1. ឱព្រះអម្ចាស់អើយទោះបីព្រះអង្គមិនសព្វព្រះហឫទ័យនឹងទូលបង្គំក៏ដោយសូមកុំដាក់ទោសទូលបង្គំឡើយហើយទោះបីទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដីក៏សូមកុំធ្វើទារុណកម្មទូលបង្គំដែរ
2. ដ្បិតព្រួញរបស់ព្រះអង្គបានធ្វើឲ្យទូលបង្គំឈឺចុកចាប់ព្រះហស្ដរបស់ព្រះអង្គបានសង្កត់មកលើទូលបង្គំ។
3. ព្រះពិរោធរបស់ព្រះអង្គបានធ្វើឲ្យទូលបង្គំឈឺសព្វសព៌ាង្គកាយហើយអំពើបាបរបស់ទូលបង្គំបានធ្វើឲ្យឆ្អឹងឆ្អែងរបស់ទូលបង្គំពុកអស់
4. ដ្បិតកំហុសរបស់ទូលបង្គំបានជន់ជោរឡើងលិចក្បាលទូលបង្គំហើយជាបន្ទុកមួយដ៏ធ្ងន់សង្កត់មកលើទូលបង្គំ។
5. របួសទូលបង្គំក្លាយទៅជាដំបៅរលួយហើយធុំក្លិនអសោចព្រោះតែគំនិតលេលារបស់ទូលបង្គំ។
6. ទូលបង្គំឈឺចុកចាប់ជាខ្លាំង រហូតដល់ចំកោងខ្លួនហើយទូលបង្គំកើតទុក្ខមួយថ្ងៃវាល់ល្ងាច។
7. ទូលបង្គំគ្រុនក្ដៅយ៉ាងខ្លាំងពេញសព្វសព៌ាង្គកាយ។
8. ទូលបង្គំអស់កម្លាំង ខ្សោះល្វើយហើយទូលបង្គំស្រែកថ្ងូរព្រោះឈឺចុកចាប់ហួសប្រមាណ។
9. ព្រះអម្ចាស់អើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នារបស់ទូលបង្គំស្រាប់ហើយទ្រង់ព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំថ្ងូរ។
10. បេះដូងទូលបង្គំញាប់ញ័រកម្លាំងទូលបង្គំក៏ខ្សោយបាត់ទៅហើយភ្នែកទូលបង្គំក៏ស្រវាំងលែងមើលអ្វីឃើញទៀត។
11. មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងទូលបង្គំមិនហ៊ានចូលជិតទូលបង្គំទេព្រោះខ្លាចដំបៅរបស់ទូលបង្គំសូម្បីតែក្រុមគ្រួសាររបស់ទូលបង្គំក៏ឈរនៅឆ្ងាយពីទូលបង្គំដែរ។
12. អស់អ្នកដែលចង់ប្រហារជីវិតទូលបង្គំនាំគ្នារាយអន្ទាក់ចាំចាប់ទូលបង្គំពួកគេមួលបង្កាច់ទូលបង្គំចង់ឲ្យទូលបង្គំវិនាសគេចេះតែរកកលល្បិចប្រឆាំងនឹងទូលបង្គំមួយថ្ងៃវាល់ល្ងាច។
13. ប៉ុន្តែ ទូលបង្គំធ្វើជាស្ដាប់មិនឮ ដូចមនុស្សថ្លង់ទូលបង្គំធ្វើជានិយាយមិនរួច ដូចមនុស្សគ។
14. ទូលបង្គំប្រៀបបីដូចជាមនុស្សដែលស្ដាប់មិនឮហើយជាមនុស្សដែលមិនអាចពោលពាក្យឆ្លើយទៅគេវិញបានឡើយ។
15. ឱព្រះអម្ចាស់អើយទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គទាំងស្រុងឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយមានតែព្រះអង្គហើយដែលឆ្លើយជំនួសទូលបង្គំ!
16. សូមកុំបណ្តោយឲ្យខ្មាំងសត្រូវត្រេកអរសប្បាយ ព្រោះតែឃើញទូលបង្គំវេទនាសូមកុំឲ្យពួកគេអួតបំប៉ោងក្នុងពេលដែលទូលបង្គំទន់ជង្គង់នេះឡើយ
17. ដ្បិតទូលបង្គំកំពុងតែចង់ដួលហើយទូលបង្គំកំពុងតែឈឺចុកចាប់ជានិច្ចដែរ។
18. ទូលបង្គំសូមសារភាពកំហុសទូលបង្គំសោកស្ដាយណាស់ដោយបានប្រព្រឹត្តអំពើបាបដូច្នេះ។
19. រីឯខ្មាំងសត្រូវរបស់ទូលបង្គំវិញពួកគេនៅមានសុខភាព មានកម្លាំងអស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុផលនោះមានគ្នាច្រើនណាស់។
20. ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អដែលទូលបង្គំបានធ្វើចំពោះពួកគេនាំគ្នាចោទប្រកាន់ទូលបង្គំព្រោះតែទូលបង្គំខិតខំធ្វើអំពើល្អ។
21. ឱព្រះអម្ចាស់អើយសូមកុំបោះបង់ចោលទូលបង្គំឡើយ!ឱព្រះនៃទូលបង្គំអើយសូមកុំយាងចេញឆ្ងាយពីទូលបង្គំដូច្នេះ!
22. ព្រះអម្ចាស់ជាព្រះសង្គ្រោះទូលបង្គំអើយសូមមេត្តាប្រញាប់យាងមកសង្គ្រោះទូលបង្គំផង!។