ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​រស់ 2 Khmer Standard Version (KHSV)

នាង​រស់​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​លោក​បូអូស

1. នាង​ណាអូមី​មាន​សាច់‌ញាតិ​ខាង​ប្ដី​ម្នាក់​ឈ្មោះ​បូអូស ជា​អ្នក​មាន​កិត្តិយស និង​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ។

2. នាង​រស់ ជា​សាសន៍​ម៉ូអាប់ ពោល​ទៅ​ម្ដាយ​ក្មេក​ថា៖ «សូម​អ្នក​ម្ដាយ​ឲ្យ​កូន​ទៅ​រើស​ស្រូវ​នៅ​តាម​ស្រែ​នានា​ទៅ គង់​តែ​មាន​គេ​អាណិត ទុក​ឲ្យ​កូន​រើស​ស្រូវ​តាម​ក្រោយ​ពុំ‌ខាន»។ នាង​ណាអូមី​ឆ្លើយ​ថា៖ «ទៅ​ចុះ​កូន!»។

3. នាង​រស់​ក៏​ចេញ​ទៅ​រើស​ស្រូវ​តាម​ក្រោយ​ពួក​អ្នក​ច្រូត​នៅ​ក្នុង​ស្រែ​មួយ គាប់​ជួន​ប៉ះ​ចំ​លើ​ស្រែ​របស់​លោក​បូអូស ដែល​ត្រូវ​ជា​សាច់‌ញាតិ​របស់​លោក​អេលី‌ម៉ាឡេក។

4. ពេល​នោះ លោក​បូអូស​បាន​មក​ពី​ភូមិ​បេថ្លេ‌ហិម គាត់​ពោល​ទៅ​កាន់​ពួក​អ្នក​ច្រូត​ថា៖ «សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា!»។ ពួក​គេ​ឆ្លើយ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​លោក​ដែរ!»។

5. បន្ទាប់​មក លោក​បូអូស​សួរ​អ្នក​បម្រើ​របស់​លោក ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​អ្នក​ច្រូត​ថា៖ «តើ​នាង​នេះ​ជា​នរណា?»។

6. បុរស​នោះ​ឆ្លើយ​ថា៖ «នាង​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ជា​មួយ​នាង​ណាអូមី នៅ​ពេល​គាត់​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ។

7. នាង​បាន​សុំ​ដើរ​តាម​ពី​ក្រោយ​ពួក​អ្នក​ច្រូត ដើម្បី​រើស​សន្សំ​ស្រូវ​ដែល​ជ្រុះ​នៅ​លើ​ដី។ នាង​មក​រើស​តាំង​ពី​ព្រលឹម​រហូត​មក​ទល់​ពេល​នេះ ហើយ​នាង​បាន​ទៅ​សម្រាក​នៅ​ផ្ទះ​តែ​មួយ​ស្របក់​ប៉ុណ្ណោះ»។

8. ពេល​នោះ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «នាង​អើយ សូម​ស្ដាប់​ខ្ញុំ! កុំ​ទៅ​រើស​ស្រូវ​ក្នុង​ស្រែ​ណា​ផ្សេង​អី ហើយ​ក៏​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ស្រែ​នេះ​ដែរ។ ចូរ​នៅ​ជា​មួយ​ស្រី​បម្រើ​របស់​ខ្ញុំ​ទាំង​នេះ​ចុះ!

9. ចូរ​ឃ្លាំ​មើល បើ​ឃើញ​គេ​ទៅ​កន្លែង​ណា ចូរ​ដើរ​តាម​គេ​ទៅ។ ខ្ញុំ​បាន​ហាម​អ្នក​បម្រើ​ប្រុសៗ​មិន​ឲ្យ​ប៉ះ‌ពាល់​នាង​ឡើយ។ បើ​នាង​ស្រេក ចូរ​ទៅ​ពិសា​ទឹក​ក្នុង​ក្អម ដែល​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ដង​ទុក​នោះ​ទៅ!»។

10. ពេល​នោះ នាង​រស់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ហេតុ​អ្វី​ក៏​លោក​ប្រណី​មេត្តា​ដល់​នាង​ខ្ញុំ ដែល​ជា​ជន​បរទេស​ដូច្នេះ?»។

11. លោក​បូអូស​ឆ្លើយ​ថា៖ «គេ​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់​អំពី​ការ​ទាំង​ប៉ុន្មាន ដែល​នាង​បាន​ប្រព្រឹត្ត​ចំពោះ​ម្ដាយ​ក្មេក ក្រោយ​ពេល​ប្ដី​នាង​ស្លាប់​ចោល​ទៅ គឺ​នាង​សុខ​ចិត្ត​លះ‌បង់​ឪពុក​ម្ដាយ និង​ស្រុក​កំណើត មក​រស់​នៅ​ជា​មួយ​ជន‌ជាតិ​ដែល​នាង​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។

12. សូម​ព្រះ‌អម្ចាស់​តប​ស្នង​មក​នាង​វិញ ស្រប​តាម​ការ​ដែល​នាង​បាន​ប្រព្រឹត្ត សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រទាន​រង្វាន់​មក​នាង​យ៉ាង​បរិបូណ៌ ព្រោះ​នាង​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌អង្គ»។

13. នាង​រស់​តប​វិញ​ថា៖ «លោក​ម្ចាស់​មាន​ចិត្ត​សប្បុរស​មក​លើ​នាង​ខ្ញុំ​ជា​ពន់​ពេក ទោះ​បី​នាង​ខ្ញុំ​មាន​ឋានៈ​ទាប​ជាង​ស្រី​បម្រើ​របស់​លោក​ក្ដី ក៏​លោក​មាន​ប្រសាសន៍​សម្រាល​ទុក្ខ និង​លើក​ទឹក​ចិត្ត​នាង​ខ្ញុំ​ដែរ»។

14. នៅ​ពេល​បរិភោគ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «អញ្ជើញ​មក​ពិសា​នំប៉័ង ហើយ​ជ្រលក់​នំប៉័ង​ក្នុង​ទឹក​ជ្រលក់​នេះ​ទៅ!»។ នាង​រស់​ក៏​អង្គុយ​ជិត​ពួក​អ្នក​ច្រូត លោក​បូអូស​ហុច​លាជ​ឲ្យ​នាង នាង​បរិភោគ​ឆ្អែត ហើយ​ទុក​លាជ​ដែល​នៅ​សល់​ផង។

15. បន្ទាប់​មក នាង​ក្រោក​ឡើង​ទៅ​រើស​ស្រូវ​ទៀត។ ពេល​នោះ លោក​បូអូស​បាន​បញ្ជា​ដល់​អ្នក​បម្រើ​របស់​លោក​ថា៖ «ទុក​ឲ្យ​នាង​រើស​ស្រូវ​នៅ​កន្លែង​មាន​កណ្ដាប់​ផង កុំ​រារាំង​នាង​អី!។

16. ចូរ​ទម្លាក់​កួរ​ស្រូវ​ខ្លះ​ចេញ​ពី​កណ្ដាប់​ឲ្យ​នាង​រើស​ផង កុំ​ស្ដី​បន្ទោស​នាង​ឡើយ!»។

17. នាង​រស់​រើស​កួរ​ស្រូវ​រហូត​ដល់​ល្ងាច រួច​នាង​បោក​បែន​កួរ​ស្រូវ​នោះ​បាន​ជិត​មួយ​ថាំង។

18. នាង​ក៏​ទូល​ស្រូវ​ត្រឡប់​មក​ភូមិ បង្ហាញ​ឲ្យ​ម្ដាយ​ក្មេក​ឃើញ ព្រម​ទាំង​យក​អាហារ​ដែល​សល់​ពី​ពេល​បាយ​មក​ជូន​គាត់​ផង​ដែរ។

19. ម្ដាយ​ក្មេក​សួរ​នាង​ថា៖ «ថ្ងៃ​នេះ កូន​រើស​ស្រូវ​នៅ​កន្លែង​ណា ក្នុង​ស្រែ​អ្នក​ណា? សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​កូន!»។ នាង​រស់​បាន​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​ថា នាង​ទៅ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​បុរស​ម្នាក់​ឈ្មោះ​បូអូស។

20. នាង​ណាអូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ជា‌និច្ច​ចំពោះ​មនុស្ស​នៅ​រស់ ក៏​ដូច​ជា​មនុស្ស​ស្លាប់​ដែរ!»។ នាង​ណាអូមី​និយាយ​បន្ត​ទៀត​ថា៖ «បុរស​នេះ​ជា​សាច់‌ញាតិ​ជិត‌ដិត​របស់​យើង គាត់​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​យើង»។

21. នាង​រស់ ជា​សាសន៍​ម៉ូអាប់ ពោល​ថា៖ «គាត់​បាន​ប្រាប់​កូន​ឲ្យ​នៅ​រើស​ស្រូវ​ជា​មួយ​អ្នក​បម្រើ​របស់​គាត់ រហូត​ទាល់​តែ​ផុត​រដូវ​ចម្រូត»។

22. នាង​ណាអូមី​ពោល​ទៅ​កូន​ប្រសា​ទៀត​ថា៖ «កូន​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បម្រើ​របស់​លោក​បូអូស​ត​ទៅ​ទៀត គឺ​ជា​ការ​ល្អ​ណាស់! បើ​កូន​ទៅ​ស្រែ​អ្នក​ដទៃ ក្រែង​លោ​គេ​ធ្វើ​បាប»។

23. នាង​រស់​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បម្រើ​របស់​លោក​បូអូស រហូត​ទាល់​តែ​ផុត​រដូវ​ចម្រូត។ នាង​រស់ រស់​នៅ​ជា​មួយ​ម្ដាយ​ក្មេក​ត​ទៅ​ទៀត។