គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 60:1-12 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌ជាម្ចាស់​អើយព្រះ‌អង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ពទោះ​បី​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ​ក៏​ដោយព្រះ‌អង្គ​អើយសូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។

2. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយនិង​ប្រេះ​ចេញ​ពី​គ្នាឥឡូវ​នេះ សូម​ទ្រង់​ផ្សារ​ភ្ជាប់​ឡើង​វិញ​ផងព្រោះ​ផែនដី​កំពុង​រង្គើ។

3. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គជួប​នឹង​ទុក្ខ​វេទនា​ដ៏​សែន​ពិបាកព្រះ‌អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំស្ទើរ​តែ​វង្វេង​ស្មារតី។

4. ព្រះ‌អង្គ​ប្រទាន​ទង់​ជ័យ​ជា​សញ្ញា​ឲ្យ​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គអាច​គេច​ផុត​ពី​បរា‌ជ័យ។ - សម្រាក

5. សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គសូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផងដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់របស់​ព្រះ‌អង្គ​បាន​រួច​ជីវិត។

6. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូលពី​ទី‌សក្ការៈ​របស់​ព្រះ‌អង្គមក​ថា:«យើង​នឹង​យក​ជ័យ‌ជំនះយើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែមយើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូតចែក​ប្រជា‌រាស្ដ្រ​របស់​យើង។

7. កាឡាត​ជា​ទឹក​ដី​របស់​យើងហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរអេប្រាអ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើងហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។

8. ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើងយើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុមដើម្បី​បញ្ជាក់​ថា​យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ។យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​ស្រុក​ភីលីស្ទីន!»។

9. តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅក្នុង​ទីក្រុង​ដ៏​មាំ‌មួន​បាន?តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ស្រុក​អេដុម?

10. ឱ​ព្រះ‌ជាម្ចាស់​អើយ!មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំក៏​ប៉ុន្តែ ព្រះ‌អង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំព្រះ‌អង្គ​ឈប់​យាង​ទៅ​ជា​មួយកង‌ទ័ព​យើង​ខ្ញុំ​ទៀត​ហើយ។

11. សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ប្រឆាំង​តទល់នឹង​ពួក​សត្រូវ​ផងដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោកឥត​ប្រយោជន៍​អ្វី​សោះ។

12. បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើងនោះ​យើង​នឹង​មាន​ជ័យ‌ជំនះដ្បិត​ព្រះ‌អង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្តរបស់​យើង​ឲ្យ​រាប។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 60