ហើយ​សម្រេច​តាម​សំណើ​នេះ។

5. នៅ​រាជ​ធានី​ស៊ូសាន មាន​ជន‌ជាតិ​យូដា​មួយ​រូប​ឈ្មោះ ម៉ាដេ‌កាយ ជា​កូន​របស់​លោក​យ៉ាអៀរ ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីម៉ាយ និង​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

6. លោក​ត្រូវ​គេ​កៀរ​មក​ពី​ក្រុង​យេរូ‌សាឡឹម ជា​មួយ​ឈ្លើយ​សឹក​ឯ​ទៀតៗ ដែល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ចាប់​យក​មក​ជា​មួយ​ព្រះ‌បាទ​យេកូ‌នាស ជា​ស្ដេច​ស្រុក​យូដា។

7. នៅ​គ្រា​នោះ លោក​ជា​អ្នក​អាណា​ព្យាបាល​របស់​នាង​ហាដា‌សា គឺ​នាង​អេសធើរ ដែល​ជា​កូន​ស្រី​របស់​ឪពុក​មា​លោក។ នាង​អេសធើរ​គ្មាន​ឪពុក‌ម្ដាយ​ទេ នាង​ជា​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត។ ពេល​ឪពុក‌ម្ដាយ​របស់​នាង​ស្លាប់​អស់​ទៅ លោក​ម៉ាដេ‌កាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ដូច​ជា​កូន។

8. នៅ​ពេល​ស្ដេច​ចេញ​រាជ​បញ្ជា និង​រាជ​ក្រឹត្យ​រួច​ហើយ គេ​ប្រមូល​បាន​ស្ត្រី​ក្រមុំ​ជា​ច្រើន​មក​ទុក​នៅ​រាជ‌ធានី​ស៊ូសាន ឲ្យ​លោក​ហេកាយ​មើល​ថែ​ទាំ។ គេ​ក៏​បាន​នាំ​នាង​អេសធើរ​មក​ក្នុង​ព្រះ‌បរម‌រាជ‌វាំង ហើយ​ប្រគល់​ឲ្យ​លោក​ហេកាយ ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​ដែរ។

9. លោក​ហេកាយ​ពេញ​ចិត្ត​នឹង​នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង។ លោក​យក​ចិត្ត​ទុក​ដាក់​ប្រគល់​គ្រឿង​សំអាង​កាយ និង​អ្វីៗ​ដ៏​ចាំ‌បាច់​ដល់​នាង ព្រម​ទាំង​នាំ​ភីលៀង​ប្រាំ‌ពីរ​នាក់ ដែល​ជ្រើស​រើស​ពី​ចំណោម​ពួក​ភីលៀង​ក្នុង​រាជ‌វាំង ឲ្យ​នៅ​បម្រើ​នាង​ផង។ លោក​ប្រគល់​បន្ទប់​ដ៏​ល្អ​ជាង​គេ​ក្នុង​វិមាន​ស្ត្រី​ឲ្យ​នាង និង​ពួក​ភីលៀង​ដែល​នៅ​ជា​មួយ​នាង។

10. នាង​អេសធើរ​ពុំ​បាន​ប្រាប់​ឲ្យ​នរណា​ដឹង អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​នាង​ទេ ដ្បិត​លោក​ម៉ាដេ‌កាយ​បាន​ហាម​នាង​ប្រាប់​ឲ្យ​គេ​ដឹង។

សូមអានជំពូកពេញលេញ នាង​អេសធើរ 2