គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 77:1-17 Khmer Standard Version (KHSV)

1. ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះ‌ជាម្ចាស់ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អង្គខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះ‌ជាម្ចាស់ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ខ្ញុំ។

2. នៅ​ថ្ងៃ​មាន​អាសន្ន ខ្ញុំ​ស្វែង​រក​ព្រះ‌អម្ចាស់នៅ​ពេល​យប់ ខ្ញុំ​លើក​ដៃ​អង្វរ​ព្រះ‌អង្គឥត​ឈប់​ឈរខ្ញុំ​មិន​ចង់​ឲ្យ​នរណា​សម្រាល​ទុក្ខ​ខ្ញុំ​សោះ​ឡើយ។

3. ពេល​នឹក​ដល់​ព្រះ‌ជាម្ចាស់ ខ្ញុំ​ស្រែក​ថ្ងូរហើយ​ពេល​រំពឹង​គិត ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ដែរ។ - សម្រាក

4. ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំទទួល​ទាន​ដំណេក​មិន​លក់​សោះទូលបង្គំ​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត រក​និយាយ​អ្វី​មិន​កើត។

5. ទូលបង្គំ​រំពឹង​គិត​អំពី​អតីតកាលគឺ​ពី​ជំនាន់​ដើម​ដ៏​យូរ‌លង់​ណាស់​មក​ហើយ

6. ទូលបង្គំ​រិះគិត​ដដែលៗ ពេញ​មួយ​យប់ទូលបង្គំ​ចេះ​តែ​ត្រិះ‌រិះ​ពិចារណា​នៅ​ក្នុង​ចិត្តដើម្បី​ស្វែង​យល់​ថា

7. តើ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល​យើង​រហូត​ឬ?តើ​ព្រះ‌អង្គ​មិន​គាប់​ព្រះ‌ហឫទ័យនឹង​យើង​ទៀត​ទេ​ឬ?

8. តើ​ព្រះ‌អង្គ​លែង​មាន​ព្រះ‌ហឫទ័យមេត្តា​ករុណា​ចំពោះ​យើង​ហើយ​ឬ?តើ​ព្រះ‌អង្គ​នៅ​ស្ងៀម​លែង​មាន​ព្រះ‌បន្ទូលមក​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?

9. តើ​ព្រះ‌ជាម្ចាស់​ភ្លេច​សម្តែង​ព្រះ‌ហឫទ័យប្រណី​សន្ដោស​ចំពោះ​យើង​ហើយ​ឬ?នៅ​ពេល​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធតើ​ព្រះ‌អង្គ​ឈប់​អាណិត​អាសូរ​យើង​ហើយ​ឬ? - សម្រាក

10. ទូលបង្គំ​គិត​ទៀត​ថា ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះមក​ពី​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតលែង​សម្តែង​ព្រះ‌បារមី​ជួយ​យើង​ទៀត​ហើយ!

11. ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​រំឭក​ឡើង​វិញនូវ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គទូលបង្គំ​នៅ​ចាំ​ពី​កិច្ចការ​ដ៏​អស្ចារ្យដែល​ព្រះ‌អង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។

12. ទូលបង្គំ​រិះគិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ធ្វើទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ។

13. ព្រះ‌ជាម្ចាស់​អើយមាគ៌ា​របស់​ព្រះ‌អង្គ​ជា​មាគ៌ា​ដ៏‌វិសុទ្ធគ្មាន​ព្រះ​ឯ​ណា​ទៀត​ធំ​ឧត្តុង្គ‌ឧត្ដមដូច​ព្រះ‌អង្គ​ឡើយ។

14. មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យព្រះ‌អង្គ​បាន​សម្តែង​ឫទ្ធា‌នុភាពឲ្យ​ជាតិ​សាសន៍​នានា​ឃើញ។

15. ព្រះ‌អង្គ​បាន​ប្រើ​ឫទ្ធិ‌បារមីលោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គគឺ​ព្រះ‌អង្គ​បាន​រំដោះ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុបនិង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប។ - សម្រាក

16. ឱ​ព្រះ‌ជាម្ចាស់​អើយទឹក​សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ!ពេល​ទឹក​សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គវា​ពុះ​កញ្ជ្រោលសូម្បី​តែ​បាត​សមុទ្រ​ក៏​រញ្ជួយ​ញាប់‌ញ័រ​ដែរ។

17. មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​ពី​លើ​មេឃដូច​ទឹក​ជ្រោះ​ធ្លាក់ហើយ​ក៏​មាន​ផ្គរ‌លាន់​ឮ​ពី​លើ​មេឃមក​យ៉ាង​ខ្លាំង​ដែររន្ទះ​របស់​ព្រះ‌អង្គ​ភ្លឺ‌ផ្លេក​ពាស‌ពេញ​ផ្ទៃ​មេឃ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 77