គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 78:41-56 Khmer Standard Version (KHSV)

41. ពួក​គេ​ចេះ​តែ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ជា‌និច្ចពួក​គេ​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះ​ដ៏‌វិសុទ្ធរបស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាស់​ព្រះ‌ហឫទ័យ។

42. ពួក​គេ​ពុំ​បាន​នឹក​ឃើញអំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ទេហើយ​ក៏​ពុំ​បាន​នឹក​ឃើញ​ពី​ថ្ងៃដែល​ព្រះ‌អង្គ​បាន​រំដោះ​ពួក​គេឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត​ដែរ។

43. ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ទី​សម្គាល់​អស្ចារ្យ​ផ្សេងៗដែល​ព្រះ‌អង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប​ទេពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​ផ្សេងៗដែល​ព្រះ‌អង្គ​ធ្វើ​នៅ​តំបន់​សូអាន​ឡើយ។

44. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ដៃ​ទន្លេ​នីលប្រែ​ទៅ​ជា​ឈាម​ជា​ហេតុ​ធ្វើ​ឲ្យ​ជន‌ជាតិអេស៊ីប​រក​ទឹក​ផឹក​មិន​បាន។

45. ព្រះ‌អង្គ​បាន​ចាត់​មូស​ឲ្យ​ទៅ​ខាំ​ជន‌ជាតិ​អេស៊ីបនិង​ចាត់​កង្កែប​ឲ្យ​ទៅ​បំផ្លិច‌បំផ្លាញអ្វីៗ​ទាំង​អស់។

46. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ចង្រិតទៅ​ស៊ី​បង្ហិន​ភោគ‌ផល​របស់​ពួក​គេហើយ​ឲ្យ​កណ្ដូប​ទៅ​ស៊ី​បង្ហិន​ដំណាំ​របស់​គេ។

47. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ព្រិល​ធ្លាក់​មកកម្ទេច​ចម្ការ​ទំពាំង‌បាយជូរ​របស់​គេហើយ​មាន​ធាតុ​អាកាស​ត្រជាក់មក​បំផ្លាញ​ដើម​ឈើ​របស់​គេ​ខូច​អស់។

48. ហ្វូង​គោ​របស់​គេ​ត្រូវ​វិនាស​ដោយ‌សារ​ព្រិលហ្វូង​ចៀម​របស់​គេ​ត្រូវ​វិនាសដោយ‌សារ​រន្ទះ​បាញ់។

49. ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធទាស់​នឹង​ជន‌ជាតិ​អេស៊ីប​យ៉ាង​ខ្លាំងព្រះ‌អង្គ​ដាក់​ទោស​ពួក​គេឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​សែន​វេទនាដោយ​ចាត់​ពួក​ទេវតា​ឲ្យ​មក​ប្រហារ​ពួក​គេ។

50. ព្រះ‌អង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គដោយ​ឥត​សំចៃ​ជីវិត​ជន‌ជាតិ​នោះ​ឡើយព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គ្រោះ​កាចកើត​មាន​ដល់​ពួក​គេ

51. គឺ​ព្រះ‌អង្គ​ប្រហារ​ជីវិត​កូន​ច្បង​ទាំង​ប៉ុន្មានរបស់​ជន‌ជាតិ​អេស៊ីប កូន​ដែល​កើត​មក​មុន​គេក្នុង​ពូជ‌ពង្ស​របស់​លោក​ហាំ។

52. ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គចេញ​ពី​ស្រុក​នោះ​ដូច​ហ្វូង​ចៀម​ចេញ​ពី​ក្រោលព្រះ‌អង្គ​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថានដូច​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។

53. ព្រះ‌អង្គ​ដឹក​នាំ​ពួក​គេ​យ៉ាង​សុខ‌សាន្តឥត​ភ័យ​ខ្លាច​អ្វី​ឡើយតែ​ខ្មាំង​សត្រូវ​របស់​ពួក​គេត្រូវ​លិច​លង់​ក្នុង​ទឹក​សមុទ្រ។

54. ព្រះ‌អង្គ​នាំ​ពួក​គេ​ទៅ​កាន់​ទឹក​ដី​ដ៏‌វិសុទ្ធគឺ​ទៅ​កាន់​ភ្នំ​ដែល​ព្រះ‌អង្គ​វាយ​យក​បានដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

55. ព្រះ‌អង្គ​បណ្ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​ពួក​គេហើយ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​មត៌កគឺ​ព្រះ‌អង្គ​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែលរស់​នៅ​ក្នុង​លំ‌នៅ​ស្ថាន​របស់​ប្រជា‌ជាតិ​ទាំង​នោះ។

56. ក៏​ប៉ុន្តែ ពួក​គេ​បាន​ល្បង‌ល​ព្រះ‌ជាម្ចាស់ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គដោយ​មិន​ព្រម​ធ្វើ​តាម​ដំបូន្មាន​របស់ព្រះ‌អង្គ​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 78