គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 118:1-18 Khmer Standard Version (KHSV)

1. ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​សប្បុរសព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

2. សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ឡើង​ថា៖ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

3. សូម​ឲ្យ​កូន​ចៅ​របស់​លោក​អើរ៉ុនពោល​ឡើង​ថា៖ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

4. សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ព្រះ‌អម្ចាស់​ពោល​ឡើង​ថា៖ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

5. នៅ​ពេល​មាន​អាសន្ន ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ក៏​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​សេរី‌ភាព។

6. ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយតើ​មនុស្ស​លោក​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?

7. ដោយ​ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ហើយ​ជួយ​ខ្ញុំខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

8. ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​មនុស្ស។

9. ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​អ្នក​ធំ។

10. ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ឡោម‌ព័ទ្ធ​ខ្ញុំតែ​ខ្ញុំ​នឹង​កម្ទេច​ពួក​គេដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

11. ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​គ្រប់​ទិស‌ទីតែ​ខ្ញុំ​នឹង​កម្ទេច​ពួក​គេដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

12. ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ហ្វូង​ឃ្មុំតែ​ពួក​គេ​នឹង​ឆេះ​អស់​ទៅ​ដូច​ភ្លើង​ឆេះ​បន្លាខ្ញុំ​នឹង​កម្ទេច​ពួក​គេដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

13. គេ​បាន​ច្រាន​ខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ដួលតែ​ព្រះ‌អម្ចាស់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ។

14. ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំខ្ញុំ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ។

15. មនុស្ស​សុចរិត​នឹង​នាំ​គ្នា​ស្រែក​ហ៊ោនៅ​ក្នុង​ជំរំ​របស់​ខ្លួន ព្រោះ​តែ​មាន​ជ័យ‌ជំនះ ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកបដោយ​ឫទ្ធា‌នុភាព!

16. ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកបដោយ​ឫទ្ធា‌នុភាព។

17. ខ្ញុំ​នឹង​មាន​ជីវិត ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយហើយ​ខ្ញុំ​នឹង​រៀប​រាប់​អំពីស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់។

18. មែន​ហើយ ព្រះ‌អម្ចាស់​បាន​វាយ​ប្រដៅ​ខ្ញុំ​យ៉ាង​ខ្លាំងតែ​ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​ខ្ញុំ​ស្លាប់​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 118