គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 1:1-9 Khmer Standard Version (KHSV)

1. នេះ​ជា​ព្រឹត្តិ‌ការណ៍ ដែល​កើត​មាន​នៅ​ជំនាន់​ព្រះចៅ​អហា‌ស៊ូរុស។ ព្រះចៅ​អហា‌ស៊ូរុស​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​ចំនួន​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូ‌ពី។

2. នៅ​ជំនាន់​នោះ ព្រះចៅ​អហា‌ស៊ូរុស​សោយ​រាជ្យ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី។

3. នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច ស្ដេច​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​ទទួល​មេ​ដឹក​នាំ និង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​មេ‌ទ័ព​ពែរ្ស និង​មេឌី ពួក​អ្នក​មុខ​អ្នក​ការ និង​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​ទាំង​អស់។

4. ស្ដេច​ចង់​បង្ហាញ​រាជ្យ‌ទ្រព្យ​ដ៏​ស្ដុក‌ស្ដម្ភ និង​ភាព​ថ្លៃ‌ថ្នូរ​វិសេស​នៃ​រាជ‌សម្បត្តិ​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ស្ដេច តាម​រយៈ​ពិធី​ជប់‌លៀង ក្នុង​អំឡុង​ពេល​មួយ​រយ​ប៉ែត‌សិប​ថ្ងៃ។

5. នៅ​ចុង​បញ្ចប់​នៃ​ពិធី​ជប់‌លៀង​នេះ ស្ដេច​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​ទៀត ក្នុង​ទីធ្លា​ឧទ្យាន​នៃ​ព្រះ‌បរម‌រាជ‌វាំង​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ប្រជា‌ជន​ទាំង​មូល​នៅ​រាជ​ធានី​ស៊ូសាន ទាំង​អ្នក​ធំ ទាំង​អ្នក​តូច អាច​ចូល​រួម​បាន។

6. គេ​ចង​ក្រណាត់​ទេស‌ឯក​ពណ៌​ស និង​ពណ៌​ខៀវ លាយ​នឹង​ក្រណាត់​ធ្វើ​ពី​អំបោះ​ពណ៌​ស និង​ពណ៌​ស្វាយ ភ្ជាប់​ទៅ​នឹង​ខ្សែ​ពណ៌​ស និង​ពណ៌​ក្រហម​ទុំ។ គេ​ដោត​ខ្សែ​នោះ​ទៅ​ក្នុង​កង​ធ្វើ​អំពី​ប្រាក់ ហើយ​ចង​ភ្ជាប់​ទៅ​នឹង​សសរ​ធ្វើ​អំពី​ថ្លើម​ថ្ម។ រីឯ​គ្រែ​សម្រាប់​អង្គុយ​បរិភោគ​ធ្វើ​ពី​មាស និង​ប្រាក់ ដាក់​នៅ​លើ​កំរាល​ធ្វើ​ពី​ថ្ម​កែវ ថ្លើម​ថ្ម ខ្យង​ដាំ និង​ថ្ម​ខ្មៅ។

7. គេ​ដាក់​ស្រា​នៅ​ក្នុង​ពែង​មាស ដែល​មាន​ក្បាច់​រចនា​ប្លែកៗ​គ្នា។ ស្ដេច​ឲ្យ​គេ​យក​ស្រា​មក​ចាក់​ជូន​ភ្ញៀវ​យ៉ាង​បរិបូណ៌។

8. ភ្ញៀវ​អាច​ពិសា​ស្រា​តាម​ចិត្ត ដោយ​មិន​នឹក​ខ្លាច​ខ្វះ​ខាត​អ្វី​ឡើយ គឺ​ស្ដេច​បញ្ជា​ឲ្យ​រាជ​បម្រើ​ចាក់​ស្រា​ជូន តាម​តែ​ភ្ញៀវ​ចង់​បាន។

9. រីឯ​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​វិញ ក៏​រៀបចំ​ជប់‌លៀង​ដោយ​ឡែក សម្រាប់​ពួក​ស្ត្រី​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​អហា‌ស៊ូរុស​ដែរ។

សូមអានជំពូកពេញលេញ នាង​អេសធើរ 1