គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 35:13-25 Khmer Standard Version (KHSV)

13. ពេល​ពួក​គេ​ឈឺ ទូលបង្គំ​បាន​ជួយ​រំលែក​ទុក្ខទូលបង្គំ​បន្ទាប​ខ្លួន ទាំង​តម​អាហារហើយ​ទូលបង្គំ​ទូល‌អង្វរ​ឲ្យ​គេ​ឥត​ឈប់​ឈរ។

14. ទូលបង្គំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត‌ភក្ដិ និង​បង‌ប្អូនទូលបង្គំ​ព្រួយ​ចិត្ត​សោក​សង្រេងដូច​កាន់​ទុក្ខ​នៅ​ពេល​ម្ដាយ​ស្លាប់។

15. ផ្ទុយ​ទៅ​វិញ ពេល​ទូលបង្គំ​មាន​ទុក្ខ​លំបាកគេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយគេ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំហើយ​អ្នក​ដទៃ​ដែល​ទូលបង្គំ​ពុំ​ស្គាល់បាន​វាយ​ទូលបង្គំ និង​ហែក‌ហួរ​ទូលបង្គំឥត​ឈប់​ឡើយ។

16. ពួក​គេ​ចូល​ដៃ​ជា​មួយ​មនុស្ស​ពាលដែល​នៅ​ជុំ‌វិញ​ទូលបង្គំហើយ​សង្កៀត​ធ្មេញ​ដាក់​ទូលបង្គំ។

17. ព្រះ‌អម្ចាស់​អើយ!តើ​ព្រះ‌អង្គ​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត?សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ក្រញាំ​របស់​ពួក​គេសូម​ការពារ​ជីវិត​ទូលបង្គំឲ្យ​រួច​ពី​ពួក​សិង្ហ​ទាំង​នោះ​ផង។

18. ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​នៅ​ក្នុង​អង្គ​ប្រជុំ​ធំទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គក្នុង​ចំណោម​ប្រជា‌ជន​ដ៏​ច្រើន។

19. សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក​ដែល​តាំង​ខ្លួនជា​សត្រូវ​នឹង​ទូលបង្គំ បាន​អរ​សប្បាយព្រោះ​តែ​ទូលបង្គំ​ចាញ់សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នកដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផលពេប‌ជ្រាយ​ដាក់​ទូលបង្គំ​ឡើយ។

20. ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សម្រួល​ទេផ្ទុយ​ទៅ​វិញ គេ​តែងតែ​ប្រឌិត​រឿង​ផ្សេងៗមួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។

21. ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​ទូលបង្គំគេ​ស្រែក​ចំអក​ឲ្យ​ទូលបង្គំ​ថា «ហា៎ ហ៎ា!យើង​ឃើញ​អ្នក​ឯង​ធ្វើ​អាក្រក់​ហើយ!»។

22. ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយសូម​កុំ​នៅ​ស្ងៀមព្រះ‌អម្ចាស់​អើយសូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!

23. ឱ​ព្រះ​នៃ​ទូលបង្គំឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយសូម​ក្រោក​ឡើង! សូម​ទ្រង់​តើន​ឡើងរក​យុត្តិធម៌​ឲ្យ​ទូលបង្គំសូម​កាន់​ក្ដី​ខាង​ទូលបង្គំ​ផង!។

24. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយព្រះ‌អង្គ​សុចរិតសូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផងកុំ​បណ្តោយ​ឲ្យ​ពួក​គេ​បាន​សប្បាយព្រោះ​ទូលបង្គំ​ចាញ់​នោះ​ឡើយ។

25. សូម​កុំ​ឲ្យ​គេ​ពោល​ក្នុង​ចិត្ត​ថា«យើង​មាន​ប្រៀប​លើ​វា​ហើយ!»សូម​កុំ​ឲ្យ​គេ​ពោល​ថា«យើង​បាន​បំផ្លាញ​វា​ទាំង​ស្រុង​ហើយ!»។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 35