គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 119:12-29 Khmer Standard Version (KHSV)

12. ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គសូម​បង្រៀន​ឲ្យ​ទូលបង្គំស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ!

13. ទូលបង្គំ​រៀប​រាប់​អំពី​វិន័យ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។

14. ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាមដំបូន្មាន​របស់​ព្រះ‌អង្គដូច​ជា​ទូលបង្គំ​សប្បាយ​ចិត្តនឹង​មាន​សម្បត្តិ​ដ៏​ស្តុក‌ស្តម្ភ។

15. ទូលបង្គំ​នឹង​ពិចារណា​ពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គទូលបង្គំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះ‌អង្គ​ជា‌និច្ច។

16. ទូលបង្គំ​ពេញ​ចិត្ត​នឹង​ច្បាប់របស់​ព្រះ‌អង្គ​ខ្លាំង​ណាស់ទូលបង្គំ​មិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។

17. សូម​ប្រណី​សន្ដោស​ទូលបង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិតហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

18. សូម​បើក​ភ្នែក​ទូលបង្គំដើម្បី​ឲ្យ​ទូលបង្គំ មើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរដ៏​អស្ចារ្យ​នៃ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

19. ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្នលើ​ផែនដី​នេះ​ប៉ុណ្ណោះសូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះ‌អង្គនឹង​ទូលបង្គំ​ឡើយ។

20. ចិត្ត​ទូលបង្គំ​តែងតែ​ផ្តោត​ទៅ​រក​វិន័យ​ផ្សេងៗដែល​ព្រះ‌អង្គ​បង្គាប់​មក​ជា‌និច្ច។

21. ព្រះ‌អង្គ​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោងដែល​ជា​ជន​ត្រូវ​បណ្ដាសាវង្វេង​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

22. សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ទូលបង្គំកុំ​ឲ្យ​មាន​នរណា​មើល‌ងាយ​ទូលបង្គំ​ឡើយដ្បិត​ទូលបង្គំ​កាន់​តាម​ដំបូន្មានរបស់​ព្រះ‌អង្គ​ហើយ។

23. ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុប‌ឃិត​គ្នាប្រឆាំង​នឹង​ទូលបង្គំ​ក៏​ដោយទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គនៅ​តែ​សញ្ជឹង​គិត​ពី​ច្បាប់​របស់​ព្រះ‌អង្គ​ជា‌និច្ច។

24. ទូលបង្គំ​ពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះ‌អង្គ​ណាស់ដំបូន្មាន​ព្រះ‌អង្គ​ជួយ​ជា​គំនិត​ដល់​ទូលបង្គំ។

25. ទូលបង្គំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំងសូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រស់ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។

26. ទូលបង្គំ​រៀប​រាប់​អំពី​ដំណើរ​ជីវិត​របស់​ទូលបង្គំហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំសូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់របស់​ព្រះ‌អង្គ!។

27. សូម​ជួយ​ទូលបង្គំ​ឲ្យ​យល់​អំពី​អត្ថ‌ន័យនៃ​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ទូលបង្គំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​សម្តែង!។

28. ទូលបង្គំ​មាន​ទុក្ខ​សោក​សង្រេងសូម​លើក​ទឹក​ចិត្ត​ទូលបង្គំ​ឡើង​វិញដូច​ព្រះ‌អង្គ​បាន​សន្យា។

29. សូម​នាំ​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គងហើយ​ជួយ​ឲ្យ​ទូលបង្គំ​ប្រតិបត្តិ​តាមក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 119