គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 1:2-12 Khmer Standard Version (KHSV)

2. នៅ​ជំនាន់​នោះ ព្រះចៅ​អហា‌ស៊ូរុស​សោយ​រាជ្យ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី។

3. នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច ស្ដេច​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​ទទួល​មេ​ដឹក​នាំ និង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​មេ‌ទ័ព​ពែរ្ស និង​មេឌី ពួក​អ្នក​មុខ​អ្នក​ការ និង​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​ទាំង​អស់។

4. ស្ដេច​ចង់​បង្ហាញ​រាជ្យ‌ទ្រព្យ​ដ៏​ស្ដុក‌ស្ដម្ភ និង​ភាព​ថ្លៃ‌ថ្នូរ​វិសេស​នៃ​រាជ‌សម្បត្តិ​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ស្ដេច តាម​រយៈ​ពិធី​ជប់‌លៀង ក្នុង​អំឡុង​ពេល​មួយ​រយ​ប៉ែត‌សិប​ថ្ងៃ។

5. នៅ​ចុង​បញ្ចប់​នៃ​ពិធី​ជប់‌លៀង​នេះ ស្ដេច​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​ទៀត ក្នុង​ទីធ្លា​ឧទ្យាន​នៃ​ព្រះ‌បរម‌រាជ‌វាំង​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ប្រជា‌ជន​ទាំង​មូល​នៅ​រាជ​ធានី​ស៊ូសាន ទាំង​អ្នក​ធំ ទាំង​អ្នក​តូច អាច​ចូល​រួម​បាន។

6. គេ​ចង​ក្រណាត់​ទេស‌ឯក​ពណ៌​ស និង​ពណ៌​ខៀវ លាយ​នឹង​ក្រណាត់​ធ្វើ​ពី​អំបោះ​ពណ៌​ស និង​ពណ៌​ស្វាយ ភ្ជាប់​ទៅ​នឹង​ខ្សែ​ពណ៌​ស និង​ពណ៌​ក្រហម​ទុំ។ គេ​ដោត​ខ្សែ​នោះ​ទៅ​ក្នុង​កង​ធ្វើ​អំពី​ប្រាក់ ហើយ​ចង​ភ្ជាប់​ទៅ​នឹង​សសរ​ធ្វើ​អំពី​ថ្លើម​ថ្ម។ រីឯ​គ្រែ​សម្រាប់​អង្គុយ​បរិភោគ​ធ្វើ​ពី​មាស និង​ប្រាក់ ដាក់​នៅ​លើ​កំរាល​ធ្វើ​ពី​ថ្ម​កែវ ថ្លើម​ថ្ម ខ្យង​ដាំ និង​ថ្ម​ខ្មៅ។

7. គេ​ដាក់​ស្រា​នៅ​ក្នុង​ពែង​មាស ដែល​មាន​ក្បាច់​រចនា​ប្លែកៗ​គ្នា។ ស្ដេច​ឲ្យ​គេ​យក​ស្រា​មក​ចាក់​ជូន​ភ្ញៀវ​យ៉ាង​បរិបូណ៌។

8. ភ្ញៀវ​អាច​ពិសា​ស្រា​តាម​ចិត្ត ដោយ​មិន​នឹក​ខ្លាច​ខ្វះ​ខាត​អ្វី​ឡើយ គឺ​ស្ដេច​បញ្ជា​ឲ្យ​រាជ​បម្រើ​ចាក់​ស្រា​ជូន តាម​តែ​ភ្ញៀវ​ចង់​បាន។

9. រីឯ​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​វិញ ក៏​រៀបចំ​ជប់‌លៀង​ដោយ​ឡែក សម្រាប់​ពួក​ស្ត្រី​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​អហា‌ស៊ូរុស​ដែរ។

10. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ សុរា​បាន​ធ្វើ​ឲ្យ​ព្រះ‌ចៅ​អហា‌ស៊ូរុស​មាន​ព្រះ‌ហឫទ័យ​សប្បាយ​ក្រៃ‌លែង។ ស្ដេច​បង្គាប់​លោក​មហ៊ូ‌ម៉ាន លោក​ប៊ីស‌ថា លោក​ហារ‌បូណា លោក​ប៊ីគ‌ថា លោក​អបាគ‌ថា លោក​សេថារ និង​លោក​កើកាស ជា​មហា‌តលិក​ទាំង​ប្រាំ‌ពីរ​រូប ដែល​នៅ​បម្រើ​ស្ដេច

11. ឲ្យ​យាង​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​មក​គាល់​ស្ដេច ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​បង្ហាញ​ឲ្យ​ប្រជា‌ជន និង​មេ​ដឹក​នាំ​ឃើញ​រូប​ឆោម​របស់​ព្រះ‌នាង ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។

12. ប៉ុន្តែ ព្រះ‌មហា‌ក្សត្រិ‌យានី​ពុំ​ព្រម​យាង​មក តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ឡើយ។ ពេល​នោះ ព្រះ‌រាជា​ពិរោធ​យ៉ាង​ខ្លាំង។

សូមអានជំពូកពេញលេញ នាង​អេសធើរ 1