គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:85-98 Khmer Standard Version (KHSV)

85. មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ទេគេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ទូលបង្គំ​ធ្លាក់។

86. បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មានសុទ្ធ​តែ​ពិត​ទាំង​អស់សូម​ជួយ​ទូលបង្គំ​ផងដ្បិត​គេ​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល។

87. នៅ​តែ​បន្តិច​ប៉ុណ្ណោះគេ​នឹង​ប្រហារ​ទូលបង្គំ​ឲ្យ​វិនាស​សូន្យប៉ុន្តែ ទូលបង្គំ​មិន​បោះ​បង់​ចោល​ព្រះ‌ឱវាទរបស់​ព្រះ‌អង្គ​ឡើយ។

88. សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មានដែល​ព្រះ‌អង្គ​បង្គាប់​មក។

89. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គស្ថិត‌ស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​ស្ថាន​បរម‌សុខ។

90. ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រឹង‌មាំហើយ​ផែនដី​ក៏​នៅ​ស្ថិត‌ស្ថេរ​ដែរ។

91. អ្វីៗ​សព្វ​សារពើ​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃដោយ‌សារ​វិន័យ​របស់​ព្រះ‌អង្គដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោមអំណាច​របស់​ព្រះ‌អង្គ។

92. ប្រសិន​បើ​ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ទេ ទូលបង្គំ​មុខ​ជា​រង​ទុក្ខ​វេទនាហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។

93. ទូលបង្គំ​នឹង​មិន​ភ្លេច​ព្រះ‌ឱវាទរបស់​ព្រះ‌អង្គ​សោះ​ឡើយដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញដោយ‌សារ​ព្រះ‌ឱវាទ​ទាំង​នេះ។

94. ទូលបង្គំ​នៅ​ក្រោម​ឱវាទ​របស់​ព្រះ‌អង្គ​ហើយសូម​សង្គ្រោះ​ទូលបង្គំ​ផង!ដ្បិត​ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់នឹង​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

95. មនុស្ស​អាក្រក់​រង់‌ចាំ​ប្រហារ​ជីវិត​ទូលបង្គំតែ​ទូលបង្គំ​ចាប់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះ‌អង្គ។

96. ទូលបង្គំ​ឃើញ​ថាសូម្បី​អ្វីៗ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​នឹង​មាន​ទី​បញ្ចប់​ដែរប៉ុន្តែ បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ទូលំ‌ទូលាយឥត​មាន​ព្រំ‌ដែន​សោះ​ឡើយ។

97. ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យរបស់​ព្រះ‌អង្គ​ខ្លាំង​ណាស់ទូលបង្គំ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ​នេះជា​រៀង​រាល់​ថ្ងៃ។

98. បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំមាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវដ្បិត​ទូលបង្គំ​រិះគិត​ពី​ក្រឹត្យ‌វិន័យ​នេះ​ជា‌និច្ច។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119