គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 1:16-22 Khmer Standard Version (KHSV)

16. លោក​មមូ‌កាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្ដេច និង​មេ​ដឹក​នាំ​ថា៖ «ព្រះ​មហា‌ក្សត្រិ‌យានី​មិន​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ‌រាជា​ប៉ុណ្ណោះ​ទេ តែ​កំហុស​នេះ​ក៏​ប៉ះ‌ពាល់​ដល់​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​អស់ ក្នុង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស​ដែរ

17. ដ្បិត​រឿង​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់។ ពេល​ពួក​គេ​ឮ​ថា​ព្រះ‌ចៅ​អហា‌ស៊ូរុស ចេញ​បញ្ជា​ឲ្យ​យាង​ព្រះ‌មហា‌ក្សត្រិ‌យានី​មក​គាល់​ស្ដេច ហើយ​ព្រះ‌នាង​មិន​ធ្វើ​តាម ពួក​គេ​ក៏​នឹង​មើល‌ងាយ​ប្ដី​របស់​ខ្លួន​ដែរ។

18. ឥឡូវ​នេះ ភរិយា​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី ឮ​ដំណឹង​ថា ព្រះ‌មហា‌ក្សត្រិ‌យានី​មិន​ស្ដាប់​បង្គាប់​ព្រះ‌ករុណា ពួក​គេ​មុខ​ជា​ធ្វើ​បែប​នេះ​ចំពោះ​ស្វាមី​របស់​ខ្លួន​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្វាមី​មាន​កំហឹង ព្រោះ​តែ​ភរិយា​មើល‌ងាយ។

19. ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ចេញ​រាជ​ប្រកាស​មួយ ដែល​ពុំ​អាច​ប្រែ‌ប្រួល ដូច​មាន​ចែង​ទុក​ក្នុង​ច្បាប់​របស់​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី គឺ​ហាម​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី មិន​ឲ្យ​ចូល​មក​ជួប​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា​រហូត​ត​ទៅ ហើយ​សូម​ព្រះ‌ករុណា​ផ្ទេរ​តំណែង​របស់​ព្រះ‌នាង​ទៅ​ឲ្យ​ព្រះ‌មហេសី​មួយ​អង្គ​ទៀត ដែល​ប្រសើរ​ជាង​ព្រះ‌នាង។

20. ពេល​ណា​ប្រជា‌ជន​ដឹង​អំពី​សេចក្ដី​សម្រេច​ដ៏​សំខាន់ ដែល​ព្រះ‌រាជា​ប្រកាស​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល ស្ត្រី​ទាំង​អស់​មុខ​ជា​គោរព​ប្ដី​របស់​ខ្លួន តាំង​ពី​អ្នក​ធំ​រហូត​ដល់​អ្នក​តូច»។

21. ព្រះ‌រាជា​សព្វ​ព្រះ‌ហឫទ័យ​នឹង​យោបល់​នេះ​ណាស់ ហើយ​ពួក​មេ​ដឹក​នាំ​ក៏​ពេញ​ចិត្ត​ដែរ។ ព្រះ‌រាជា​ក៏​ធ្វើ​តាម​សំណើ​របស់​លោក​មមូ‌កាន

22. គឺ​ស្ដេច​ផ្ញើ​រាជ‌សារ​ទៅ​គ្រប់​អាណា‌ខេត្ត​ទាំង​អស់​តាម​អក្សរ និង​ភាសា​របស់​ប្រជា‌ជន​ក្នុង​អាណា‌ខេត្ត​នីមួយៗ ដើម្បី​ឲ្យ​ប្ដីៗ​ទាំង​អស់​ធ្វើ​ជា​មេ​លើ​គ្រួសារ​របស់​ខ្លួន ហើយ​គ្រួសារ​នោះ​ត្រូវ​និយាយ​ភាសា​កំណើត​របស់​ប្ដី។

សូមអានជំពូកពេញលេញ នាង​អេសធើរ 1