គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 2:13-23 Khmer Standard Version (KHSV)

13. ពេល​នាង​ត្រូវ​ចូល​ទៅ​គាល់​ស្ដេច នាង​ចង់​យក​អ្វី​ជាប់​ជា​មួយ​ខ្លួន​ពី​វិមាន​ស្ត្រី​ទៅ​រាជ‌វាំង គេ​ប្រគល់​ឲ្យ​ទាំង​អស់។

14. នាង​ទៅ​គាល់​ស្ដេច​នៅ​ពេល​ល្ងាច លុះ​ព្រលឹម​ឡើង នាង​ទៅ​នៅ​ក្នុង​វិមាន​មួយ​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​លោក​សាស‌កាស ជា​មហា‌តលិក​របស់​ស្ដេច និង​ជា​អ្នក​ថែ‌រក្សា​ក្រុម​មហេសី។ នាង​គ្មាន​សិទ្ធិ​វិល​មក​រក​ស្ដេច​វិញ​ទេ លើក‌លែង​តែ​ស្ដេច​ចង់​បាន​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។

15. លុះ​ដល់​វេន​នាង​ត្រូវ​ចូល​គាល់​ស្ដេច នាង​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌ហែល ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​ម៉ាដេ‌កាយ​ហើយ​លោក​ម៉ាដេ‌កាយ បាន​យក​នាង​មក​ចិញ្ចឹម នាង​អេសធើរ​ពុំ​បាន​ទាម‌ទារ​សុំ​អ្វី ក្រៅ​ពី​របស់​ដែល​លោក​ហេកាយ ជា​មហា‌តលិក​របស់​ស្ដេច និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី ប្រគល់​ឲ្យ​នោះ​ឡើយ។ នាង​អេសធើរ​ជា​ស្ត្រី​ម្នាក់ ដែល​គេ​ស្រឡាញ់​រាប់​អាន​គ្រប់ៗ​គ្នា។

16. គេ​បាន​មក​នាំ​នាង​យក​ទៅ​ថ្វាយ​ព្រះ‌ចៅ​អហា‌ស៊ូរុស នៅ​ព្រះ‌បរម‌រាជ‌វាំង នា​ខែ​ទី​ដប់ គឺ​ខែ​បុស្ស​ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​របស់​ស្ដេច។

17. ព្រះ‌រាជា​ស្រឡាញ់​នាង​អេសធើរ​លើស​ស្ត្រី​ឯ​ទៀតៗ ស្ដេច​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង ហើយ​មាន​ព្រះ‌ហឫទ័យ​សន្ដោស​ចំពោះ​នាង លើស​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ឯ​ទៀតៗ។ ពេល​នោះ ស្ដេច​ក៏​បំពាក់​មកុដ‌រាជ្យ​លើ​នាង ហើយ​លើក​នាង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រិ‌យានី​ជំនួស​ព្រះ‌នាង​វ៉ាស‌ធី។

18. ក្នុង​ឱកាស​អភិសេក​ព្រះ‌នាង​អេសធើរ ព្រះ‌រាជា​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ សម្រាប់​ពួក​មេ​ដឹក​នាំ និង​ពួក​មន្ត្រី។ ស្ដេច​ប្រកាស​ថ្ងៃ​ឈប់​សម្រាក​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់ ព្រម​ទាំង​ចែក​អំណោយ​ទាន​ដោយ​ព្រះ‌ហឫទ័យ​ទូលំ‌ទូលាយ។

19. នៅ​គ្រា​ដែល​គេ​ប្រមូល​ស្ត្រី​ព្រហ្មចារី​ជា​លើក​ទី​ពីរ លោក​ម៉ាដេ‌កាយ​មាន​មុខ‌ងារ​ក្នុង​ក្រុម​អ្នក​យាម​រាជ‌វាំង។

20. មក​ទល់​ពេល​នោះ ព្រះ‌នាង​អេសធើរ​ពុំ​ទាន់​ប្រាប់​ឲ្យ​នរណា​ដឹង​អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​ព្រះ‌នាង​ទេ គឺ​ព្រះ‌នាង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេ‌កាយ​បង្គាប់ ក្នុង​កាល​ដែល​ព្រះ‌នាង​ស្ថិត​នៅ​ក្រោម​អាណា‌ព្យាបាល​របស់​គាត់​នៅ​ឡើយ។

21. នៅ​គ្រា​នោះ គឺ​គ្រា​ដែល​លោក​ម៉ាដេ‌កាយ​ធ្វើ​ការ​ក្នុង​ក្រុម​យាម​ទ្វារ​រាជ‌វាំង មាន​មហា‌តលិក​ពីរ​នាក់ ដែល​ជា​អ្នក​រក្សា​ទ្វារ​បន្ទប់​របស់​ស្ដេច គឺ​លោក​ប៊ីក‌ថាន និង​លោក​ថេរែស មាន​កំហឹង​ជា​ខ្លាំង ហើយ​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌ចៅ​អហា‌ស៊ូរុស។

22. លោក​ម៉ាដេ‌កាយ​ដឹង​គម្រោង‌ការ​របស់​ពួក​គេ លោក​ក៏​បញ្ជូន​ដំណឹង​ទៅ​ព្រះ‌នាង​អេសធើរ ហើយ​ព្រះ‌នាង​អេសធើរ​ក៏​យក​ទៅ​ទូល​ស្ដេច​ក្នុង​នាម​លោក​ម៉ាដេ‌កាយ។

23. គេ​បាន​ធ្វើ​អង្កេត​រឿង​នេះ ឃើញ​ថា​ជា​ការ​ពិត​មែន គេ​ក៏​ព្យួរ-ក​មហា‌តលិក​ទាំង​ពីរ​នៅ​លើ​បង្គោល​មួយ។ ហេតុ‌ការណ៍​នេះ​មាន​កត់‌ត្រា​ទុក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ។

សូមអានជំពូកពេញលេញ នាង​អេសធើរ 2