គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​រស់ 1:1-14 Khmer Standard Version (KHSV)

1. នៅ​ជំនាន់​អស់​លោក​ចៅហ្វាយ មាន​កើត​ទុរ្ភិក្ស​ពេញ​ក្នុង​ស្រុក។ ពេល​នោះ មាន​បុរស​ម្នាក់​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា បាន​នាំ​ភរិយា និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ចេញ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់។

2. បុរស​នោះ​ឈ្មោះ​អេលី‌ម៉ាឡេក ភរិយា​របស់​គាត់​ឈ្មោះ​ណាអូមី ហើយ​កូន​គាត់​ទាំង​ពីរ​ឈ្មោះ​ម៉ាឡូន និង​គីលី‌យ៉ូន។ គ្រួសារ​នេះ​ជា​អ្នក​នៅ​ក្នុង​អំបូរ​អេប្រា‌តា នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា។ គេ​បាន​ទៅ​ដល់​ស្រុក​ម៉ូអាប់ ហើយ​ក៏​រស់​នៅ​ទី​នោះ។

3. ក្រោយ​មក លោក​អេលី‌ម៉ាឡេក​បាន​ទទួល​មរណ‌ភាព ទុក​ឲ្យ​នាង​ណាអូមី​នៅ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ។

4. កូន​ទាំង​ពីរ​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់ ម្នាក់​ឈ្មោះ​អ៊រប៉ា និង​ម្នាក់​ទៀត​ឈ្មោះ​រស់។ គេ​រស់​នៅ​ក្នុង​ស្រុក​នោះ​អស់​រយៈ​ពេល​ប្រហែល​ដប់​ឆ្នាំ។

5. បន្ទាប់​មក ម៉ាឡូន និង​គីលី‌យ៉ូន ក៏​ស្លាប់​ទៅ​ដែរ ទុក​នាង​ណាអូមី​ជា​ម្ដាយ​ឲ្យ​នៅ​តែ​ម្នាក់​ឯង បាត់​ទាំង​ប្ដី​បាត់​ទាំង​កូន។

6. នៅ​ស្រុក​ម៉ូអាប់ នាង​ណាអូមី​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ប្រជា‌ជន​ព្រះ‌អង្គ ដោយ​ប្រទាន​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ នាង​ក៏​រៀបចំ​ខ្លួន​ចាក​ចេញ​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​កូន​ប្រសា​ស្រី​ទាំង​ពីរ​នាក់។

7. នាង​ណាអូមី និង​កូន​ប្រសា​ទាំង​ពីរ នាំ​គ្នា​ចេញ​ដំណើរ​ពី​ស្រុក​ដែល​នាង​ធ្លាប់​រស់​នៅ វិល​ត្រឡប់​មក​ស្រុក​យូដា​វិញ។

8. ពេល​នោះ នាង​ណាអូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ស្រី​ទាំង​ពីរ​ថា៖ «ចូរ​កូន​ត្រឡប់​ទៅ​នៅ​ជា​មួយ​ម្ដាយ​រៀងៗ​ខ្លួន​វិញ​ទៅ! សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​នាង ដូច​នាង​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​កូន​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ​ហើយ និង​ចំពោះ​រូប​ខ្ញុំ​ដែរ។

9. សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​នាង​ទាំង​ពីរ​បាន​ប្ដី​ថ្មី និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​រៀងៗ​ខ្លួន​ផង»។ បន្ទាប់​មក នាង​ណាអូមី​ថើប​លា​កូន​ប្រសា​ទាំង​ពីរ​នាក់ ហើយ​គេ​ទ្រហោ​យំ​ទាំង​អស់​គ្នា។

10. កូន​ប្រសា​ទាំង​ពីរ​ពោល​ទៅ​ម្ដាយ​ក្មេក​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​ទៅ​ជា​មួយ​អ្នក​ម្ដាយ ជា​មួយ​ជន‌ជាតិ​របស់​អ្នក​ម្ដាយ​ដែរ»។

11. តែ​នាង​ណាអូមី​ប្រកែក​ថា៖ «កូន​ទាំង​ពីរ​ត្រូវ​តែ​ត្រឡប់​ទៅ​វិញ ហេតុ​អ្វី​បាន​ជា​កូន​ចង់​ទៅ​ជា​មួយ​ម្ដាយ? ម៉ែ​ហួស​អាយុ​នឹង​មាន​កូន​ប្រុស ដែល​អាច​រៀប‌ការ​ជា​មួយ​នាង​ហើយ។

12. ចូរ​ត្រឡប់​ទៅ​វិញ​ចុះ! ម៉ែ​ចាស់​ណាស់​ហើយ មិន​អាច​មាន​ប្ដី​ទៀត​ទេ។ បើ​សិន​ជា​ម៉ែ​មាន​សង្ឃឹម​ថា​នឹង​បាន​រួម​រស់​ជា​មួយ​បុរស​ណា​ម្នាក់ នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុសៗ

13. តើ​នាង​អាច​ទ្រាំ​ចាំ​រហូត​ដល់​កូន​នោះ​ពេញ​វ័យ​បាន​ឬ? តើ​សុខ​ចិត្ត​រស់​នៅ​ដោយ​ឥត​មាន​ប្ដី​ដូច្នេះ​ឬ? ទេ​កូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ ព្រះ‌អម្ចាស់​ងាក​មក​ប្រឆាំង​នឹង​ម៉ែ ធ្វើ​ឲ្យ​វាសនា​របស់​ម៉ែ ល្វីង​ជូរ​ចត់​ជាង​វាសនា​កូន​ទាំង​ពីរ​ទៅ​ទៀត»។

14. ពេល​នោះ កូន​ប្រសា​ទាំង​ពីរ​នាក់​ទ្រហោ​យំ​សា​ជា​ថ្មី។ នាង​អ៊រប៉ា​ក៏​ថើប​លា​ម្ដាយ​ក្មេក​ទៅ រីឯ​នាង​រស់​វិញ នាង​សម្រេច​ចិត្ត​នៅ​ជា​មួយ​ម្ដាយ​ក្មេក។

សូមអានជំពូកពេញលេញ នាង​រស់ 1