គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:98-118 Khmer Standard Version (KHSV)

98. បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំមាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវដ្បិត​ទូលបង្គំ​រិះគិត​ពី​ក្រឹត្យ‌វិន័យ​នេះ​ជា‌និច្ច។

99. ទូលបង្គំ​ចេះ​ដឹង​ជាង​គ្រូៗ​ទាំង​ប៉ុន្មានរបស់​ទូលបង្គំ​ទៅ​ទៀត ដ្បិត​ទូលបង្គំយក​ដំបូន្មាន​ទាំង​ប៉ុន្មាន មក​សញ្ជឹង​គិត។

100. ទូលបង្គំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀតដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

101. ទូលបង្គំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មានដើម្បី​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

102. ទូលបង្គំ​មិន​ងាក​ចេញ​ពី​វិន័យដែល​ព្រះ‌អង្គ​បង្គាប់​មក​ទូលបង្គំ​ឡើយដ្បិត​ព្រះ‌អង្គ​ប្រៀន‌ប្រដៅ​ទូលបង្គំ​ដូច្នេះ។

103. ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​អាហារដ៏​ឆ្ងាញ់​ពិសេស សម្រាប់​ទូលបង្គំហើយ​ក៏​មាន​រស‌ជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។

104. ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំដឹង​ខុស​ត្រូវ ហេតុ​នេះ​ហើយ​បាន​ជាទូលបង្គំ​ស្អប់​ការ​វៀច‌វេរ។

105. ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជា​ចង្កៀង​បំភ្លឺ​ជំហានទូលបង្គំ និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូលបង្គំ។

106. ទូលបង្គំ​សូម​សន្យា​ដោយ​ឥត​ងាក​រេ​ថាទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​វិន័យដ៏​សុចរិត​ដែល​ព្រះ‌អង្គ​បង្គាប់​មក។

107. ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង!

108. ឱ​ព្រះ‌អម្ចាស់​អើយសូម​ទទួល​យក​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំទុក​ជា​តង្វាយ ហើយ​សូម​បង្រៀន​ឲ្យ​ទូលបង្គំស្គាល់​វិន័យ​របស់​ព្រះ‌អង្គ!

109. ជីវិត​ទូលបង្គំ​ប្រឈម​មុខ​ទល់​នឹង​អន្តរាយ​ជា‌និច្ចប៉ុន្តែ ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។

110. មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ទូលបង្គំតែ​ទូលបង្គំ​មិន​វង្វេង​ចេញ​ឆ្ងាយពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។

111. ដំបូន្មាន​របស់​ព្រះ‌អង្គ​ជា​កេរ‌មត៌ក​របស់​ទូលបង្គំដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ទូលបង្គំមាន​អំណរ​នៅ​ក្នុង​ចិត្ត។

112. ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ច្បាប់របស់​ព្រះ‌អង្គ​រហូត​ដល់​ទី​បំផុត។

113. ទូលបង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរតែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

114. ព្រះ‌អង្គ​ជា​ជម្រក និង​ជា​ខែល​ការពារ​ទូលបង្គំទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ជា‌និច្ច។

115. មនុស្ស​អាក្រក់​អើយចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!ទុក​ឲ្យ​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​នៃ​ព្រះ​របស់​ខ្ញុំ!

116. សូម​ជួយ​គាំទ្រ​ទូលបង្គំតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិតសូម​កុំ​ឲ្យ​សេចក្ដី​សង្ឃឹមរបស់​ទូលបង្គំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។

117. សូម​ធ្វើ​ជា​បង្អែក​របស់​ទូលបង្គំដើម្បី​ឲ្យ​ទូលបង្គំ​បាន​រួច​ជីវិតហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ច្បាប់​របស់​ព្រះ‌អង្គ​ជា‌និច្ច។

118. ព្រះ‌អង្គ​មិន​រាប់​រក​អស់​អ្នក​ដែល​វង្វេងចេញ​ឆ្ងាយ​ពី​ច្បាប់​របស់​ព្រះ‌អង្គ​ឡើយដ្បិត​អ្វីៗ​ដែល​ពួក​គេ​ធ្វើ​សុទ្ធ​តែជា​ការ​បោក​បញ្ឆោត។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119