1. ចូរលើកតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
2. គួរឲ្យអស់អ្នកដែលព្រះអម្ចាស់បានរំដោះមក ពោលសេចក្ដីនេះគឺអស់អ្នកដែលព្រះអង្គបានរំដោះឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
3. ហើយនាំពីប្រទេសនានាមកវិញគឺពីទិសខាងកើត ពីទិសខាងលិចពីទិសខាងជើង និងទិសខាងត្បូង។
4. អ្នកខ្លះវង្វេងនៅក្នុងវាលរហោស្ថានដ៏ហួតហែងរកស្រុកភូមិស្នាក់អាស្រ័យនៅពុំបានឡើយ។
5. ពួកគេឃ្លានអាហារ ស្រេកទឹកហើយបាត់បង់ទឹកចិត្ត។
6. ក្នុងពេលមានអាសន្នដូច្នេះគេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏រំដោះពួកគេឲ្យរួចផុតពីការភ័យបារម្ភ
7. ព្រះអង្គដឹកនាំគេតម្រង់ទៅក្រុងមួយដែលគេអាចស្នាក់អាស្រ័យនៅបាន។
8. អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណានិងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
9. ដ្បិតព្រះអង្គបានប្រទានទឹកឲ្យអ្នកដែលស្រេកហើយប្រទានអាហារបរិបូណ៌ដល់អស់អ្នកដែលឃ្លាន។
10. អ្នកខ្លះទៀតរស់នៅក្នុងទីងងឹតស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ជាប់ឃុំឃាំង ជាប់ច្រវាក់យ៉ាងសែនវេទនា
11. ដ្បិតពួកគេបានបះបោរប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់និងមាក់ងាយការប្រៀនប្រដៅរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
12. ព្រះអង្គធ្វើឲ្យពួកគេបាក់ស្បាតដោយសារទុក្ខវេទនាពួកគេធ្លាក់ទឹកចិត្ត ហើយគ្មាននរណាជួយពួកគេឲ្យក្រោកឡើងវិញបានឡើយ។
13. ក្នុងពេលមានអាសន្នដូច្នេះគេស្រែកអង្វរព្រះអម្ចាស់ព្រះអង្គក៏សង្គ្រោះពួកគេឲ្យរួចផុតពីការភ័យបារម្ភ
14. ព្រះអង្គនាំពួកគេចេញពីទីងងឹតស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ហើយព្រះអង្គបានផ្ដាច់ច្រវាក់ចេញពីពួកគេ។
15. អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណានិងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
16. ដ្បិតព្រះអង្គបានបំបែកទ្វារដែលធ្វើពីលង្ហិននិងកាច់បំបាក់សោរដែលធ្វើពីដែក។
17. អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាបនិងកំហុសដែលគេបានប្រព្រឹត្តបណ្ដាលឲ្យគេរងទុក្ខវេទនា។
18. គេលេបអាហារលែងចូលទៀតហើយគឺគេនៅជិតសេចក្ដីស្លាប់។
19. ក្នុងពេលមានអាសន្នដូច្នេះគេស្រែកអង្វរព្រះអម្ចាស់ព្រះអង្គក៏សង្គ្រោះពួកគេឲ្យរួចផុតពីការភ័យបារម្ភ។
20. ពេលព្រះអង្គមានព្រះបន្ទូល ពួកគេក៏បានជាព្រះអង្គបានរំដោះគេឲ្យរួចពីរណ្ដៅ។
21. អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណានិងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
22. គេត្រូវតែថ្វាយយញ្ញបូជាដើម្បីអរព្រះគុណព្រះអង្គហើយថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គដោយបទចម្រៀងដ៏សប្បាយ!
23. អស់អ្នកដែលធ្វើដំណើរតាមនាវានៅលើសមុទ្រហើយអស់អ្នកដែលរកស៊ីនៅតាមមហាសាគរ
24. បានឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់ព្រមទាំងការអស្ចារ្យរបស់ព្រះអង្គនៅសមុទ្រ។
25. ពេលព្រះអង្គមានព្រះបន្ទូលបញ្ជានោះស្រាប់តែមានខ្យល់ព្យុះបក់បោកមកបង្កើតជារលកធំៗ
26. លើកនាវាទាំងឡាយឡើងយ៉ាងខ្ពស់រួចធ្វើឲ្យធ្លាក់ចុះទៅវិញ រហូតដល់បាតសមុទ្រពួកគេត្រូវវេទនាអស់សង្ឃឹម។
27. ពួកគេវិលវល់ ហើយធីងធោងដូចមនុស្សស្រវឹងគេលែងដឹងថាត្រូវធ្វើយ៉ាងណាទៀតហើយ។
28. ក្នុងពេលមានអាសន្នដូច្នេះគេស្រែកអង្វរព្រះអម្ចាស់ព្រះអង្គក៏រំដោះពួកគេឲ្យរួចផុតពីការភ័យបារម្ភ។
29. ព្រះអង្គបានបញ្ឈប់ខ្យល់ព្យុះឲ្យនៅស្ងៀមទឹករលកក៏ស្ងប់ទៅវិញ។
30. អ្នកទាំងនោះមានអំណរដោយឃើញរលកស្ងប់ហើយព្រះអម្ចាស់ក៏នាំគេទៅដល់ត្រើយដែលគេប្រាថ្នាចង់ទៅ។
31. អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណានិងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
32. គេត្រូវតែលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំរបស់ប្រជាជនហើយសរសើរតម្កើងព្រះអង្គក្នុងអង្គប្រជុំរបស់ពួកព្រឹទ្ធាចារ្យ។
33. ព្រះអង្គបានធ្វើឲ្យទន្លេក្លាយទៅជាវាលរហោស្ថានធ្វើឲ្យប្រភពទឹករីងស្ងួត
34. ព្រះអង្គឲ្យទឹកដីដែលមានជីជាតិក្លាយទៅជាទឹកដីដែលមានសុទ្ធតែអំបិលព្រោះតែគំនិតអាក្រក់របស់អ្នកស្រុកនោះ។
35. ព្រះអង្គបានធ្វើឲ្យវាលរហោស្ថានប្រែទៅជាបឹងធ្វើឲ្យដីហួតហែងប្រែទៅជាប្រភពទឹក
36. ហើយព្រះអង្គនាំអស់អ្នកដែលស្រេកឃ្លានទៅរស់នៅទីនោះព្រមទាំងសង់ទីក្រុងសម្រាប់ស្នាក់អាស្រ័យផង។
37. ពួកគេសាបព្រោះ និងដាំចម្ការទំពាំងបាយជូរដែលផ្ដល់ភោគផលយ៉ាងបរិបូណ៌។
38. ព្រះអង្គប្រទានពរឲ្យពួកគេហើយពួកគេក៏បានកើនចំនួនឡើងជាច្រើនព្រះអង្គមិនបណ្ដោយឲ្យហ្វូងសត្វរបស់គេចុះអន់ថយឡើយ។
39. ពួកគេចុះអន់ថយ និងបាត់បង់កិត្តិយសដោយខ្មាំងសង្កត់សង្កិនរងទុក្ខវេទនា និងឈឺចុកចាប់។
40. ព្រះអង្គធ្វើឲ្យពួកអ្នកធំធ្លាក់ទៅក្នុងសភាពថោកទាប ហើយវង្វេងនៅក្នុងផ្លូវអន្តរាយ។
41. ប៉ុន្តែ ព្រះអង្គយកមនុស្សទុគ៌តចេញពីភាពវេទនាព្រះអង្គធ្វើឲ្យគ្រួសាររបស់គេមានកូនចៅជាច្រើន។
42. ពេលមនុស្សសុចរិតឃើញដូច្នេះគេនឹងមានអំណរសប្បាយតែមនុស្សទុច្ចរិតនឹងបិទមាត់យ៉ាងស្ងៀមស្ងាត់។
43. អស់អ្នកដែលមានប្រាជ្ញាត្រូវចងចាំសេចក្ដីនេះទុកហើយស្វែងយល់ពីស្នាព្រះហស្ដប្រកបដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់។