គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 18:2-18 Khmer Standard Version (KHSV)

2. ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ទូលបង្គំជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ទូលបង្គំជា​ព្រះ​ដែល​ជួយ​រំដោះ​ទូលបង្គំព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំជា​ថ្ម‌ដា​សម្រាប់​ទូលបង្គំ​ពឹង​ជ្រក ព្រះ‌អង្គ​ជា​ខែលជា​កម្លាំង​ដែល​សង្គ្រោះ​ទូលបង្គំនិង​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូលបង្គំ។

3. ពេល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំសូម​លើក​តម្កើង​ព្រះ‌អម្ចាស់!។

4. សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំរីឯ​សេចក្ដី​វិនាស​អន្តរាយធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។

5. សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំដូច​ជា​សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។

6. នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។

7. ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់‌ញ័រភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វាហើយ​កក្រើកដោយ‌សារ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ។

8. មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះ‌អង្គព្រះ‌អង្គ​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មកហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មកពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ដែរ។

9. ព្រះ‌អង្គ​បាន​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​យាង​ចុះ​មកដោយ​មាន​ពពក​យ៉ាង​ក្រាស់នៅ​ពី​ក្រោម​ព្រះ‌បាទា​ផង។

10. ព្រះ‌អង្គ​យាង​គង់​លើ​ចេរូប៊ីន* ហើយ​ហោះ​មកព្រះ‌អង្គ​គង់​នៅ​លើ​វាយោដូច​គង់​នៅ​លើ​ស្លាប​បក្សី។

11. ព្រះ‌អង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួនហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ទៅ​ដោយ​ទឹកធ្វើ​ជា​ព្រះ‌ពន្លា។

12. មាន​ផ្លេក​បន្ទោរ​ចេញ​មក​ពី​ពពកភ្លឺ​នៅ​ខាង​មុខ​ព្រះ‌អង្គហើយ​មាន​ព្រឹល និង​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។

13. ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​មាន​ស្នូរ​ផ្គរ‌លាន់​នៅ​លើ​មេឃព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង។

14. ព្រះ‌អង្គ​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ​ទៅ​លើ​ខ្មាំង​សត្រូវដើម្បី​កំចាត់‌កំចាយ​ពួក​គេ។ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។

15. ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌បន្ទូល​គំរាម​របស់​ព្រះ‌អង្គ និង​ខ្យល់​ព្យុះដែល​បក់​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​លេច​ចេញ​មកហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។

16. ព្រះ‌អង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ

17. ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពីខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំងខ្លាំង​ជាង​ខ្ញុំ​ផង។

18. នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនាអ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 18