គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:131-150 Khmer Standard Version (KHSV)

131. ទូលបង្គំ​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់ដ្បិត​ទូលបង្គំ​ចង់​ស្គាល់​បទ‌បញ្ជារបស់​ព្រះ‌អង្គ​ណាស់។

132. សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​ទូលបង្គំសូម​ប្រណី‌សន្ដោស​ទូលបង្គំដូច​ព្រះ‌អង្គ​ធ្លាប់​ប្រណី​សន្ដោសអស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

133. សូម​ពង្រឹង​ទូលបង្គំ​ឲ្យ​បាន​មាំ‌មួនតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គហើយ​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុងអំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។

134. សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ការជិះ‌ជាន់​របស់​មនុស្ស ដើម្បី​ឲ្យ​ទូលបង្គំប្រតិបត្តិ​តាម​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

135. សូម​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​មេត្តាដល់​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គហើយ​សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ស្គាល់ច្បាប់​របស់​ព្រះ‌អង្គ​ផង!។

136. ទូលបង្គំ​បង្ហូរ​ទឹក​ភ្នែក​ឥត​ស្រាក‌ស្រាន្តដោយ​ឃើញ​គេ​មិន​គោរពតាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

137. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​សុចរិតវិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ!

138. ព្រះ‌អង្គ​ប្រទាន​ដំបូន្មាន​មក​ដោយ​សុចរិតនិង​ត្រឹម​ត្រូវ​បំផុត។

139. ទូលបង្គំ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំងដោយ​ឃើញ​បច្ចា‌មិត្ត​របស់​ទូលបង្គំបំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

140. ព្រះ‌បន្ទូល​សន្យា​បស់​ព្រះ‌អង្គសម្រេច​ជាក់​ស្តែង​ហើយទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គស្រឡាញ់​ព្រះ‌បន្ទូល​នេះ​ណាស់។

141. ទូលបង្គំ​ជា​មនុស្ស​តូច‌តាចហើយ​ត្រូវ​គេ​មើល‌ងាយ​ទៀត​ផងតែ​ទូលបង្គំ​មិន​ភ្លេច​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។

142. សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​នៅស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ចហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ជា​សេចក្ដី​ពិត។

143. ទូលបង្គំ​កើត​ទុក្ខ​អន្ទះ‌អន្ទែង​ជា​ខ្លាំងតែ​បទ‌បញ្ជា​របស់​ព្រះ‌អង្គធ្វើ​ឲ្យ​ទូលបង្គំ​មាន​អំណរ។

144. ដំបូន្មាន​របស់​ព្រះ‌អង្គ​សុចរិត​ជា‌និច្ចសូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត!

145. ឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​អង្វរ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្តសូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ!

146. ទូលបង្គំ​អង្វរ​ព្រះ‌អង្គសូម​សង្គ្រោះ​ទូលបង្គំ​ផងដើម្បី​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មានរបស់​ព្រះ‌អង្គ!

147. ទូលបង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គតាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀតទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

148. ទូលបង្គំ​សញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ​មួយ​យប់​ទល់​ភ្លឺ។

149. សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូលបង្គំឲ្យ​រស់​នៅ​តាម​វិន័យ​របស់​ព្រះ‌អង្គ។

150. អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំនាំ​គ្នា​ចូល​មក​ជិត​ទូលបង្គំអ្នក​ទាំង​នោះ​ឃ្លាត​ចេញ​ឆ្ងាយពី​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119