គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 38:3-13 Khmer Standard Version (KHSV)

3. ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​សព្វ​សព៌ាង្គ‌កាយហើយ​អំពើ​បាប​របស់​ទូលបង្គំបាន​ធ្វើ​ឲ្យ​ឆ្អឹង‌ឆ្អែង​របស់​ទូលបង្គំ​ពុក​អស់

4. ដ្បិត​កំហុស​របស់​ទូលបង្គំ​បាន​ជន់‌ជោរឡើង​លិច​ក្បាល​ទូលបង្គំហើយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សង្កត់​មក​លើ​ទូលបង្គំ។

5. របួស​ទូលបង្គំ​ក្លាយ​ទៅ​ជា​ដំបៅ​រលួយហើយ​ធុំ​ក្លិន​អសោចព្រោះ​តែ​គំនិត​លេលា​របស់​ទូលបង្គំ។

6. ទូលបង្គំ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង រហូត​ដល់​ចំកោង​ខ្លួនហើយ​ទូលបង្គំ​កើត​ទុក្ខ​មួយ​ថ្ងៃ​វាល់​ល្ងាច។

7. ទូលបង្គំ​គ្រុន​ក្ដៅ​យ៉ាង​ខ្លាំងពេញ​សព្វ​សព៌ាង្គ‌កាយ។

8. ទូលបង្គំ​អស់​កម្លាំង ខ្សោះ​ល្វើយហើយ​ទូលបង្គំ​ស្រែក​ថ្ងូរព្រោះ​ឈឺ​ចុក​ចាប់​ហួស​ប្រមាណ។

9. ព្រះ‌អម្ចាស់​អើយ ទ្រង់​ឈ្វេង​យល់​ចិត្ត​ប៉ង‌ប្រាថ្នារបស់​ទូលបង្គំ​ស្រាប់​ហើយទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំ​ថ្ងូរ។

10. បេះ‌ដូង​ទូលបង្គំ​ញាប់‌ញ័រកម្លាំង​ទូលបង្គំ​ក៏​ខ្សោយ​បាត់​ទៅហើយ​ភ្នែក​ទូលបង្គំក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។

11. មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ​នឹង​ទូលបង្គំមិន​ហ៊ាន​ចូល​ជិត​ទូលបង្គំ​ទេព្រោះ​ខ្លាច​ដំបៅ​របស់​ទូលបង្គំសូម្បី​តែ​ក្រុម​គ្រួសារ​របស់​ទូលបង្គំក៏​ឈរ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ដែរ។

12. អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំនាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ទូលបង្គំពួក​គេ​មួល​បង្កាច់​ទូលបង្គំចង់​ឲ្យ​ទូលបង្គំ​វិនាសគេ​ចេះ​តែ​រក​កល‌ល្បិចប្រឆាំង​នឹង​ទូលបង្គំ​មួយ​ថ្ងៃ​វាល់​ល្ងាច។

13. ប៉ុន្តែ ទូលបង្គំ​ធ្វើ​ជា​ស្ដាប់​មិន​ឮ ដូច​មនុស្ស​ថ្លង់ទូលបង្គំ​ធ្វើ​ជា​និយាយ​មិន​រួច ដូច​មនុស្ស​គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 38